ដោយ:សុខុម/ស្ទឹងត្រែង:កម្លាំងយោធាការពារព្រំដែន នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បង្ក្រាបបានគ្រឿងញៀនជាង៤០កញ្ចប់ក្នុងទម្ងន់ប្រមាណជាង ២០គីឡូក្រាមគ្រាបើកការយាមល្បាត ដើម្បីពង្រឹងសន្តិសុខ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ។
គ្រឿងញៀនជាង៤០កញ្ចប់ត្រូវបានក្រុមឧក្រិដ្ឋជននាំឆ្លងដែនពីប្រទេសជិតខាងចូលមកខេត្តស្ទឹងត្រែង ប្រទេសកម្ពុជានាម៉ោងជាង៣ទៀបភ្លឺថ្ងៃទី២៣តុលាឆ្នាំ២០២០នេះនៅលើកំណាត់ផ្លូវ១ខ្សែក្នុងតំបន់ព្រំដែន ចន្លោះបង្គោលឡាក់លេខ ០៣៤-០៣៥ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកបុរីអូរ ស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ឯក្រុមឧក្រិដ្ឋជនទាំងនោះបានរត់គេចខ្លួនអស់បន្សលទុកតែវត្ថុតាង។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹងស្ទឹងត្រែងលោកឧត្តមសេនីយ៍ទោស្វាយញ៉នបានផ្តាំផ្ញើដល់នាយទាហាននិងពលទាហានទាំងអស់ត្រូវខិតខំពង្រឹងកិច្ចទំនាក់ទំនងជាមួយកម្លាំងទាំងអស់ នៅតាមព្រំដែន មានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនៃស្ថាប័នជាច្រើនទៀត ។ត្រូវបន្តសហការគ្នា ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពព្រំដែនឱ្យបានល្អថែមទៀត។

ព្រោះបញ្ហាគ្រឿងញៀន គឺជាមុខសញ្ញាមួយយ៉ាងសំខាន់ ដែលក្រុមឧក្រិដ្ឋជន តែងនាំចូលមកក្នុងប្រទេសកម្ពុជា។គ្រឿងញៀនទាំងអស់ខាងលើត្រូវបានប្រគល់ជូនខាងកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដើម្បីបន្តនីតិវិធីច្បាប់ ៕S/