Home ព័ត៌មានអន្តរជាតិ ត្រាំនិងបាយដិ...

ត្រាំនិងបាយដិនប៉ះសម្តីគ្នារឿងកូវីដ១៩និងហែកហួររឿងផ្ទាល់ខ្លួននៅឯការជជែកដេញដោលរបស់បេក្ខជនប្រធានាធិបតីវគ្គចុងក្រោយ

បេក្ខជនបក្សប្រជាធិបតេយ្យលោក ចូ បាយដិន បានធ្វើការរិះគន់ជាថ្មីចំពោះការគ្រប់គ្រងរបស់ប្រធានាធិបតីដូណាល់ត្រាំចំពោះជំងឺកូវីដ១៩នៅការជជែកដេញដោលវគ្គចុងក្រោយកាលពីថ្ងៃព្រហស្បតិ៍ ទី២២ តុលា មុនពេលការបោះឆ្នោតនៅសហរដ្ឋអាម៉េរិកនៅថ្ងៃទី ៣ ខែវិច្ឆិកា ខណៈដែលលោកត្រាំបានចោទប្រកាន់អំពីអំពើពុករលួយគ្មានមូលដ្ឋានលើលោកបាយដិននិងក្រុមគ្រួសាររបស់គាត់។

លោកត្រាំបេក្ខជនរបស់បក្សសាធារណរដ្ឋ ដំបូងឡើយ បានប្រកាន់ខ្ជាប់នូវសំឡេងអត់ធ្មត់ជាងពេលដែលលោកបានធ្វើកន្លងមក នៅពេលជជែកដេញដោលប្រធានាធិបតីលើកដំបូងកាលពីខែកញ្ញា ដែលត្រូវបានបង្អាក់ដោយការរំខានឥតឈប់ឈរ។

ប៉ុន្តែការប៉ះទង្គិចគ្នាកាលពីថ្ងៃព្រហស្បតិ៍នៅតែបង្ហាញពីការវាយប្រហាររឿងផ្ទាល់ខ្លួនរវាងបុរសពីរនាក់នេះ ដែលសបញ្ជាក់ថាអ្នកទាំងពីរមិនគោរពគ្នាទៅវិញទៅមកទេ។

ការជួបតទល់មុខគ្នាតាមកញ្ចក់ទូរទស្សន៍នៅទីក្រុងណាស់វីល រដ្ឋថេនណេសស៊ី គឺតំណាងឱ្យឱកាសសេសសល់របស់លោកត្រាំក្នុងការស្តារឡើងវិញនូវយុទ្ធនាការបោះឆ្នោតរបស់គាត់ ដែលគ្របដណ្តប់ដោយជំងឺរាតត្បាត ដែលសម្លាប់មនុស្សជាង ២២១.០០០ នាក់នៅសហរដ្ឋអាម៉េរិកនិងបំផ្លិចបំផ្លាញសេដ្ឋកិច្ច។

ការស្ទង់មតិនានាបង្ហាញថា លោកត្រាំកំពុងចាញ់ប្រៀបលោកបាយដិន ទោះបីជាការប្រកួតប្រជែងមានភាពប្រកៀកប្រកិតនៅក្នុងរដ្ឋសមរភូមិខ្លះ ដែលទំនងជានឹងសម្រេចលើការបោះឆ្នោតក៏ដោយ។

លោកបាយដិននិយាយថា “អ្នកដែលទទួលខុសត្រូវចំពោះការស្លាប់ដ៏ច្រើនបែបនេះ មិនគួរនៅធ្វើជាប្រធានាធិបតីអាម៉េរិកឡើយ។ យើងហៀបនឹងចូលទៅរករដូវរងាដ៏ខ្មៅងងឹត។ រដូវរងាខ្មៅងងឹត ហើយគាត់នៅមិនទាន់មានផែនការច្បាស់លាស់ទៀត”។

លោកត្រាំបាននិយាយការពារវិធីសាស្រ្តរបស់គាត់ចំពោះជំងឺរាតត្បាត ហើយអះអាងថា ជំងឺរាតត្បាតអាក្រក់បំផុតគឺកើតឡើងកាលពីអតីតកាល។

លោកត្រាំ ដែលបាននិយាយសម្រាលអំពីវីរុសកូរ៉ូណារាប់ខែបាននិយាយថា “យើងកំពុងជិតបញ្ចប់វាហើយ។ វានឹងបាត់ទៅវិញ”។

គាត់បានបន្ថែមទៀតថា “ខ្ញុំបាននៅក្នុងមន្ទីរពេទ្យ ខ្ញុំបានឆ្លងវាហើយ។ ខ្ញុំបានធូរស្បើយច្រើនហើយ។ មនុស្សកាន់តែធូរស្បើយច្រើនឡើង។ យើងមានបញ្ហា ដែលជាបញ្ហាទូទាំងពិភពលោក។ ខ្ញុំត្រូវបានអបអរសាទរដោយប្រមុខនៃប្រទេសជាច្រើនលើអ្វីដែលយើងអាចធ្វើបាន”។

