ដោយៈ ពៅនិមល / ភ្នំពេញៈ ក្រោមគម្រោងជំនាញ សម្រាប់ការប្រកួតប្រជែង (S4C) មូលនិធិអភិវឌ្ឍន៍ជំនាញ ដែលជាស្ថាប័នមួយ បង្កើតឡើង ក្នុងការផ្តល់មូលនិធិ ដើម្បីជំរុញ និងលើកកម្ពស់ ការចូលរួមពីវិស័យឯកជន ក្នុងការបណ្តុះបណ្តាល បុគ្គលិកជំនាញ បានបើកសិក្ខាសាលាមួយ ស្តីពីរបៀបដាក់សំណើ គម្រោងបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ ដែលបានអនុវត្តរបស់ គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ។
លោក ជា កុកហុង អគ្គនាយករង នៃអគ្គនាយកដ្ឋាន គោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រង គម្រោងមូលនិធិ អភិវឌ្ឍន៍ជំនាញ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ កន្លងទៅ បានប្រាប់ឱ្យដឹងថាៈ សិក្ខាសាលានេះ រៀបចំឡើង ក្នុងគោលបំណង ដើម្បីឆ្លើយតប ទៅនឹងតម្រូវការវិស័យឯកជន សមាគម វិទ្យាស្ថានបណ្តុះបណ្តាល បចេ្ចកទេស និងដៃគូអភិវឌ្ឍន៍នានា ឱ្យកាន់តែយល់ច្បាស់ អំពីនីតិវិធី ក្នុងការដាក់សំណើគម្រោង ក៏ដូចជា ការចែករំលែកបទពិសោធន៍ និងគន្លឹះ ក្នុងការស្នើសុំមូលនិធិ សម្រាប់ការបណ្តុះបណ្តាលជំនាញ។


លោកបានបង្ហាញ ជំនឿជឿជាក់ថាៈ មូលនិធិអភិវឌ្ឍន៍ជំនាញ នឹងក្លាយទៅជាយន្តការមួយ ដែលកាន់តែមានប្រសិទ្ធភាព ក្នុងការគាំទ្រ ការលើកកម្ពស់ កម្រិតជំនាញ និងការបង្កើនឱកាសការងារ នៅកម្ពុជា ខណៈដែល ក្នុងរយៈពេល ២ ឆ្នាំមកនេះ មូលនិធិអភិវឌ្ឍន៍ជំនាញ ក្រោមថវិកាគាំទ្រ របស់រដ្ឋាភិបាលកម្ពុជា បានផ្តល់ហិរញ្ញប្បទាន ដល់គម្រោងបណ្តុះបណ្តាល ចំនួន ២២ គម្រោង ដែលមានសិក្ខាកាមសរុប ចំនួនជាង ១.៦០០ នាក់ ក្រោមកិច្ចសហការ រវាងវិស័យឯកជន ចំនួន ៤៩ ស្ថាប័ន និងវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន ១៧ ស្ថាប័ន។
លោកស្រី យូ បូរី អនុប្រធានសមាគមសហគ្រិន វ័យក្មេងកម្ពុជា បានមើលឃើញថាៈ សម្រាប់បច្ចុប្បន្នកាល យើងមានការអភិវឌ្ឍខ្លាំង អំពីទំនាក់ទំនង រវាងវិស័យឯកជន និងរដ្ឋាភិបាល ជាក់ស្តែង ភាគីរដ្ឋាភិបាល បានព្យាយាមបង្កើតឡើង នូវកម្មវិធីផ្សេងៗ ជាច្រើន ធ្វើយ៉ាងណាគៀងគរ ប្រមូលផ្តុំវិស័យឯកជន ទាំងសហគ្រាសធុនតូច និងមធ្យម និង មីក្រូហិរញ្ញវត្ថុ… ឱ្យចូលរួមបញ្ចេញមតិយោបល់ និងចេញជាសម្លេង លើកឡើងនូវ ការរំពឹងទុកជាដើម។

សូមបញ្ជាក់ថា សិក្ខាសាលា ស្តីពីរបៀបដាក់សំណើ គម្រោងបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ ដែលបានអនុវត្តរបស់ គម្រោងមូលនិធិ អភិវឌ្ឍន៍ជំនាញ ខាងលើ មានការចូលរួមពីសំណាក់ វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ សហគ្រាសធុនតូច និងមធ្យម សមាគមធុរកិច្ច និងតំណាងដៃគូអភិវឌ្ឍន៍នានា ក្រោយការគាំទ្រថវិកា ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) ក្រោមគម្រោងជំនាញ សម្រាប់ការប្រកួតប្រជែង (S4C) សរុបចំនួនប្រមាណ៦០នាក់៕/R