ដោយៈរ៉ូហ្សា/ភ្នំពេញៈ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC) បានថ្លែងឲ្យដឹងថា កីឡដ្ឋានធំនឹងប្រែប្រួលកាលបរិច្ឆេទនៃការបញ្ចប់សាង់សង់ ដោយពន្យាទៅខែឧសភា ឆ្នាំ២០២១ ដោយសារក្រុមហ៊ុនសាងសង់ត្រូវការពេលវេលាបន្ថែម ក្នុងការបំពាក់កៅអី កញ្ចក់ការតុបតែងផ្សេងៗជាពិសេសគឺការតុបតែងផ្នែកខាងក្នុងកីឡដ្ឋានធំ ដូចជាទីលានបាល់ទាត់ ទីលានរត់អត្តពលកម្ម សណ្ឋាគារ បន្ទប់ VIP។
លោកវ៉ាត់ ចំរើន បានបង្ហាញពីក្តីសង្ឃឹមថា នៅពាក់កណ្តាលឆ្នាំ២០២១នឹងបញ្ចប់ការ សង់សង់កីឡដ្ឋានធំទាំងស្រុង ហើយនៅឆ្នាំ២០២២ នឹងត្រៀមបើកសម្ពោធការប្រកួតកីឡាជាតិ លើកទី៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
លោកអគ្គលេខាធិការបញ្ជាក់ជូនទៀតថា ចំណុចទី២ គឺផ្តោតលើការសាងសង់ភូមិកីឡា ដែលអាចផ្ទុកកីឡាករកីឡាការិនីច្រើនជាង៧ពាន់នាក់ដោយគ្រោងនឹងបញ្ចប់ការសាងសង់ឲ្យទាន់ពេលវេលាតាមការគ្រោងទុក ដើម្បីត្រៀមទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ក៏ដូចជាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ ភូមិកីឡា គឺជាកន្លែងហូបចុកស្នាក់នៅជុំគ្នារបស់អត្តពលិក និងគ្រូបង្វឹក ដែលផ្តល់ភាពងាយស្រួល ក្នុងការប្រកួត ហើយមិនចំណាយលើការស្នាក់នៅសណ្ឋាគារ និងការដឹកជញ្ជូនជាដើម។
លោកបន្ថែមថា នៅចុងឆ្នាំ២០២០នេះ ហេដ្ឋារចនាសម្ព័ន្ធកីឡាទាំងអស់ត្រូវបានកំណត់នូវផែនការច្បាស់លាស់ថា តើប្រភេទកីឡាណាខ្លះត្រូវលេងនៅកន្លែងណា ទីលានប្រកួតណាមានស្តង់ដាបច្ចេកទេស និងទីលានណាខ្លះទៀតមិនទាន់ឆ្លើយតបទៅនឹងស្តង់ដាបច្ចេកទេសស៊ីហ្គេម។
លោកបន្តថា ក្រោយរៀបចំនូវទីលានប្រកួតនេះរួចរាល់ហើយ នឹងងាកទៅពង្រឹងគុណភាណលើការរៀបចំព្រឹត្តិការណ៍ និងការអភិវឌ្ឍសមត្ថភាពកីឡាករកីឡាការិនី អោយ
គុណភាពល្អប្រសើរដើម្បីត្រៀមទទួលស្វាគមន៍ប្រតិភូអត្តពលិកមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ប្រកបដោយភាពកក់ក្តៅសមនឹងឋានៈជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣៕/R