លោកត្រាំក៏បានអះអាងផងដែរថា វ៉ាក់សាំងអាចនឹងមាននៅប៉ុន្មានសប្តាហ៍ទៀត។

អ្នកជំនាញភាគច្រើនរួមទាំងមន្រ្តីរដ្ឋបាលផងបាននិយាយថា វ៉ាក់សាំងទំនងជាមិនអាចរកបានឆាប់ៗទេរហូតដល់ពាក់កណ្តាលឆ្នាំ ២០២១ ។

ការស្ទង់មតិជាច្រើនបង្ហាញថា ប្រជាជនអាម៉េរិកភាគច្រើនមិនពេញចិត្តនឹងការឆ្លើយតបរបស់ប្រធានាធិបតីចំពោះវីរុសកូរ៉ូណានោះទេ។

លោកត្រាំបានបន្តការចោទប្រកាន់ដដែលៗថា លោកបាយដិននិងកូនប្រុសឈ្មោះ ហាន់ធឺ បានពាក់ព័ន្ធក្នុងការប្រព្រឹត្តខុសក្រមសីលធម៌នៅចិននិងអ៊ុយក្រែន។

គ្មានភស្តុតាងណាមួយបញ្ជាក់អំពីការចោទប្រកាន់នេះទេ ហើយលោកបាយដិនបានហៅការចោទប្រកាន់នេះថាក្លែងក្លាយនិងមួលបង្កាច់។

ការប្រឹងប្រែងរបស់ត្រាំដើម្បីគាស់កកាយរឿងអាក្រក់ៗនៃទំនាក់ទំនងមុខជំនួយរបស់លោកហាន់ធឺ បាយដិននៅអ៊ុយក្រែន បាននាំទៅដល់ការចោទប្រកាន់នៅសភាដើម្បីដកតំណែងប្រធានាធិបតីរបស់គាត់។

លោកប្រធានាធិបតីនិងកូនៗរបស់គាត់ត្រូវបានចោទប្រកាន់អំពីជម្លោះផលប្រយោជន៍ ចាប់តាំងពីពួកគេចូលមកសេតវិមានក្នុងឆ្នាំ ២០១៧ ភាគច្រើនគឺពាក់ព័ន្ធនឹងអចលនទ្រព្យអន្តរជាតិនិងមុខជំនួញសណ្ឋាគាររបស់គ្រួសារគាត់។

លោកបាយដិនបាននិយាយការពារគ្រួសាររបស់គាត់ និងនិយាយច្បាស់ម៉ាត់ៗថា គាត់មិនដែលរកលុយបានសូម្បី “មួយសេន” ពីទឹកដីបរទេសឡើយ មុនពេលងាកមកចោទត្រាំថាព្យាយាមបង្វែរការចាប់អារម្មណ៍របស់ពលរដ្ឋអាម៉េរិក។

សម្លឹងមើលចំៗកាមេរ៉ា លោកបាយដិននិយាយថា “វាមានហេតុផល ដែលគាត់លើកយករឿងអត់ប្រយោជន៍មកនិយាយ។ វាមិនមែនអំពីគ្រួសារគាត់និងគ្រួសារខ្ញុំទេ។ វាគឺអំពីគ្រួសាររបស់គាត់ និង ផលប៉ះពាល់ដ៏អាក្រក់នៃគ្រួសាររបស់គាត់”។

លោកបាយដិនបានចោទត្រាំថាគេចវេសពីការទទួលខុសត្រូវអំពីជំងឺរាតត្បាត។

លោកត្រាំតបវិញថា “ខ្ញុំសូមទទួលខុសត្រូវទាំងស្រុង។ វាមិនមែនជាកំហុសរបស់ខ្ញុំទេ ដែលមេរោគមកដល់ទីនេះ វាជាកំហុសរបស់ចិន”។

លោកបាយដិនក៏ចោទលោកត្រាំថាគេចវេសពន្ធផងដែរ ដោយយោងលើការស៊ើបអង្កេតរបស់កាសែតញូវយ៉កថែមស៍ ដែលរាយការណ៍ថា ពន្ធប្រាក់ចំណូលរបស់ត្រាំបង្ហាញថា គាត់សឹងតែមិនបានបង់ពន្ធសហព័ន្ធទាល់តែសោះក្នុងអំឡុងពេលជាង២០ឆ្នាំមកនេះ។

លោកបាយដិននិយាយថា “បញ្ចេញឱ្យគេដឹងទៅអំពីពន្ធលើប្រាក់ចំណូលរបស់លោក មិនចឹងទេឈប់និយាយពីរឿងពុករលួយ”។

លោកត្រាំនិយាយថាលោកនឹងបញ្ចេញចំណូលឱ្យគេដឹងល្គឹកណាសវនកម្មគួរឱ្យទុកចិត្តត្រូវបានធ្វើរួចរាល់៕ ដោយ ៖ កញ្ញាដាលីស

លោកបាយដិន និងលោកត្រាំប៉ះសម្តីគ្នារឿងផ្ទាល់ខ្លួនជាថ្មីម្តងទៀតនៅឯការជជែកដេញដោលកាលពីថ្ងៃព្រហស្បតិ៍

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...