ឆ្នាំជូត
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកកើតបញ្ហាតប់ប្រម៉ល់និងពិសេសងាយកើតរឿងរាវចម្រូងចម្រាសជាមួយអ្នកដទៃផងគប្បីប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។ក្រៅពីនេះក៏មិនសូវផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើដំណើរផ្លូវឆ្ងាយផងដែរ។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញផ្លូវឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពប្រទាំងប្រទើសច្រើនបន្តិចហើយឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។
រីឯសេចក្តីស្នេហាកំលោះក្រមុំមានដំណើរទៅមុខយឺតៗនិងងាយថយក្រោយណាស់៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះទោះធ្វើអ្វីក៏តែងមានភាពភ្លឺថ្លាហើយការប្រកបការងារក៏មាន លក្ខណៈជឿនលឿនផងដែរ។ការប្រកបការងារទោះជួបភាពតានតឹងបន្តិចតែក៏នៅសម្រេចជោគជ័យជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះលាភហេងធ្លាប់តែបោលហួសឬជួបភាពតានតឹងបានផ្លាស់ប្តូរមកធូរស្រាលហើយបើមានក្រុមអតិថិជនជំពាក់ប្រាក់កាសគេអាចយក មកសងវិញទៀតផង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកស្គាល់ចិត្ត ស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អក្នុងការរៀបចំផ្សំផ្គុំជាគ្រូសារបំផុត៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នក ទំនាក់ទំនងការងារឬចរចាលើបញ្ហាអ្វីមួយតែងទទួលជោគជ័យច្រើនផង។ក្រៅពីនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តការងារឬប្រកបការងារអ្វីមួយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការចម្រើនលូតលាស់ទៅមុខគួរសមហើយភាពសុខដុមក៏កើតមានច្រើនដែរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំបើលោកអ្នកមានការចង់ទំនាក់ទំនងស្នេហាឬសម្រេចចិត្តចូលនិយាយដល់ចាស់ទុំសម្រាប់ផ្សំផ្គុំគ្រួសារតែងជួបជោគសំណាងច្រើនផង៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះការប្រកបការងារតែងរាំងស្ទះនិងមានបញ្ហាច្រើនចំពោះមុខហេតុនេះគប្បីមានការប្រយ័ត្នប្រយែង។ក្រៅពីនេះបើលោកអ្នកប្រកបការងារអ្វីតែងមានការបាំងភ្នែកបាំងចិត្តនាំឱ្យមិនសុខស្រួលចិត្តនោះឡើយ។ចំណែកដំណើរជីវិតរបស់លោកអ្នកប្រកបរបររកស៊ីជួញដូរវិញមានការលំបាកច្រើនពិសេសឱ្យប្រយ័ត្នកើតជម្លោះវិវាទណាមួយឡើងថែមទៀត។
សម្ព័ន្ធស្នេហាប្រុសស្រីចូរប្រយ័ត្នអ្នកក្រៅញុះញង់ចាក់ដោតនាំកើតជម្លោះវិវាទ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីដោយបើមានការត្រៀមបានល្អនោះឃើញថាផលជាផ្លែផ្កាតែងផ្តល់ឱ្យនៅពេលក្រោយវិញជាក់ជាពុំខាន។អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ការរស់នៅមានភាពសុខដុមគួរសម ហើយបើចង់ដោះស្រាយជម្លោះវិវាទក៏ជាពេលវេលាល្អប្រពៃណាស់ដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាផលមិនល្អងាយកើតឡើងជាងសព្វមួយដង។ក្នុងថ្ងៃនេះដែរដោយសារដួងរាសីដាំក្បាលចុះដូចនេះការប្រកបការងារអ្វីត្រូវប្រយ័ត្នប្រយែងបើពុំនោះពិតជាត្រូវរែកពន់ផលលំបាកនៅពេលក្រោយវិញជាក់ជាពុំខាន។អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទីជិតឆ្ងាយមិនទាន់ភ្លឺថ្លាប៉ុន្មានទេគឺអួអាប់ណាស់ហើយផលចំណូលនោះទៀតសោតក៏ជួបការលំបាកដូចនេះទាល់តែខិតខំខ្លាំងបន្តិច ទើបអាចរកប្រាក់ចំណូលគ្រាន់ធូរចិត្តទៅរួច។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការទៅមុខយឺតតែងាយថយក្រោយដូចនេះចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការប្រេះស្រាំរហូតក្លាយជារឿងបែកបាក់៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកមានការរីកលូតលាស់សន្សឹមៗ ទៅមុខជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរឯការសងមកវិញតឹង ដូចអូសឬស្សីបញ្ច្រាសចុងហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទគ្នាថែមទៀត។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នភាពប្រចែប្រច័ណ្ឌកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកប្រៀបដូចទឹកនឹងល្អហើយដំណើរជីវិតមានការលូតលាស់ទៅមុខគួរសមផងដែរ។ក្នុងពេលនេះលោកអ្នកគួររក្សាភាពស្ងប់ស្ងាត់ហើយរក ពេលវេលាសម្រាកឱ្យបានច្រើនទើបជាការប្រពៃបំផុត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញដាច់មួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរតែយ៉ាងណាឱ្យប្រយ័ត្នគ្រោះចាញ់បោកគេបន្តិចព្រោះងាយរងគ្រោះណាស់។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំដើរហើរពាសវាកាលប្រយ័ត្នការសប្បាយក្លាយជាទុក្ខ៕
ឆ្នាំវក
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងរាំងស្ទះ និងជួបនូវផលលំបាកច្រើនចំពោះ មុខផង។ ការប្រកបការងារទាំងស្ត្រីបុរសបើមើលឃើញថាអ្នកដទៃគេរំលោភបំពានឬបង្កហេតុ ចង់ចាញ់ឈ្នះលោកអ្នកត្រូវធ្វើមិនដឹងមិនឮខ្លះទើបប្រសើរពីព្រោះមិននាំកើតរឿងរាវត្រូវឈឺក្បាល។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយលោកអ្នកមិនអាចលោភលន់បានដែរហើយបើឃើញថារបស់អ្វីដែលអាចបញ្ចេញលក់ឬមានការផ្លាស់ប្តូរគប្បីបញ្ចេញឱ្យអស់។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមិនមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារដែលសំខាន់ពីព្រោះថាផលល្អៗតែងហុចមកវិញគ្រាន់ជាទីកក់ក្តៅ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទីជិតឆ្ងាយតែងហុចផលជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផង។ការធ្វើដំណើរឆ្ងាយជិតទោះដួងរាសីល្អប្រសើរក្តីតែលោកអ្នកគប្បីប្រុងប្រយ័ត្នផងដែរពីព្រោះថាឧបទ្រពចង្រៃមានយាយីនៅឡើយ ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការចុះសម្រុងនិងមានភាពស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំច
រាសីស្រុតចុះ។ ដោយសារនៅថ្ងៃនេះយីអ៊ុនរបស់លោកអ្នកស្រុតចុះ ដូច្នេះធ្វើអ្វីៗមិនអាចប្រមាថ បានទេបើពុំនោះអាចត្រូវជួបរឿងរាវណាមួយនាំអំពលទុក្ខជាក់ជាពុំខាន។ការរស់នៅចូរប្រយ័ត្នជំងឺចាស់លាប់ឡើងវិញពិសេសឱ្យប្រយ័ត្នបញ្ហាចំណីចំណុកទើបជាការប្រពៃបំផុត។អ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុមដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ។ ការធ្វើដំណើរទីជិតឆ្ងាយជួបតែសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានបញ្ហាចូលលុកលុយយាយីច្រើនដូចនេះត្រូវប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការប្រេះឆា៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ថ្ងៃនេះលោកអ្នកទោះធ្វើអ្វីៗមិនអាចលោភលន់បានទេពីព្រោះងាយខកបំណងនិងជួបផលលំបាកតូចធំណាស់។ការរស់នៅក្នុងផ្ទះសម្បែងក៏ងាយផ្ទុះជម្លោះវិវាទណាស់គប្បីមានការខន្តីនិងបើកចិត្តឱ្យទូលាយទើបគ្មានរឿងរាវចម្រូង ចម្រាសកើតមានឡើង។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើនដូច្នេះគួរមានការប្រយ័ត្តប្រយែង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីមើលផ្លូវអាក្រក់ចំពោះគ្នាប្រយ័ត្នកើតជាទម្លាប់អាក្រក់ហើយកើតតែបញ្ហា មិនចេះចប់មិនចេះហើយ៕