Home ព័ត៌មានជាតិ នយោបាយ លោកស្រី អេវ៉ា...

លោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា៖ «តើមជ្ឈមណ្ឌលឯកសារកម្ពុជា បង្រៀនប្រវត្តិសាស្រ្តខ្មែរក្រហមដល់ក្មេងៗជំនាន់ក្រោយយ៉ាងដូចម្តេច»?

ដោយ៖ អ៊ុន សុដាវី អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត លោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា និងបុគ្គលិកចំនួន ១២នាក់ របស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បាន មកទស្សនកិច្ចនៅមជ្ឈមណ្ឌលឯកសារកម្ពុជានាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងអ្នកស្រី សូ ហ្វារីណា បង្ហាញពីទីតាំងការិយាល័យរបស់មជ្ឈមណ្ឌលឯកសារកម្ពុជានៅតាមបណ្តាខេត្ត ដល់គណប្រតិភូស្ថានទូតបារាំងដែលដឹកនាំដោយអ្នកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា។ (សន ប៊ុនស៊ីម/មជ្ឈមណ្ឌលឯកសារកម្ពុជា)

មជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាស្ថាប័នឯករាជ្យមួយដែលធ្វើការទៅលើការប្រមូលនិងចងក្រងឯកសារពីរបបខ្មែរក្រហម។ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានទទួលស្វាគមន៍លោកស្រី អេវ៉ា ង្វៀន ប៊ិញ និងបុគ្គលិក អំឡុងពេលមកទស្សនកិច្ចនៅមជ្ឈមណ្ឌលឯកសារកម្ពុជា។ លោក ឆាំង យុ បានចាប់ផ្តើមបង្ហាញអំពីរូបគំនូរមួយផ្ទាំង ដែលមានឈ្មោះថា វាលស្រ្តីមេម៉ាយ។ រូបគំនូរវាលស្រ្តីមេម៉ាយ គឺជារូបគំនូរគូរដោយវិចិត្រករខ្មែរមួយរូបដែលរស់រានមានជីវិត ពីសម័យ ប៉ុល ពត ឈ្មោះ ស្វាយ គេន និងជាអំណោយដោយផ្ទាល់ខ្លួនរបស់លោកស្រី ឡាទីត្យា វ៉ាន់ឌេន អាស៊ូម អគ្គរដ្ឋទូតហូឡង់ប្រចាំប្រទេសកម្ពុជា ជូនមជ្ឈមណ្ឌលឯកសារកម្ពុជា។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមភាគច្រើនគឺជាស្រ្តី។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ស្រ្តីកម្ពុជាទាំងអស់បានដើរតួរនាទីយ៉ាងសំខាន់នៅក្នុងការកសាងប្រទេសកម្ពុជាឡើងវិញ។ លោក ឆាំង យុ បានលើកឡើងថា «សព្វថ្ងៃនេះ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម កំពុងតែប្រឈមមុខនឹងជំងឺ រួមមានការប៉ះទង្គិចផ្លូវចិត្ត និងជំងឺផ្លូវកាយដូចជាជំងឺបេះដូងជាដើម។ ដូច្នេះ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ត្រូវការការយកចិត្តទុកដាក់ឲ្យបានប្រសើរលើសពីធម្មតា»។

រូបគំនូរអំពីជនរងគ្រោះពីរបបខ្មែរក្រហម។ (សន ប៊ុនស៊ីម/មជ្ឈមណ្ឌលឯកសារកម្ពុជា)

