ក្នុងឱកាសរំលឹកខួបទី៧០នៃការចូលពាក់ព័ន្ធរបស់ចិនក្នុងសង្គ្រាមកូរ៉េកាលពីថ្ងៃសុក្រទី២៣តុលា ប្រធានាធិបតី ចិន លោក ស៊ី ជីនពីង បានឆ្លៀតវាយប្រហាររិះគន់អាម៉េរិក ដោយលោកបានថ្កោលទោស«ឯកតោភាគីនិយម គាំពារនិយមនិងអត្តទត្ថភាពហួសហេតុ »។
ចិននិយាយយោងដល់ជម្លោះ ដែលខ្លួនបានបញ្ជូនទាហានទៅជួយកងកម្លាំងកូរ៉េខាងជើងប្រឆាំងនឹងក្រុមចម្រុះសហប្រជាជាតិមួយដឹកនាំដោយអាម៉េរិក ក្នុងនាមជា«សង្គ្រាមប្រឆាំងការឈ្លានពានរបស់អាម៉េរិក និងជួយកូរ៉េ»។
ទោះជាការប្រយុទ្ធគ្នាបានបញ្ចប់ក្នុងភាពប្រទាញប្រទង់គ្នានៅឡើយ សង្គ្រាមបានរុញចិនអោយលេចធ្លោឡើងជាអ្នកដើរតួសំខាន់មួយនៅលើឆាកអន្តរជាតិនិងការរំលឹកខួបកាលពីថ្ងៃសុក្រចំពេលដែលប្រធានាធិបតីចិនស៊ី ជីនពីង ជំរុញឃោសនាគំនិតស្នេហាជាតិនិយម និងភាពជាមេដឹកនាំនៃគណបក្សកុំម្មុយនិស្តចិន។
ស៊ី បានប្រាប់ទៅទស្សនិកជនថា «នៅក្នុងពិភពលោកសព្វថ្ងៃ ការស្វះស្វែងអនុវត្តឯតោភាគីនិយម គាំពារនិយមនិងអត្តទត្ថភាពហួសហេតុ មិនអាចនាំមកផលល្អឬ ជោគជ័យទេ។ភាពច្រឡោងខាម អំពើអនុត្តរភាព ការសង្កត់សង្កិននិងសម្លុតគំរាមនឹងមិននាំមកជោគជ័យទេ។ប្រជាជនមកពីគ្រប់ប្រទេសគួររួមគ្នាការពារពហុភាគីនិយម ការអភិវឌ្ឍដោយសន្តិវិធី និងកិច្ចសហការឈ្នះឈ្នះ»។
មេដឹកនាំចិនរូបនេះបានបន្ថែមថា « ចិននឹងមិនអនុញ្ញាតអោយអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួនត្រូវបានបំផ្លាញទេ ។សូមពិភពលោកដឹងថាប្រជាជនចិនឥឡូវមានការរៀបរយល្អ និងមិនបង្ហិនពេលឥតបានការទេ។អំពើឯតោភាគីនិយម ផ្តាច់មុខនិយម និងការសម្លុតគំរាម នឹងមិនមានប្រយោជន៍ ហើយនឹងនាំទៅបរាជ័យ»។
ខួបនេះត្រូវបានធ្វើឡើងនៅពេលទំនាក់ទំនងរបស់ចិនជាមួយអាម៉េរិកធ្លាក់ចុះដល់កំរិតទាបបំផុតបើធៀបនឹងការទាក់ទងរបស់ប្រទេសទាំងពីរនៅប៉ុន្មានទសវត្សរ៍មកនេះ នៅពេលពួកគេឈ្លោះគ្នាអំពីពាណិជ្ជកម្ម សិទ្ធិមនុស្ស ការការចោទប្រកាន់ថាចិនធ្វើចារកម្ម ព្រមទាំងគោលនយោបាយចិនចំពោះហុងកុង កោះតៃវ៉ាន់និងសមុទ្រចិនខាងត្បូង។
លោកស៊ី ក៏បានអំពាវនាវអោយចិនធ្វើទំនើបកម្មកងយោធារបស់ខ្លួន គឺ«ចិនត្រូវប្រែក្លាយខ្លួនជាមហាអំណាចទំនើបមួយ និងកសាងកងទ័ពថ្នាក់ពិភពលោកមួយ ដែលខ្លាំងនិងរឹងមាំល្មមអាចផ្តល់ការគាំទ្រយុទ្ធសាស្ត្រដល់ ការធ្វើយុវកម្មជាតិ។
បើតាមលោកស៊ី ចិនតែងតែងប្រកាន់គោលនយោបាយការពារជាតិបែបការពារខ្លួន និងយោធារបស់ខ្លួនតែងតែការពារសន្តិភាពនិងស្ថិរភាពពិភពលោក។ក្នុងនាមជាមហាអំណាចពិភពលោកមានការទទួលខុសត្រូវមួយ ចិនរក្សាតំលៃសកល ដូចជាសន្តិភាពនិងការអភិវឌ្ឍន៍ សមភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព ព្រមទាំងជំរុញអភិបាលកិច្ចសកលតាមរយៈគោលការណ៍ប្រឹក្សាយោបល់ ការចូលរួមចំណែក និងផលប្រយោជន៍រួម៕ប្រែសម្រួល៖វាសនា
ប្រធានាធិបតី ស៊ី ជីនពីង កាលពីថ្ងៃ២៣តុលា ថ្លែងសុន្ទរកថានៅពិធីរំលឹកខួបទី៧០ឆ្នាំ ស្តីពីកងទ័ពចិនចូលជួយកងកម្លាំងកូរ៉េខាងជើង ប្រឆាំងការឈ្លានពានរបស់អាម៉េរិក