បើ​ចង់​មាន​សន្តិភាព​ខាង​ផ្លូវចិត្ត សូមកុំ​ធ្វើ​អ្វី​ឲ្យ​ខុស​!

ដោយ​: លី ម៉េង​ហួរ​៖ ក្នុងពេល​អញ្ជើញ​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ ជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែតុលា សម្តេច​អ​គ្គ​មហាសេនា​ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា​បានលើកឡើង​ថា «​នៅ​ថ្ងៃស្អែក​នេះ ជា​ខួប​លើក​ទី​២៩ នៃ​កិច្ចព្រមព្រៀង​ប៉ារីស​។ យើង​ក៏​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស បាន​។ ប៉ុន្តែ​អ្វីដែល​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ចង់បាន តែ​អ៊ុនតាក់ មិនអាច​សម្រេចបាន គឺ​ក្រោយពេល​អ៊ុនតាក់ ចាយលុយ​អស់​ជាង ២​ពាន់​លាន​ដុល្លារ ដក​ត្រឡប់​ទៅវិញ ទុក​ឲ្យ​កម្ពុជា នៅ​បន្ត​សង្គ្រាម «​ប្រទេស​១ តំបន់​ត្រួតត្រា​២ និង​រដ្ឋាភិបាល​២»​។ ត្រូវ​ចាំ​អា​កន្លែង​ហ្នឹង​!»​។​
​ ​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រម្លឹក​បន្ថែមថា «​មុន​ការបោះឆ្នោត ឆ្នាំ​១៩៩៣ ប្រទេស​កម្ពុជា មាន​តំបន់​ត្រួតត្រា​៤​។ ត្រួតត្រា ដោយ​រដ្ឋាភិបាល ពេលនោះ ជា​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្រោយ​មកជា រដ្ឋ​កម្ពុជា ដែលមាន​ខ្ញុំ ជា​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​។ តំបន់​នេះ ( ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ) គ្រប់គ្រង​ដោយ​ហ្វ៊ុនស៊ិនប៉ិច​។ តំបន់​ម្ខាង​ទៀត ( ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ) គ្រប់គ្រង​ដោយ​លោកតា សឺ​ន សាន​។ ( តំបន់​មួយទៀត​គ្រប់គ្រង​ដោយខ្មែរក្រហម )​។ យើង​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស អនុញ្ញាត​ឲ្យ​ភាគី ៣ ចូលរួម​ការបោះឆ្នោត ធ្វើ​រដ្ឋាភិបាល​។ ប៉ុន្តែ​អ៊ុនតាក់ ចាយលុយ​ពីរពាន់​លាន​! អត់​ធ្វើ​អី​ខ្មែរក្រហមបានទេ​! អីចឹង នៅសល់តែ​នយោបាយ​ឈ្នះ​ឈ្នះ​តែ​ប៉ុណ្ណឹង​!»​។​
​ ​
​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា «​នយោបាយ​ឈ្នះ​ឈ្នះ​នេះ ជា​ឱសថ​ទិ​ព្វ ដែល​ធ្វើ​ឲ្យ​កម្ពុជា មាន​សង្គ្រាម​មិនចេះចប់​មិនចេះហើយ រាប់រយឆ្នាំ បានបញ្ចប់​នៅក្នុង​ឆ្នាំ​១៩៩៨ ដែល​ឥឡូវ យើង​យក​ថ្ងៃទី​២៩ ខែធ្នូ ជា​ទិវា​រម្លឹក​នៃ​ការបញ្ចប់​សង្គ្រាម និង​ការឯកភាព​ទឹកដី ជា​លើកដំបូង នៅក្នុង​ប្រវត្តិសាស្ត្រ​»​។​

