Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​រដ្ឋមន្ត្រី​...

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម សង្ឃឹមថា ប្រធាន​ជេ​ត្រូ​ថ្មី នឹង​ជំរុញ​ទំនាក់ទំនង កាន់តែ​ល្អប្រសើរ​ថែមទៀត រវាង​កម្ពុជា​-​ជប៉ុន​

ដោយៈ ពៅ​និមល / ភ្នំពេញៈ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ កន្លងទៅ បានទទួល​ជួប​លោក Masahiro Miyao ប្រធាន​តំណាង អង្គការ​ពាណិជ្ជកម្ម ក្រៅ​ស្រុក​ជប៉ុន ឬ​ហៅថា ជេ​ត្រូ (JETRO) ប្រចាំ​នៅ​កម្ពុជា ដើម្បី​សម្ដែង​ការគួរសម និង​ជម្រាបលា ក្នុងឱកាស​ដែល​លោក ត្រូវ​បញ្ចប់​អណ​ត្តិ ក្នុង​ខែតុលា​នេះ​។ ជាមួយគ្នានេះ លោកស្រី Marisa Haruta ប្រធាន​ទើប​តែងតាំង​ថ្មី ក៏មាន​វត្តមាន​ដែរ ដើម្បី​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ មួយចំនួន​។​

​ជាការ​ចាប់ផ្ដើម លោក​រដ្ឋមន្ដ្រី បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការបំពេញ​បេសកកម្ម ការងារ​របស់លោក Masashiro Miyao កន្លងមក ដែល​លោក​ជា​ប្រធាន​តំណាង ប្រចាំ​កម្ពុ​ជាទី​៣ នៃ​អង្គការ ជេ​ត្រូ ។ ទន្ទឹមនឹងនេះ លោក​ក៏បាន​សម្ដែង ការស្វាគមន៍ និង​អបអរសាទរ ចំពោះ​ប្រធាន​តំណាង​អង្គការ​ថ្មី ដោយ​សង្ឃឹមថា ក្នុង​អាណត្តិ​បំពេញការងារ របស់លោក​ស្រី នឹង​ពង្រឹង​បាន​ថែមទៀត នូវ​កិច្ចសហប្រតិបត្តិការ ក្នុង​ការបន្ដ​លើកកម្ពស់ ទំនាក់ទំនង​ដ៏​ល្អប្រសើរ រវាង​កម្ពុជា​-​ជប៉ុន​។​

​ក្នុងជំនួប​នេះ លោក Masashiro Miyao បាន​ជម្រាបជូន លោក​រដ្ឋមន្ដ្រី​ថាៈ ក្រុមហ៊ុន​ជប៉ុន​មួយចំនួន មានបំណង​ផ្លាស់ប្ដូរ​ទីតាំង របស់ខ្លួន ពី​ប្រទេស​ចិន មក​បណ្ដា​ប្រទេស​អាស៊ាន ដែល​កម្ពុជា គឺជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​អទិភាព សម្រាប់​វិនិយោគិន​ជប៉ុន​។ ជាមួយគ្នានេះ តំណាង ជេ​ត្រូ ក៏បាន​ជម្រាបជូន​ផងដែរ​ថាៈ ក្រុមហ៊ុន​ជប៉ុន មួយចំនួន កំពុង​តែមាន​ការចាប់​អារម្មណ៍​ខ្ពស់ លើ​វិស័យ​កសិកម្ម នៅ​កម្ពុជា ជាពិសេស លើ​ប្រភេទ​កសិផល​សរីរាង្គ សម្រាប់​ផ្គត់ផ្គង់ ទៅ​ទីផ្សារ​ក្នុងស្រុក និង​សម្រាប់​នាំចេញ ទៅ​ជប៉ុន និង​គោលដៅ​ដទៃទៀត ដែល​ផលិតផល​សរីរាង្គ មាន​តម្រូវការ​ខ្ពស់​។​

​ជាការ​ឆ្លើយតប លោក​រដ្ឋមន្ដ្រី បាន​ស្វាគមន៍ និង​ជំរុញ​ឱ្យ​វិនិយោគិន​ជប៉ុន មក​បើក​អាជីវកម្ម ឬ​រោងចក្រ​កែច្នៃ​ផ្សេងៗ នៅ​កម្ពុជា និង​លើកទឹកចិត្ត​ឱ្យមាន ការនាំចេញ​កសិផល ក៏ដូចជា ផលិតផល​កែច្នៃ របស់​កម្ពុជា​បន្ថែម ទៅ​ប្រទេស​ជប៉ុន និង​គោលដៅ សក្ដានុពល​ដទៃទៀត ជាពិសេស​គឺ ត្រូវ​ទាញយក ផលប្រយោជន៍ ឱ្យបាន​ពេញលេញ ពី​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​នានា ដែល​កម្ពុជា​ជា​គូភាគី​។

​ក្នុង​កិច្ច​ជំនួប​នេះដែរ លោក​រដ្ឋមន្ដ្រី ក៏បាន​ជម្រាប ដល់​តំណាង​អង្គការ ជេ​ត្រូ នូវ​គម្រោង​ជំរុញ​ទីផ្សារ សម្រាប់​កសិកម្ម​ខ្នា​តូច (AIMS) របស់​ក្រសួងពាណិជ្ជកម្ម ដែល​អ្នក​ផលិត​ជា​ក្រុម​កសិករ​ខ្នាតតូច និង​ក្រីក្រ​នៃ​ផលិតផល ដូចជា បន្លែ មាន់​ស្រែ ស្រូវ ដំ​ឡូ​វ​មី និង​សូត្រ​ឆៅ និង​ស្នើ​សុំឱ្យ​ក្រុមហ៊ុន​អ៊ី​អន របស់​ជប៉ុន ពិនិត្យ​លទ្ធភាព ដាក់លក់​ផលិតផល របស់​គម្រោង AIMS នៅ​ទីផ្សារ​របស់ខ្លួន​ផងដែរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...