រដ្ឋអាម៉េរិកជាច្រើន ភាគច្រើននៅតំបន់Midwestកាលពីថ្ងៃព្រហស្បតិ៍ទី២២តុលា បានរាយការណ៍ការឆ្លងកូវីដ១៩ប្រចាំថ្ងៃខ្ពស់បំផុតមិនដែនធ្លាប់មាន ដែលនេះបង្ហាញថាជំងឺឆ្លងនេះកំពុងបង្កើនល្បឿនចម្លងនៅពេលអាកាសធាតុកាន់តែត្រជាក់ទៅ។
រដ្ឋIndiana, North Dakota, Illinois, Montana, Oklahoma, Utah និង Ohio កាលពីថ្ងៃ២២តុលាបានជួបការឆ្លងខ្ពស់បំផុតមិនដែលធ្លាប់មានពីមុនមកនៅពេលរដ្ឋ Floridaមានអ្នកឆ្លងកូវីដ១៩ថ្មីជាង៥.៥០០នាក់នៅរយៈពេល២៤ម៉ោងកន្លងទៅ ដែលជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីថ្ងៃ២៥សីហា។
សូមបញ្ជាក់ថា រដ្ឋអាម៉េរិក២៨បានរាយការណ៍ការឆ្លងប្រចាំថ្ងៃខ្ពស់បំផុតនៅខែតុលានេះ។កាលពីថ្ងៃពុធ ចំនួនអ្នកស្លាប់ដោយវីរុសកូរ៉ូណានៅទូទាំងអាម៉េរិកក៏បានកើនឡើងខ្ពស់បំផុតបើធៀបនឹងការស្លាប់ប្រចាំថ្ងៃនៅរយៈពេល២ខែមកនេះ។កំណើននៃការស្លាប់នេះកើតឡើងក្រោយការឆ្លងហក់ឡើងខ្លាំងនៅប៉ុន្មានសប្តាហ៍មកនេះ។
រដ្ឋបាលឱសថនិងអាហារអាម៉េរិក កាលពីថ្ងៃព្រហស្បតិ៍បានអនុម័តប្រើឱសថremdesivirជាផ្លូវការដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩។វាជាឱសថដំបូងដែលត្រូវបានអនុម័តអោយប្រើជាផ្លូវការដើម្បីប្រឆាំងនឹងជំងឺនេះនៅអាម៉េរិក។
ចាប់តាំងពីជំងឺនេះបង្ហាញខ្លួននៅអាម៉េរិកកាលពីដើមឆ្នាំមក វាបានឆក់យកជីវិតមនុស្សអស់ជាង២២២.០០០នាក់នៅទីនេះជាចំនួនស្លាប់ដោយកូវីដ១៩ខ្ពស់បំផុតនៅលើពិភពលោក។ការចូលមកដល់នៃរដូវត្រជាក់នាំអោយមានការព្យាករណ៍ថា ការឆ្លងជំងឺនេះនៅអាម៉េរិកនឹងរឹតតែរីករាលដាល ដែលនឹងជះឥទ្ធិពលលើការដោះស្រាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះជំងឺនេះ។
លោកត្រូវជួបជជែកដេញដោយជាមួយគូប្រជែងមកពីបក្សប្រជាធិបតេយ្យ ចូ បាយដិន នៅល្ងាចថ្ងៃព្រហស្បតិ៍។ វាជាជំនួបទល់មុខជាលើកចុងក្រោមមុនការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃ៣វិច្ឆិកា។
របាយការណ៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធបានវាយតំលៃថាការស្លាប់ដោយកូវីដ១៩រវាង១៣០.០០០ទៅ២១០.០០០នាក់ អាចបញ្ចៀសបាននៅអាម៉េរិក និងបានហៅចម្លើយតបរបស់រដ្ឋាភិបាលសហព័ន្ធចំពោះជំងឺឆ្លងនេះថា«មហាបរាជ័យ»។
តែអ្នកនាំពាក្យសេតវិមាន ជូដ ឌីរេ បានបន្ទោសការស្លាប់ដោយកូវីដ១៩ លើប្រទេសចិននិងអង្គការសុខភាពពិភពលោក ហើយបាននិយាយថា ចំណាត់ការរបស់ប្រធានាធិបតីត្រាំ បានជួយសង្គ្រោះអាយុជីវិតពលរដ្ឋអាម៉េរិកកាំងជាច្រើន៕ប្រែសម្រួល៖វាសនា
.