ដោយៈ មេសា/ភ្នំពេញៈ ថ្លែងប្រាប់ រស្មីកម្ពុជា តាម តេឡេហ្ក្រាម នៅរសៀលថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២០ នេះ លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដែលជាអ្នកទទួលបន្ទុកដឹកនាំអនុវត្តដោយផ្ទាល់នូវ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និង កុមារក្រោមអាយុ ២ ឆ្នាំ ក្នុងគ្រួសារក្រីក្រ បានអះអាងថា “ កម្មវិធីឧបត្ថម្ភសាច់ប្រាក់មួយនេះ មិនរងផលប៉ះពាល់ ឬ មិនបានអសកម្ម ដោយសារប្រការណាមួយ ដូចជាដោយសារកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ ទេ សូម្បីតែទឹកជំនន់ ក៏មិនបានប៉ះពាល់ គួរឱ្យកត់សម្គាល់ដល់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និង កុមារ ក្រោមអាយុ ២ ឆ្នាំ ក្នុងគ្រួសារក្រីក្រ នេះដែរ “ ។

បើតាមរបាយការណ៍ដែលផ្តល់ដោយលោក ឈួរ សុបញ្ញា ដដែលបានឱ្យដឹងថា គិតត្រឹម ម៉ោង ១៨ និង ០០ នាទី ល្ងាចថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២០ នេះ មានស្ត្រី និង កុមារដែល ជាអ្នកទទួលផលសរុប ១៤៥ ៩៩៩ នាក់ ហើយថែមទាំងមានអ្នកចុះឈ្មោះថ្មីប្រចាំថ្ងៃ ចំនួន ១៩២ នាក់ថែមទៀតផង ដោយកម្មវិធីចំណាយថវិកាសរុប ៣១ ២៨៤ ៦០០ ០០០ រៀល ឬ ប្រមាណជាជិត ០៨ លានដុល្លារអាមេរិក ដែលជាថវិការបស់រាជរដ្ឋាភិបាល កម្ពុជា សុទ្ធសាធ ។
គប្បីរំឭកផងដែរថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ ១៩ ដែលជាកម្មវិធីថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ទើបតែត្រូវបានដាក់ ឱ្យអនុវត្តកាលពីថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២០ នេះ បើទោះបីជារងផលប៉ះពាល់ ខ្លះពីទឹក ជំនន់ប៉ុន្មានសប្តាហ៍មកនេះក្តី ក៏កម្មវិធីនេះ នៅតែប្រព្រឹត្តទៅដោយជោគជ័យ គឺអាស្រ័យ ដោយមានកិច្ចខិតខំប្រឹងប្រែងខ្នះខ្នែងសម្របសម្រួលជម្នះនូវរាល់ឧបសគ្គពីគ្រប់ភាគីពាក់ព័ន្ធ តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន ហើយបើតាមរបាយការណ៍របស់លោក ឈួរ សុបញ្ញា ដដែល ដែលជាអ្នកដឹកនាំអនុវត្តដោយផ្ទាល់នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ( សូមកុំ ច្រឡំគ្នានូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ទាំង ២ នេះ ថា ជាកម្មវិធីតែមួយ ) មួយនេះដែរ បានឱ្យ ដឹងថា គិតត្រឹមម៉ោង ១៨ និង ០០ នាទីល្ងាចថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២០ នេះ កម្មវិធីបាន បើកប្រាក់ជូនប្រជាជនសរុប ៥៤៨ ៧១៩ គ្រួសារហើយ ពីក្នុងចំណោមប្រជាជនជាង ៥៩ ម៉ឺនគ្រួសារ ដែលមានឈ្មោះនៅក្នុងបញ្ជីសម្រាប់ខែ តុលា នេះ ដោយកម្មវិធីចំណាយ ថវិកាអស់ ១១៦ ១២១ ២៨៨ ០០០ រៀល ឬ ប្រមាណជាជាង ២៨ លានដុល្លារអាមេរិក ហើយបើគិតតាំងពីពេលចាប់ផ្តើមអនុវត្តកម្មវិធី ( ២៥ មិថុនា ) មកនោះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាតាមរយៈកម្មវិធីនេះសរុប ៤៣២ ៩០៤ ០១៦ ០០០ រៀល ឬ ប្រមាណ ជាជិត ១០៦ លានដុល្លារអាមេរិក ។
ដូច្នេះបើបូកបញ្ចូលគ្នា នៃ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ទាំង ២ ខាងលើនេះទៅ រាជរដ្ឋាភិបាល កម្ពុជា បានចំណាយថវិកាអស់ជិត ១១៤ លានដុល្លារអាមេរិក ៕ Kh



