ដោយៈ គង់ហេង / កំពង់ចាមៈ ទឹកជំនន់ខុសរដូវ របស់ទន្លេមេគង្គ បានហក់ឡើងកម្ពស់ជាង ១២ ម៉ែត្រនោះ បានបណ្តាលឱ្យប៉ះពាល់ ដល់ផលដំណាំ ដែលបានដាំដុះ ទាំងប្រថុយប្រថាន របស់ប្រជាពលរដ្ឋ លើទឹកដីកោះប៉ែន នៃឃុំកោះមិត្ត ស្រុកកំពង់សៀម និងឃុំកោះសូទិន ស្រុកកោះសូទិន ប្រហែល ១០ ហិកតា។

លោក ឈាន ណាក់ អាយុ ៥៤ ឆ្នាំ ដែលកំពុងលើកត្រួយម្រះ ដាក់ជន្លង់ នៅចំណុចទួលព្រែកតាឃ្លោក ឃុំកោះសូទិន បានប្រាប់កាសែតរស្មីកម្ពុជា នៅថ្ងៃទី ២២ តុលាថាៈ ទឹកជំនន់ទន្លេមេគង្គ ដែលជន់ឡើងកម្ពស់ជាង ១២ ម៉ែត្រ នៅថ្ងៃទី២១ តុលា បានបង្កឱ្យលិចខូចថ្នាំជក់ (ថ្នាំខ្មែរ) ជាកូនអស់ជាង មួយម៉ឺនដើម ដើមប៉េងប៉ោះ និងដើមឪឡឹកមួយចំនួន ដែលបានដាំនៅខាងពោះអូរ។

បុរសរូបនេះ បានបន្តថាៈ ប៉ុន្តែទោះជាយ៉ាងណា គ្រួសារលោក ក៏ដូចគ្រួសារកសិករ ចម្ការច្រើនគ្រួសារទៀត ក្នុងអូរព្រែកតាឃ្លោកនេះ បានត្រៀមចិត្ត ត្រៀមកាយហើយ គឺត្រូវតែដាំដំណាំទាំងអស់នេះ លិចខូច សល់ប៉ុន្មាន យកប៉ុណ្ណឹង។ ព្រោះកសិករទាំងអស់ បានទទួលព័ត៌មានជាមុនថា នឹងមានទឹកជំនន់ទន្លេ ជន់ឡើង ហើយចំណុចទួលព្រែកតាឃ្លោកនេះ លុះត្រាតែទឹកទន្លេមេគង្គ ជន់ឡើងដល់កម្រិត ប្រកាសអាសន្ន កម្ពស់ជាង ១៥ ម៉ែត្រ ទើបទឹកមកដល់ចម្ការម្រះនេះ។

ពាក់ព័ន្ធនឹងរបបទឹកជំនន់ទន្លេមេគង្គ ខុសរដូវនេះដែរ បុរសវ័យ ៨០ ឆ្នាំម្នាក់ទៀត ដែលកំពុងសម្អាតស្មៅ ដាក់ជីចម្ការឪឡឹក ជាមួយភរិយា បានរំលឹកថាៈ បើសិនជាទឹកទន្លេនេះ ឡើងជន់លិចកោះសូទិន និងកោះប៉ែនមែននោះ នឹងពិតជាដូចកាលលោក នៅអាយុ ១៣-១៤ ឆ្នាំ ប្រមាណ ៦០ ឆ្នាំមុន គឺកាលនោះចៅអធិការ វត្តចុងកោះសូទិននេះ បានធ្វើបុណ្យកឋិនទាន ដង្ហែជិះទូកឆ្លងកាត់ ទួលព្រែកតាឃ្លោក និងទួលកោះប៉ែន ឃុំកោះមិត្ត ចូលវត្តអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម។

បុរសវ័យចំណាស់រូបនេះ បានបន្តថាៈ ពិសេសបើទឹកទន្លេមេគង្គឡើង ដូច្នេះប្រាកដមែន គឺគ្រួសារពីរនាក់ប្តីប្រពន្ធ នឹងខាតបង់ថវិកា ប្រហែលជាង ៣០ ម៉ឺនរៀល ដែលបានចំណាយទុន លើចម្ការឪឡឹក និងកម្លាំងពលកម្ម ឥតប្រយោជន៍។ ជាក់ស្តែង អ្នកមានចម្ការជិតខាងមួយចំនួន បានបោះបង់ លែងមើលថែដំណាំ ក្រោយពីទទួលព័ត៌មានថា នៅថ្ងៃទី២៦ ខែតុលា ខាងមុខ ទឹកជំនន់ទន្លេមេគង្គ នឹងជន់ឡើងកម្ពស់ជាង ១៤ ម៉ែត្រនោះ។

លោក ឈាន សុខខេង មន្ត្រីស្មៀនឃុំកោះសូទិន ស្រុកកោះសូទិន បានឱ្យដឹង នៅថ្ងៃទី២៣ តុលាថាៈ ជំនន់ទឹកទន្លេមេគង្គ ខុសរដូវ ដែលហក់ឡើង ប៉ុន្មានថ្ងៃនេះ បានប៉ះពាល់ខូចខាត ដល់ផលដំណាំ របស់ប្រជាកសិករ ដែលដាក់ដាំ ក្នុងចម្ការ ទាំងប្រថុយថាន ប្រហែល ប្រាំ ហិកតា គឺភាគច្រើន នៅពោះអូរ តំបន់ព្រែកតាឃ្លោក។
លោក វ៉ែន នាង មេឃុំកោះមិត្ត ស្រុកកំពង់សៀម បានប្រាប់ថាៈ ជំនន់ទឹកទន្លេ មិនទៀងទាត់នោះ បានឡើងជន់លិចខូចខាតដំណាំ ប្រជាពលរដ្ឋ ជាសំណាប សន្ទូង នៅក្នុងអូរខាងភូមិស្វាយជ្រុំ និងដំណាំចេក នៅអូរខាងភូមិកោះប៉ែន «ក» សរុបប្រមាណ ប្រាំ ហិកតាដែរ ដែលពួកគាត់បានសាប និងស្ទូង ដោយផ្សងព្រេងនោះ។

គួរបញ្ជាក់ថា ទឹកជំនន់ទន្លេមេគង្គ ខេត្តកំពង់ចាម នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០ បានហក់ឡើងកម្ពស់ ១២,៤៧ ម៉ែត្រ បណ្តាលឱ្យប៉ះដល់ផលដំណាំ មួយចំនួន របស់ប្រជាកសិករ ដែលបាននាំគ្នាដាក់ដាំ ទាំងប្រថុយប្រថាននោះ ខណៈកម្រិតប្រកាសអាសន្ន របស់ទន្លេមួយនេះ កម្ពស់ ១៥,២០ ម៉ែត្រ។ ប៉ុន្តែនៅថ្ងៃទី ២៣ ខែតុលានេះ បានស្រកចុះវិញ នៅត្រឹមកម្ពស់ ១២,០៥ ម៉ែត្រ ៕S/

