ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ទឹកជំនន់នៅចំណុចជាច្រើន នៃស្រុក ក្រុងខ្លះ នៅខេត្តបន្ទាយមានជ័យ បន្តហក់ឡើង បង្កអោយទឹកហូរកាត់ផ្លូវជាតិ ផ្លូវខេត្តជាច្រើនកន្លែងថែមទៀត ។ ទន្ទឹមនឹងនោះ គេក៏ត្រូវបង្វែរចរាចរណ៍។
ប្រភពព័ត៌មាន បានអោយកាសែតរស្មីកម្ពុជា ដឹងនៅថ្ងៃទី២២ ខែតុលា នេះថាៈ ទឹកជំន់ពីប្រទេសថៃ ដែលស្រុងចុះមកភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ពីថ្ងៃទី១៩ មកនោះ ក៏បានស្រកដោយអន្លើ តែវាបានស្រុងចុះទៅលិច នៅតំបន់ខាងក្រោម។

លើសពីនោះ អាងអូរខៃដន បានបាក់បង្កអោយទឹកលិចលង់ និងហូរកាត់ផ្លូវជាតិលេខ៥ ចន្លោះដើមពោធិយាយម៉ៅ ក្នុងសង្កាត់ផ្សារកណ្តាល ទៅកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ហើយទឹក ក៏បន្តស្រុងទៅតំបន់ក្រោម ហើយបង្កលិចហូរកាត់ផ្លូវជាតិលេខ៥ នៅចំណុចគុត្តសតស្រុកអូជ្រៅ។ វាក៏លិចចំណុចមួយចំនួន នៃកំណាត់ផ្លូវខេត្ត លេខ២៥៨ដេ (កូប -អូរបីជាន់)ផងដែរ ។
ហេតុនេះ រថយន្តធំធុនធ្ងន់ ត្រូវបង្វែរអោយចរាចរណ៍ តាមផ្លូវជាតិលេខ៥៨ ដោយចេញពីរង្វង់មូលស្ទឹងបត់ ទៅជើងសសៀរ តាមបណ្តោយព្រំដែន ហើយចេញតាមរង្វង់មូលបឹងត្រកួន កាត់ផ្លូវខេត្តលេខ២៥៦៣ ហើយបត់នៅទីរួមស្រុកថ្មពួក តាមផ្លូវជាតិលេខ៥៨ ទៅក្រុងសិរីសោភ័ណ ហើយដល់ភ្លើងស្តុបទី១ ត្រូវបត់ទៅកើតតាមផ្លូវជាតិលេខ៦ ឆ្ពោះទៅខេត្តសៀមរាប ។

ព្រោះថា ផ្លូវជាតិលរខ៥ កំណាត់សិរីសោភ័ណ -មង្គលបូរី -អូរញរ (ព្រំប្រទល់ខេត្តបាត់ដំបង) ត្រូវផ្អាកចរាចរណ៍ ជាបណ្តោះអាសន្ន បន្តទៀត។ ដ្បិតថា ស្ថានភាពទឹកជំនន់ ក៏បន្តហក់ឡើងលិចផ្លូវជាតិលេខ៥ នេះច្រើន ចំណុចបន្ថែមទៀត មកទល់ព្រលប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។
ប៉ុន្តែសម្រាប់យានយន្តតូច មធ្យម ធុនស្រាល និងមធ្យោបាយដឹកជញ្ជូនផ្សេងទៀត មិនផ្អាកឆ្លងកាត់ ចំណុចនៃកំណាត់ផ្លូវជាតិ ផ្លូវខេត្ត ដូចខាងលើឡើយ តែត្រូវប្រុងប្រយ័ត្ន និងទទួលខុសត្រូវគ្រោះថ្នាក់ ដោយខ្លួនឯង៕S/

រូបថត ៖ ទឹកជំនន់នៅបន្ទាយមានជ័យបន្តហក់ឡើង បង្កអោយទឹកហូរកាត់ផ្លូវជាច្រើនកន្លែងថែមទៀត និងបង្វែរចរាចរណ៍ (រូប៖ ប.ជ័យ )