អ្នកនយោបាយឥណ្ឌា ម្នាក់ដែលជិះលើខ្នងក្របីដើម្បីទាក់ទាញការចាប់អារម្មណ៍ចំពោះយុទ្ធនាការឃោសនារបស់ខ្លួនសម្រាប់ការបោះឆ្នោតក្នុងពេលដ៏ខ្លីខាងមុខនេះ បានប្រឈមការចោទប្រកាន់ពីបទធ្វើបាបសត្វ នេះបើយោងតាមការលើកឡើងរបស់ប៉ូលិសកាលពីថ្ងៃពុធ សប្ដាហ៍នេះ។

ជាការឆ្លើយតប លោក មហាម៉ាត់ ប៉ាវ៉េស ម៉ាន់ស៊ូរី ដែលកំពុងឈរឈ្មោះដណ្ដើមអាសនៈក្នុងក្រុងគយា រដ្ឋប៊ីហា ប្រទេសឥណ្ឌា សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៨ ខែតុលាដ៏ខ្លីខាងមុខនេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា មូលហេតុដែលលោកធ្វើដំណើរលើខ្នងសត្វជាជាងធ្វើដំណើរតាមរថយន្ត ឬម៉ូតូគឺក្នុងបំណងឆ្លុះបញ្ចាំងពីកម្រិតបំពុលបរិស្ថានក្នុងក្រុងនេះប៉ុណ្ណោះ គឺគ្មានបំណងធ្វើបាបសត្វដូចការចោទប្រកាន់ឡើយ។
ទោះជាយ៉ាងណា សកម្មភាពរបស់លោកត្រូវបានគេយល់ផ្ទុយពីនេះ ហើយអាជ្ញាធរនិយាយថា លោកបានបំពានគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមិនអនុញ្ញាតឱ្យប្រើសត្វសម្រាប់យុទ្ធនាការឃោសនា។
មន្ត្រីប៉ូលិសដដែលនិយាយថា លោក ម៉ាន់ស៊ូរី ដែលមកពីគណបក្សតូចមួយឈ្មោះ Council Rashtriya Ulama Council (RUC’) ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃអង្គារ មុនពេលដោះលែងវិញហើយលោកនឹងត្រូវប្រឈមបទចោទធ្វើបាបសត្វ៕ ប្រែសម្រួល៖ខុម/sn