ដោយៈឆាយានាថ/កណ្តាលៈបុរសម្នាក់មិនដឹងមានគំនុំរឿងអ្វីឬមានបញ្ហាអ្វីទេស្រាប់តែចូលទៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមឫស ស្ថិតនៅភូមិរលួស ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង រួចស្រែកគំរាម ថា”អញនឹងសម្លាប់ប៉ូលិសប៉ុស្តិ៍ចោលទាំងអស់”។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២០:៣០យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។
យោងតាមរបាយការណ៍របស់ប៉ូលិសស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា បុរសដ៏ហានក្លានេះឈ្មោះ ខាត់ សុខា អាយុ៣២ឆ្នាំ ។មុខរបរមិនពិតប្រាកដ។ មានផ្ទុកសារធាតុញៀន ។នៅមុនពេលកើតហេតុ ជននេះបានជិះម៉ូតូជាមួយមិត្តភក្តិម្នាក់ទៀតឈ្មោះ ឡុង មកឈប់នៅជិតប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដើមឫស រួចឈ្មោះ ឡុង បានជិះម៉ូតូចេញទៅបាត់ ។ ចំណែក ជនសង្ស័យបានដើរសំដៅចូលទៅក្នុងប៉ុស្តិ៍ប៉ូលិស រួច ស្រែកជេរ ឡូឡាថា”អញនឹងសម្លាប់ប៉ូលិសប៉ុស្តិ៍ចោលទាំងអស់” ។ភ្លាមនោះ កម្លាំងប៉ុស្តិ៍នគរបាលបាលរដ្ឋបាលដើមឫស បានចេញមកសួរនាំ ហើយជនសង្ស័យ បានស្រែកសួរថា “អាធារ៉ា មេប៉ុស្តិ៍វាទៅណា អញសម្លាប់វាចោល”។ស្រែករួច រួចជនសង្ស័យក៏ស្ទុះទៅវាយកញ្ចក់ប៉ុស្តិ៍បែកអស់ចំនួនពីរផ្ទាំង និង ស្រែកថានឹងសម្លាប់ប៉ូលិសឲ្យងាប់ទាំងអស់ ។
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋឃុំដើមឫស បានធ្វើការឃាត់ខ្លួនបុរសរូបនេះបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង តែម្តង ដើម្បីកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធីច្បាប់ ៕សរន