លោក ឆាំង យុ បានបង្ហាញអំពីសៀវភៅដែលបានបោះពុម្ពផ្សាយទៅលើប្រធានបទខុសៗគ្នាអំពីរឿងរ៉ាវដែលទាក់ទងទៅនឹងរបបខ្មែរក្រហម។ សៀវភៅទាំងអស់នោះ ចងក្រងឡើងដោយសាស្រ្តាចារ្យជាតិនិងអន្តរជាតិ និងបុគ្គលិករបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានទៅបន្តការសិក្សានៅបរទេស ដែលមានចំនួន៦០សៀវភៅ។ សៀវភៅទាំងអស់នោះ និពន្ធឡើងប្រកបដោយភាពប្រុងប្រយ័ត្ន និងបានធ្វើការសិក្សាស្រាវជ្រាវយ៉ាងច្បាស់លាស់, ជួបសម្ភាសផ្ទាល់ជាមួយនឹងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសិក្សាស្វែងយល់ទៅលើឯកសារដើមជាច្រើនទៀត។ នៅក្នុងនោះដែរ មជ្ឈមណ្ឌលឯកសារកម្ពុជា បានបោះពុម្ពសៀវភៅណែនាំសម្រាប់គ្រូបង្រៀន ដើម្បីជាជំនួយស្មារតីដល់គ្រូបង្រៀន និងថែមទាំងសៀវភៅស្តីអំពី ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ សម្រាប់សិស្សនិងអ្នកសិក្សាស្រាវជ្រាវ។

សិស្សវិទ្យាល័យអង្គរស ក្នុងស្រុកមេសាង ខេត្តព្រៃវែង កំពុងសិក្សាប្រវត្តិសាស្រ្តខ្មែរក្រហម ដែលធ្វើបទបង្ហាញដោយលោក ផេង ពង្សរ៉ាស៊ី នាយកគម្រោងអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។ (ផាត សិលា/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ដំណើរការនៃការដាក់បង្រៀនប្រវត្តិសាស្រ្តខ្មែរក្រហមដល់សិស្សានុ សិស្សគឺចាប់ផ្តើមឡើងតាំងពីឆ្នាំ២០០២ ដែលពេលនោះ មជ្ឈមណ្ឌលឯកសារកម្ពុជា បានចាប់ផ្តើមទំនាក់ទំនងជាមួយនឹងរាជរដ្ឋាភិបាលអំពីការដាក់បញ្ចូលការបង្រៀនប្រវត្តិសាស្រ្តខ្មែរក្រហមនៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជននិងកីឡា។ នៅក្នុងឆ្នាំ២០០៧ មជ្ឈមណ្ឌលឯកសារកម្ពុជា បានធ្វើការបង្រៀនសាកល្បងអំពីប្រវត្តិសាស្រ្តខ្មែរក្រហម ហើយនៅក្នុងឆ្នាំ២០០៩ មជ្ឈមណ្ឌលឯកសារកម្ពុជា បានចាប់ផ្តើមអនុវត្តគម្រោងបង្រៀនប្រវត្តិសាស្រ្តខ្មែរក្រហម។ ការបង្រៀនអំពីរបបខ្មែរក្រហមដល់ក្មេងៗជំនាន់ក្រោយ មិនត្រឹមតែធ្វើឡើងនៅក្នុងថ្នាក់រៀនតែប៉ុណ្ណោះទេ ប៉ុន្តែអ្នកស្រាវជ្រាវ សិស្ស និងនិស្សិត អាចរៀនសូត្រអំពីរបបខ្មែរក្រហមនៅមជ្ឈមណ្ឌលឯកសារកម្ពុជា និងនៅតាមសហគមន៍។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្កើតបណ្ណាល័យ ដែលមានតម្កល់ឯកសាររួមមានឯកសារទាក់ទងទៅនឹងឯកសារស្តីអំពីសិទ្ធិមនុស្ស,ឯកសារប្រវត្តិសាស្រ្ត,កិច្ចព្រមព្រៀងនានា និងឯកសារដែលទទួលបានពីអង្គការផ្សេងៗ។ មជ្ឈមណ្ឌលឯកសារកម្ពុជា មានតម្កល់ឯកសារប្រវត្តិសាស្រ្តខ្មែរក្រហមជាង១លានឯកសារ ដែលឯកសារទាំងអស់នោះកំពុងស្ថិតនៅក្នុងដំណើរការរៀបចំចុះលេខ, បញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យ និងថតចម្លង ដើម្បីរក្សាទុកនៅក្នុងម៉ាស៊ីនផ្ទុកទិន្នន័យឌីជីថលរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ ឯកសារទាំងអស់មានជាច្រើនភាសាដូចជា ភាសាបារាំង, អង់គ្លេស, វៀតណាម, ចិន, ស៊ុយអែត និងភាសាផ្សេងៗទៀត។ បណ្ណាល័យរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បានទទួលស្វាគមន៍ទាំងនិស្សិតនិងអ្នកស្រាវជ្រាវជនជាតិខ្មែរនិងបរទេសប្រហែល ៦០០ នាក់ក្នុងមួយខែៗ ដែលមកសិក្សាស្រាវជ្រាវនៅទីនេះ។