​កិច្ចព្រមព្រៀង ស្តីពី​ដំណោះស្រាយ​នយោបាយ​រួមមួយ នៃ​ជម្លោះ​កម្ពុជា ហៅ​កាត់​ថា “​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​” ត្រូវបាន​ចុះហត្ថលេខា នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។ កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​ឈានដល់ ការបញ្ចប់​សង្គ្រាមស៊ីវិល​រវាង​ខ្មែរ និង​ខ្មែរ​។​
​ ​
​កិច្ចព្រមព្រៀង ស្តីពី ដំណោះស្រាយ​នយោបាយ​រួមមួយ នៃ​ជម្លោះ​កម្ពុជា ឬ​ហៅ​កាត់​ថា “​កិច្ច​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១” ចុះហត្ថលេខា​ដោយ​ភាគី​ខ្មែរ ចំនួន ៤​ភាគី រួមមាន ១-​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ២-​ចលនា​ហ្វ៊ុនស៊ិនប៉ិច ដឹកនាំ​ដោយ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ៣-​រណសិរ្ស​ជាតិ​រំដោះ ប្រជាពលរដ្ឋ​ខ្មែរ ដឹកនាំ​ដោយ​សម្តេច សឺ​ន សាន និង​៤-​ភាគី​ខ្មែរក្រហម ដឹកនាំ​ដោយ​លោក ខៀវ សំផន​។
​ ​
​ក្រៅពីនោះ​ក៏មាន​រដ្ឋាភិបាល​ចំនួន ១៩ ប្រទេស បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ រួមមាន​៖ ១-​អូស្ត្រាលី ២-​ព្រុយ​ណេ ៣-​កាណាដា ៤-​ចិន ៥-​បារាំង ៦-​ឥណ្ឌា ៧-​ឥណ្ឌូណេស៊ី ៨-​ជប៉ុន ៩-​ឡាវ ១០-​ម៉ាឡេស៊ី ១១-​ហ្វី​លី​ពិន ១២-​សិង្ហ​បុរី ១៣-​ថៃ ១៤-​សូ​វៀត ១៥-​ចក្រភព អង់គ្លេស ១៦-​សហរដ្ឋអាម៉េរិក ១៧-​វៀតណាម ១៨-​យូ​ហ្គោ​ស្លា​វី និង​១៩-​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​។

​កិច្ចព្រមព្រៀង​សន្តិភាព ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ ជា​ទិវា​ជា​ប្រវត្តិសាស្ត្រ ដែល​នាំមក​នូវ​ការបញ្ចប់ ជម្លោះផ្ទៃក្នុង​រវាង​ខ្មែរ និង​ខ្មែរ ការបង្រួបបង្រួម​ជាតិ លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ការលើក កម្ពស់​សិទ្ធិមនុស្ស និង​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​។​

​កិច្ចព្រមព្រៀង​នេះ ផ្តើមចេញពី​ជំនួប​ជា​ប្រវត្តិសាស្ត្រ​លើក​ទី​១ រវាង​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ និង​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​២ ដល់​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​១៩៨៧ នៅ​ហ្វែ​រ អង់ តា​ឌឺ​ណ័​រ​( FERE-EN-TARDENOIS) និង​លើក​ទី​២ នៅ​ថ្ងៃទី​២០-២១ ខែធ្នូ ឆ្នាំ​១៩៨៨ នៅ សាំង​ហ្សេ​ម៉ាំង អង់​ឡី​(SAINT-GERMAIN-EN-LAYE )​នៅ​ប្រទេស​បារាំង​។​

​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣ ខែតុលា ឆ្នាំ​១៩៩១ នាំ​ឲ្យ​កម្ពុជា​យើង​ឈានដល់ ការបោះឆ្នោតជាតិ រៀបចំ​ដោយ​អ៊ុនតាក់ កាលពី​ឆ្នាំ​១៩៩៣​។

​ក៏ប៉ុន្តែ​ជម្លោះ​ស៊ីវិល​រវាង​ខ្មែរ និង​ខ្មែរ មិនទាន់​បញ្ចប់​ទេ ដោយសារតែ​ការបោះឆ្នោត​នោះ​ភាគី ខ្មែរក្រហម មិន​ចូលរួម​ការបោះឆ្នោត ហើយ​បន្ត​បោះជំរំ​ជា​កម្លាំង​ឧទ្ទាម​ក្នុងព្រៃ​នៅ​ខេត្ត​ជាប់ ព្រំដែន​ថៃ ដោយ​សូម្បីតែ​កងកម្លាំង​អ៊ុនតាក់ ក៏​មិនអាច​ចូលទៅក្នុង​ទឹកដី​ដែល​កាន់កាប់​ដោយ ខ្មែរក្រហម​បានឡើយ​។​

