ដោយៈសុផល/ភ្នំពេញ៖គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថាចាប់តាំងពីទឹកជំនន់បានកើតឡើងនៅតាមបណ្តាខេត្តជាច្រើននៅទូទាំងប្រទេសកម្ពុជាដោយសារភ្លៀងធ្លាក់ខ្លាំងនិងអាកាសធាតុអាប់អួរអស់រយៈពេលជាច្រើនសប្តាហ៍ចាប់តាំងពីដើមខែតុលាមក បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនប្រមាណ១២០,៧៨៥គ្រួសារ ស្មើនឹង ៤៨៣,១៤០ នាក់នៅទូទាំងប្រទេស។ ផ្ទះប៉ះពាល់ ១១១,៣៥៤ ខ្នង និងខូចខាត៦៣ខ្នងហើយមនុស្សជាង១១,៥៥៤នាក់ត្រូវបានជម្លៀសចេញទៅទីទួលសុវត្ថិភាពជាពិសេសមនុស្សស្លាប់៣៩នាក់។ក្នុងនោះវាលស្រូវស្រែចម្ការរាប់ពាន់ហិកតានិងដំណាំផ្សេងៗទៀតក៏ត្រូវខូចខាតជាទំងន់ផងដែរ។
ដោយទទួលស្គាល់ពីស្ថានភាពដ៏លំបាកនេះ ក្រុមហ៊ុនមិត្តហ្វូនបានរួមសហការជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងខេត្តចំនួន១០ដែលបានរងគ្រោះទឹកជំនន់ខ្លាំងជាងគេដើម្បីឧបត្ថម្ភគ្រឿងបរិភោគនិងសម្ភារៈប្រើប្រាស់មួយចំនួនដល់ប្រជាពលរដ្ឋដែលរងគ្រោះ។អំណោយសរុបចំនួន៥.០០០កញ្ចប់ដែលរួមមានស៊ីមកាតមួយមានទឹកប្រាក់ចំនួន៣០០ដុល្លាររួចជាស្រេចត្រូវបានចែកជូនប្រជាពលរដ្ឋចាប់ពីថ្ងៃនេះតទៅហើយមិត្តហ្វូននៅតែបន្តរៀបចំសកម្មភាពជំនួយបន្ថែមទៀតនាពេលខាងមុខ។អំណោយសរុបទាំងអស់សរុបជាទឹកប្រាក់៥ម៉ឺនដុល្លារអាមេរិកត្រូវបានរំពឹងថានឹងជួយចូលរួមចំណែកប្រជាជនរងគ្រោះជិត៥.០០០ គ្រួសារដើម្បីជំនះស្ថានការណ៍លំបាកនេះ។
ខេត្តក្រុងដែលទទួលបានការផ្តល់ជូនអំណោយពីកម្មវិធីនេះមានដូចជាខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ក្រុងភ្នំពេញ ខេត្តកណ្តាល ក្រុងព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន និងខេត្តស្ទឹងត្រែង។
ម៉្យាងវិញទៀត ទោះបីជារងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារអាកាសធាតុមិនល្អយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិត្តហ្វូន និងក្រុមការងារបច្ចេកទេសរបស់ខ្លួនបានជំនះនិងខិតខំយ៉ាងខ្លាំងក្លាដោយបានថែទាំបណ្តាញសេវាដោយមិនមានការរំខានណាមួយគួរឱ្យកត់សម្គាល់លើសេវាកម្មរបស់មិត្តហ្វូនឡើយ។ បុគ្គលិកបច្ចេកទេស ១០០% ត្រូវបានបញ្ជូនទៅតំបន់រងគ្រោះដោយទឹកជំនន់ដើម្បីធានាបាននូវគុណភាពសេវាល្អបំផុតនៅទីតាំងទាំងនោះ។
ជាមួយនឹងទស្សនវិស័យអាជីវកម្មរបស់ខ្លួន “អ្នកយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់” ចាប់តាំងពីបើកដំណើរការអាជីវកម្មដំបូងរបស់ខ្លួនមក មិត្តហ្វូនបានក្លាយជាប្រតិបត្តិករឈានមុខគេក្នុងសកម្មភាពទំនួលខុសត្រូវសង្គមជាច្រើនដើម្បីកែលំអនិងលើកស្ទួយស្ថានភាពជីវិតរស់នៅ សុខភាព ការអប់រំរបស់ប្រជាជនកម្ពុជាជាអាទិ៍៖បរិច្ចាគមូលនិធិជំងឺកូវីដ១៩ភ្ជាប់អ៊ីនធឺណិតទៅសាលារៀនជិត១៥០០កន្លែងក្នុងរយៈពេល៥ឆ្នាំឧបត្ថម្ភកម្មវិធី “នេះមិនមែនជាសុបិន”ក្នុងការជួយស្វែងរកសាច់ញាតិដែលបាត់បង់ជាង១០០ គ្រួសារនាសម័យសង្គ្រាមឧបត្ថម្ភដល់ការវះកាត់សម្រាប់កុមារក្រីក្រចំនួន៤៧២នាក់ផ្តល់អ៊ីនធឺណិតសម្រាប់បណ្តាញអប់រំស្រាវជ្រាវកម្ពុជា រៀបចំការត្រួតពិនិត្យសុខភាពនិងផ្តល់ថ្នាំឥតគិតថ្លៃ រៀបចំកម្មវិធី Munny Care ដើម្បីជួយសំរួលសម្ភារៈសិក្សាសំរាប់សិស្សក្រីក្រ។ទឹកប្រាក់សរុបដែលមិត្តហ្វូនបានចូលរួមចំណែកក្នុងការធ្វើសកម្មភាពទំនួលខុសត្រូវសង្គមបានកើនឡើងដល់ ៨៥ លានដុល្លារអាមេរិក៕Ph