ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Huawei មានកាមេរ៉ាដែលបានកែលម្អប្រសើរជាងមុន បន្ទះឈីបទំនើបចុងក្រោយបង្អស់ និងមានថាមពលថ្មល្អប្រសើរ។ អ្វីដែលក្រុមហ៊ុនប្រហែលជាមិនមាននៅខាងក្រៅទីផ្សារប្រទេសចិនគឺមានអ្នកទិញក្នុងស្រុកយ៉ាងច្រើនសម្បើម។

កាលពីថ្ងៃព្រហស្បតិ៍ទី២២តុលា ក្រុមហ៊ុន Huawei ដែលបានក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនលេខ ១ នៅលើពិភពលោក បានបង្ហាញទូរស័ព្ទទំនើប Mate 40 របស់ខ្លួនដែលជាផលិតផលចេញមកនៅពេលដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន ខណៈពេលដែលខ្លួនមិនអាចធ្វើអ្វីបានដូចពីមុនដោយសារតែការដាក់ទណ្ឌកម្មពីសហរដ្ឋអាម៉េរិក​ដែលរឹតត្បិតសមត្ថភាពរបស់ក្រុមហ៊ុនចំពោះប្រភពគ្រឿងបន្លាស់និងសូហ្វវែ។

ស្មាតហ្វូន Mate 40 ប្រហែលជាម៉ូដែលចុងក្រោយដែលបំពាក់ដោយបន្ទះឈីប Kirin ក្នុងស្រុករបស់ក្រុមហ៊ុនដោយសារតែការរឹតត្បិតរបស់សហរដ្ឋអាម៉េរិកកាលពីខែឧសភា ដែលរារាំងក្រុមហ៊ុនមិនមែនជារបស់អាម៉េរិកមិនឱ្យប្រើប្រាស់បច្ចេកវិជ្ជារបស់អាម៉េរិកនៅក្នុងផលិតកម្មដោយគ្មានអាជ្ញាប័ណ្ណ។

ក្រុមអ្នកវិភាគនិយាយថាក្រុមហ៊ុនបានស្តុកទុកបន្ទះឈីបជាច្រើន មុនពេលការហាមឃាត់ ប៉ុន្តែការផ្គត់ផ្គង់នឹងមិនមានជារៀងរហូតនោះទេ។

លោក ម៉ូ ចៀ ជាអ្នកវិភាគនៅក្រុមហ៊ុនស្រាវជ្រាវឯករាជ្យ Canalys បាននិយាយថា “នេះគឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ក្រុមហ៊ុន Huawei ហើយក្រុមហ៊ុនពិតជាបាត់បង់ទីផ្សាររបស់ខ្លួននៅខាងក្រៅប្រទេសចិន”។ ការរឹតត្បិតចុងក្រោយរបស់សហរដ្ឋអាម៉េរិកមានន័យថា “១០០% គឺអាម៉េរិកបិទទ្វារមិនឱ្យក្រុមហ៊ុន Huawei ទទួលបានគ្រឿងបន្លាស់ក្នុងពេលអនាគតនោះឡើយ”។

ពួកនាយកប្រតិបត្តិបាននិយាយនៅរដូវក្តៅនេះថា ការផលិតបន្ទះឈីប Kirin នឹងបញ្ចប់នៅពាក់កណ្តាលខែកញ្ញាព្រោះវាត្រូវបានផលិតដោយអ្នកម៉ៅការដែលត្រូវការបច្ចេកវិជ្ជាផលិតកម្មរបស់សហរដ្ឋអាម៉េរិក។ នៅក្នុងសន្និសីទសារព័ត៌មាននៅសប្តាហ៍នេះ មុនការចេញលក់ស្មាតហ្វូន Mate 40 បុគ្គលិកបានបដិសេធមិនឆ្លើយសំណួរស្តីពីសមត្ថភាពរបស់ក្រុមហ៊ុន Huawei ក្នុងការស្វែងរកប្រភពបន្ទះឈីបនោះទេ។

ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Huawei គឺលោករីឆាត យូ បានលើកឡើងយ៉ាងខ្លីកាលពីថ្ងៃព្រហស្បតិ៍ថា “សម្រាប់ Huawei សព្វថ្ងៃយើងកំពុងស្ថិតក្នុងគ្រាដ៏លំបាកបំផុត។ យើងកំពុងរងគ្រោះពីការហាមឃាត់លើកទីបីពីរដ្ឋាភិបាលអាម៉េរិក។ វាជាការហាមឃាត់ដ៏អយុត្តិធម៌។ វាធ្វើឱ្យស្ថានភាពមានការលំបាកខ្លាំងបំផុត”។

Huawei ដែលជាអ្នកផ្គត់ផ្គង់ធំមួយនៃឧបករណ៍បណ្តាញឥតខ្សែ កំពុងប្រឈមសម្ពាធនៅក្នុងសង្គ្រាមរីកធំឡើងរវាងអាម៉េរិកនិងចិនជុំវិញឧត្តមភាពពាណិជ្ជកម្មនិងបច្ចេកវិជ្ជា។ កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលអាម៉េរិកក្នុងការបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តនៅអឺរ៉ុបឱ្យបោះបង់ចោលបណ្តេញឥតខ្សែ 5G ល្បឿនលឿនថ្មីជុំវិញការបារម្ភអំពីសន្តិសុខជាតិ ទទួលបានផលផ្លែផ្កា ខណៈប្រទេសជាច្រើនរួមទាំងស៊ុយអែតនិងចក្រភពអង់គ្លេសបានហាមឃាត់ឧករណ៍បណ្តាញឥតខ្សែរបស់ Huawei៕ ដោយ ៖ កញ្ញាដាលីស

ស្មាតហ្វូន Mate 40 ចេញស្របពេលអាម៉េរិកដាក់ចេញបម្រាមលើកទី៣ រឹតត្បិតក្រុមហ៊ុនមិនឱ្យទទួលបានគ្រឿងបន្លាស់និងសូហ្វវែក្នុងពេលអនាគត