​យ៉ាងណាក៏ដោយ សង្គ្រាមស៊ីវិល នៅ​កម្ពុជា ត្រូវ​បានបញ្ចប់​ទាំងស្រុង ក្រោម​នយោបាយ​ឈ្នះ ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅពេល​កងកម្លាំង​អតីត​ខ្មែរក្រហម ដឹកនាំ​ដោយ នួន​ជា ខៀវ​សំផន និង​អៀង​សារី បានមក​ចុះចូល​ដល់ផ្ទះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨​។​

​ជាមួយគ្នា​នោះ ក្នុងពេល​អញ្ជើញ​បន្ត​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ ជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ឆ្លើយតប​នឹង​ក្រុមប្រឆាំង​មួយចំនួន​ដែល លើកឡើងថា នៅ​កម្ពុជា សព្វថ្ងៃ មិនទាន់មាន​សន្តិភាព​ផ្លូវចិត្ត​ទេ​។ ប៉ុន្តែ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា បើ​ចង់​មាន​សន្តិភាព​ខាង​ផ្លូវចិត្ត សូមកុំ​ធ្វើ​អ្វី​ឲ្យ​ខុស រាប់ទាំង​អំពើ​ខុសច្បាប់ និង​ខុសសីលធម៌​ប្តី​ប្រពន្ធ ជាដើម​។​

​សម្តេច​តេ​ជោ បាន​លើកឡើងថា «​ខ្លះ​ថា កម្ពុជា​មិនទាន់មាន​សន្តិភាព​ខាង​ផ្លូវចិត្ត​ទេ​។ គេ​ថា សន្តិភាព ទាល់​តែមាន​ទាំងអស់​។ វា​មាន​សន្តិភាព ទាំង​រូបី និង​ទាំង​អរូបី​។ គេ​ចង់​និយាយថា គេ​មិនទាន់មាន​សន្តិភាព​ខាង​ផ្លូវចិត្ត​ទេ​។ ខ្ញុំ​គ្រាន់តែ​ចង់​ថា​ត្រឡប់​ទៅវិញ​ថាបើ​ចង់​មាន​សន្តិភាព ខាង​ផ្លូវចិត្ត កុំ​ធ្វើ​អី​ឲ្យ​ខុស​។ អាហ្នឹង វា​មាន​សន្តិភាព​ហើយ​! ហើយ​បើ​ខ្លួនឯង​ធ្វើ​ខុសច្បាប់​។ ខ្លួនឯងនៅតែ​ភ័យខ្លាច​រហូត​»​។​
​ ​
​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា «​សន្តិភាព​ផ្លូវចិត្ត មិនមែន​រាប់​តែ​ប្រជាពលរដ្ឋ​ដែល​អនុវត្ត​ខុស ជាមួយនឹង​ច្បាប់​របស់​រដ្ឋ​ទេ​! ។​បុរស​ដែល​ក្បត់​ប្រពន្ធ ក៏​អត់​មាន​សន្តិភាព​ខាង​ផ្លូវចិត្ត​ដែរ​! ក្រែងលោប្រពន្ធ​ដឹង​!​។ ស្ត្រី​ដែលមាន​សហាយ ក៏​មិនមាន​សន្តិភាព​ផ្លូវចិត្ត​ដែរ ក្រែងលោ ប្តី​ដឹង​!​។ អីចឹង​ឲ្យ​តែ​កាលណា​ធ្វើ​ខុស គឺ​អត់​មាន​សន្តិភាព​ផ្លូវចិត្ត​ទេ​។ អាហ្នឹង ខ្ញុំ​គ្រាន់តែ​ចង់​ផ្តាំ​ថា បើ​ចង់ មាន​សន្តិភាព​ផ្លូវចិត្ត កុំ​ធ្វើ​អី​ដែល​ខុស​! មិន​ថា ជា​កំហុស​ទៅលើ​ផ្លូវរដ្ឋ ឬ​កំហុស​ទៅលើ​បញ្ហា សាសនា ឬ​កំហុស​លើ​បញ្ហា​នៅក្នុង​ក្រុមគ្រួសារ​។ ប៉ុន្តែ​អ្វីដែល​ប្រាកដ គឺ​រូបី​នេះ សន្តិភាព​រូបី គឺ​គ្មាន​ការប្រយុទ្ធ​វ៉ៃ​គ្នា​ទេ ហើយ​យើង​កំពុងតែ​បំផ្លាញចោល​គ្រាប់មីន គ្រាប់​មិនទាន់​ផ្ទុះ ដើម្បី រក្សា​សុវត្ថិភាព​ប្រជាពលរដ្ឋ​របស់​យើង​»​។​

