ដោយៈ បូ​រិ​ន​/​ភ្នំពេញៈ ផលិតករ​ភាពយន្ត​ឆ្នើម​អ្នកស្រី ពាន់ ភួង​បុប្ផា ផលិតករ​ភាពយន្ត​បាន វិលត្រឡប់​មកវិញ​ជាមួយ​ការត្រៀម​ជា​ស្នាដៃ​ថ្មី​ក្នុងឱកាស​ប្រកាស​សម្ពោធ​សៀវភៅ​ប្រលោមលោក​”​បើ​ខ្ញុំ​ជា​ស្រី​”​។​កាលពី​ល្ងាច​ថ្ងៃទី​២២ ខែតុលា​អ្នកស្រី​បានធ្វើការ​ឆ្លៀត​បង្ហើប​ដំណឹង​នៃ ការចេញ​ថត​ភាពយន្ត​ភាគ​ថ្មី​មួយ​និង​ជា​ភាពយន្ត​ចុងក្រោយ​របស់​អ្នកស្រី​គឺ​រឿង “​ស្នាម​ស្នេហ៍ សមុទ្រ​រាម​”​។

​អ្នកស្រី ពាន់ ភួង​បុប្ផា បាន​បញ្ជាក់ថា​អ្នកស្រី​បាន​ប្រមូលបាន​អ្នកនិពន្ធ​សៀវភៅ​ប្រលោមលោក វ័យក្មេង និង​មាន​ទេពកោសល្យ​ចំនួន​ប្រាំ​នាក់ និង​បាន​បញ្ចេញស្នាដៃ​ចំនួន​ពីរ​ហើយ​។ ស្នាដៃ​ទីមួយ ដែល​បាន​រួច​ចេញ​កាលពីមុន​នោះ​។ ម្សិលមិញ “​ក្លិប​អ្នកនិពន្ធ​ខ្មែរ ប៉ា​កា​មាស​” បាន​សម្ពោធ​ស្នាដៃ​ទ​ពីរ​ទៀត រឿង “​បើ​ខ្ញុំ​ជា​ស្រី​” ជា​ប្រភេទ​ប្រលោមលោក​បែប​កំប្លែង​យ៉ាង កម្រ​នោះ​ខណៈដែល​គំនិត​រឿង​របស់​អ្នកស្រី និង​និពន្ធ​ដោយ​កញ្ញា អ៊ិន បូ​បូ​។

​ក្រៅ​អំពី​ការប្រកាស​បើកសម្ពោធ​ន​សៀវភៅ​នេះ​លោកស្រី​ក៏​ប្រកាស​បញ្ចប់​ការផលិត​ភាពយន្ត​ដោយ​ក្រោម​ហេតុផល​ថា អ្នកស្រី​មាន​វ័យ​កាន់តែច្រើន ល្មម​ដល់​ពេលដែល​អ្នកស្រី​ត្រូវ សម្រាក​ខ្លះ និង​ត្រូវ​លៃ​ពេលខ្លះ សម្រាប់​ខ្លួនឯង​រួមទាំង​យក​ពេល​ទៅធ្វើ​កិច្ចការ​ផ្សេងទៀត ដែល​មិនសូវ​ធ្ងន់ធ្ងរ​ដូច​ការផលិត​ខ្សែភាពយន្ត​ភាគ ដែល​ត្រូវការ​ចំណាយពេល​វេលា កម្លាំងកាយ ប្រាជ្ញា ស្មារតី​ច្រើន​ហួសហេតុ​។

​អ្នកនិពន្ធ​វ័យ​៦៦​ឆ្នាំ​រូបនេះ​បញ្ជាក់ថា​បន្ទាប់ពី​អ្នកស្រី​ទើបនឹង​បើក​ការផលិត​ភាពយន្ត​ភាគ​រឿង “​កុមារី​វ័យ ២៥​ឆ្នាំ​” វគ្គ​៣ និង​រឿង “​រសជាតិ​អ្នកមាន​” បន្ត​បង្ហើយ​រឿង​មួយ​ភាគ​មួយទៀត សម្រាប់​ទូរទស្សន៍​ក្នុងស្រុក​មួយ​ដែរ គឺ​រឿង “​ស្នាម​ស្នេហ៍​សមុទ្រ​រាម​”​វគ្គ​២​ដែល​គ្រោង នឹង​ដំណើរ​ការផលិត​ក្នុងពេល​ឆាប់ៗ​។​

​បន្ទាប់ពី​បញ្ចប់រឿង​នេះហើយ​គឺ​អ្នកស្រី​សុំ​ដកខ្លួន​ពី​ការផលិត​រឿង​ប្រភេទ​សម្រាប់​ដាក់​ទូរទស្សន៍​នេះហើយ​។ ទោះជា​យ៉ាងណា​ពេល​នៅសល់​ពីនេះ គឺ​អ្នកស្រី​នឹង​ផ្ដោត​ទៅ​ការ​ចងក្រង​ក្រុម​អ្នក និពន្ធ​សរសេរ​រឿង​ប្រលោមលោក​ជា​ជំនួស​វិញ​។ កិច្ចការ​នេះ អ្នកស្រី បាន​បង្កើត “​ក្លិប​អ្នកនិពន្ធ​ខ្មែរ ប៉ា​កា​មាស​” ដែលមាន​អាយុកាល​ជិត ពីរ​ឆ្នាំ​ហើយ​។ អ្នកស្រី​នឹង​យក​ពេល សល់​ពី​ការផ្អាក​ផលិត​រឿង មក​ផលិត​សៀវភៅ​ប្រលោមលោក​វិញ ព្រោះតែ​លោក​បាន​មើល ឃើញថា ការប្រើប្រាស់​ភាសាជាតិ​នឹង​កាន់តែ​ប្រឈម​នាពេល​ខាង​។ ដូច្នេះហើយ​អ្នកស្រី ចង់​ធ្វើ​កិច្ចការ​ខ្លះ ដើម្បី​លើកកម្ពស់​ការប្រើ​ភាសាជាតិ ទាំង​ការនិយាយ សរសេរ និង​អាន​។​

​កញ្ញា គុយ កែវ​មរកត ប្រធាន​ផ្នែក​ទីផ្សារ​នៃ​រោងភាពយន្ត Major Cineplex by Smart ប្រលោមលោក​ទី​២​របស់ “​ក្លិប​អ្នកនិពន្ធ​ខ្មែរ ប៉ា​កា​មាស​” រឿង “​បើ​ខ្ញុំ​ជា​ស្រី​” បាន​បើកសម្ពោធ នៅ​ទីតាំង​រោងភាពយន្ត Major Cineplex by Smart ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​១​។

​កញ្ញា កែវ​មរកត ប្រធាន​ផ្នែក​ទីផ្សារ​នៃ​រោងភាពយន្ត​ទំនើប​នេះ បាន​គាំទ្រ​ចំពោះ​បេសកកម្ម របស់​ប្រលោមលោក ដែល​កញ្ញា​យល់ថា វា​នឹង​អំណោយផល​ដល់​ការលើកកម្ពស់​ការអាន និង​បង្កើត​ទម្លាប់​អាន​សៀវភៅ​។ ដូច្នេះហើយ ក្នុងនាម Major Cineplex by Smart កញ្ញា ពិតជា​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ដោយបាន​ផ្ដល់​ជាទី​តាំង​បើកសម្ពោធ​នា​រសៀល​ថ្ងៃ​ម្សិលមិញ​៕