ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០២០ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ និង​ម៉ា​ទឹកកក​ចំនួន​៣​ថង់ និង​រថយន្ត​១​គ្រឿង ទៅ​តុលាការខេត្ត ក្រោយពេល​កម្លាំង​អធិការនគរបាល​ស្រុក​សំពៅ​លូន ឃាត់ខ្លួន​បាន​នៅ​ចំណុច​ក្រុមទី​២ ភូមិ​កូ​ភ្នំ​ខាងត្បូង ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន នៅ​រសៀល​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០២០​។​

​លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការនគរបាល​ស្រុក​សំពៅ​លូន បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ទូច នន ហៅ​ជក់ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​បត់​ឃុំ​និង​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។ ចំណែក​វត្ថុតាង​ដែល​ដក​ហូរ​បាន​មាន​៖ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក ICE)​ចំនួន​៣​ថង់​ទម្ងន់​៧,២២​ក្រាម រថយន្ត​១​គ្រឿង​ម៉ាក​តូយ៉ូតា​កាមរី ពណ៌​ទឹកមាស សេរី​ឆ្នាំ​១៩៩៩ ពាក់​ស្លាក​លេខ​ភ្នំពេញ 2G 0302 និង​ទូរស័ព្ទដៃ​១​គ្រឿង​។​

​លោក​វរ​សេនី​យ័​ឯក សុខ និមល នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​បញ្ជាក់ថា ក្រោយពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួច លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​កសាង​សំណុំ​រឿន​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​មួយចំនួន ទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