​ពេលនេះ ក្នុងពេល​កម្ពុជា មាន​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស ក៏​នៅតែមាន​ពលរដ្ឋ​ខ្មែរ​មួយចំនួន បន្ត​ស្រែកថា នៅ​ខ្វះ​សន្តិភាព​ខាង​ផ្លូវចិត្ត ដោយសារតែ​តវ៉ា​មិនបាន ធ្វើ បាតុកម្ម​មិនបាន ហើយ​អ្នកខ្លះ ក៏ត្រូវ​ចាប់​ដាក់គុក ថែម​ទៀតផង​។​

​ប៉ុន្តែ​ករណី​ថ្មី​ចុង​ក្រោយនេះ រួមមាន អតីត​សកម្មជន និង​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង ពិសេស​លោក​រ៉ុង​ឈុន ជាដើម បើ​កុំ​តែ​ធ្វើ​សកម្មភាព​តវ៉ា​ខុសច្បាប់​បើ​កុំ​តែ​លើកឡើង​ខុស​ការ ពិត​ថា ការបោះបង្គោល​កំណត់ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ធ្វើ​ឲ្យ​កម្ពុជា បាត់បង់​ទឹកដី នោះ​ម្លេះ អស់លោក​លោកស្រី​ទាំងនោះ មិន​ត្រូវបាន​រារាំង ចោទប្រកាន់ និង​ចាប់ឃុំខ្លួន​ឡើយ​។​

​ចុះ​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​លាន​នាក់​ផ្សេងទៀត គេ​បន្ត​ធ្វើការ រកស៊ី និង​រស់នៅ​យ៉ាង​សប្បាយ រីករាយ ហេតុអ្វី​ក៏​គេ​មាន​សន្តិភាព ទាំង​ផ្លូវកាយ និង​ទាំង​ផ្លូវចិត្ត​។ ចុះ​ហេតុអ្វី​ក៏​មិនមាន​សន្តិភាពខាង​ផ្លូវចិត្ត​តែ​អ្នក​មួយចំនួន​តូច​ណា​នោះ រហូតដល់​រត់​ភៀសខ្លួន ដោយ​ខ្លួនឯង​ទៅ​នៅក្រៅប្រទេស​ដូច្នេះ​?

​អ្វីៗ សូម​ឈរលើ​ការពិត យុត្តិធម៌ ដោយ​គោរព​ច្បាប់​ទាំងអស់គ្នា នោះ​យើងទាំង អស់គ្នា ទាំង​រាជរដ្ឋាភិបាល ទាំង​អ្នកកាន់អំណាច ទាំង​អ្នកនយោបាយ និង​ទាំង​ប្រជាពលរដ្ឋ​នឹង​បន្ត​រស់នៅ​សុខសាន្ត ក្រោម​ដំបូល​សន្តិភាព គឺ​សន្តិភាព​ទាំង​ផ្លូវកាយ និង​សន្តិភាព​ទាំង​ផ្លូវចិត្ត ជាក់​ជាមិនខាន​៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...