ក្រៅពីនេះ មជ្ឈមណ្ឌលឯកសារកម្ពុជា បានរៀបចំការតាំងពិព័រណ៍ និងការចាក់បញ្ចាំងខ្សែភាពយន្តនៅតាមភូមិឃុំ។ ការចាក់បញ្ចាំងខ្សែភាពយន្តអំពីរបបខ្មែរក្រហម គឺជាវិធីសាស្រ្តមួយងាយស្រួលពន្យល់អំពីប្រវត្តិសាស្រ្តនិងរឿងរ៉ាវដែលបានកើតឡើងនៅពេលនោះ។

ជាចុងក្រោយ លោក ឆាំង យុ បានបង្ហាញអំពីផែនទីមួយផ្ទាំង ដែលជាទីតាំងផ្សេងៗនៅតាមខេត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅក្នុងចំណោមទីតាំងទាំងអស់នោះ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង គឺជាមជ្ឈមណ្ឌលមួយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលមានទីតាំងនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។ អន្លង់វែង គឺជាតំបន់តស៊ូចុងក្រោយរបស់ក្រុមខ្មែរក្រហម ហើយភាគច្រើនអ្នករស់នៅទីនោះគឺជាអតីតកម្មាភិបាលនិងសាច់ញាតិរបស់ពួកគេ។ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង មានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាទៅកាន់តំបន់អន្លង់វែង ហើយជារឿយៗសិស្សានុសិស្សនៅទីក្រុងភ្នំពេញ និងអ្នកស្រាវជ្រាវបានធ្វើដំណើរទៅទស្សនាស្រុកអន្លង់វែង។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានអនុញ្ញាតនិងគាំទ្រដល់អ្នកស្រាវជ្រាវទាំងជនជាតិខ្មែរនិងបរទេស ដែលមានបំណងចង់ទៅស្វែងយល់បន្ថែមនៅតាមខេត្ត ឬជួបផ្ទាល់ជាមួយនឹងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ លោក ឆាំង យុ បានលើកឡើងថា «ការសន្ទនា គឺជាការផ្សះផ្សា។ នៅក្នុងរបបខ្មែរក្រហម មិនមែនអ្វីៗសុទ្ធតែអាក្រក់និងតក់ស្លុតគ្រប់ពេលវេលានោះទេ។ អ្នកអាចចាប់ផ្តើមស្គាល់គ្នាតាមរយៈការសន្ទនាអំពីការចងចាំល្អៗ ដូចជា អំពីផ្កា ទឹកភ្លៀង និងរឿងរ៉ាវផ្សេងៗទៀត។ នៅតំបន់អន្លង់វែង អ្នកអាចទៅទស្សនាទីតាំងប្រវត្តិសាស្រ្តចំនួន១៤កន្លែង។ អ្នកអាចនិយាយទៅកាន់ប្រជាជននៅទីនោះអំពីជីវិតរបស់គាត់ផ្ទាល់។ អ្នកអាចជួបនឹងអតីតកម្មាភិបាលខ្មែរក្រហម ហើយអ្នកក៏អាចស្វែងយល់អំពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងសហគមន៍មួយ”៕ /R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...