ដោយៈ ពៅនិមល / ភ្នំពេញៈ លោក អេង ជាសាន ប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថាៈ នៅកម្ពុជា បច្ចុប្បន្ននេះ ប្រភេទត្រីធម្មជាតិ ខ្នាតធំ មានចំនួនតិច ជាងមុន ហើយនេះជាសញ្ញាមួយ បង្ហាញថា ការចាប់ច្រើន លើសលុប ដែលធ្វើឱ្យប៉ះពាល់ យ៉ាងខ្លាំង ដែលទាមទារឱ្យជំនួសវិញ នូវការចិញ្ចឹមវារីវប្បកម្ម។
ក្នុងពិធីអបអរសាទរ ទិវានៃការផ្លាស់ទីមច្ឆជាតិពិភពលោក កាលពីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ លោកប្រធានរដ្ឋបាលជលផល បានលើកឡើងថាៈ និយាយជារួម ត្រីធម្មជាតិ ឥឡូវនេះ មិនទាន់មានការថយចុះខ្លាំងទេ ប៉ុន្តែយើងបានផ្លាស់ប្តូរ សមត្ថភាពហើយ និងក៏ជាការមួយ ដែលត្រូវចាប់ផ្តើមផងដែរ ដោយសារប្រភេទត្រីធំ តិចជាងមុន ហើយត្រីល្អិតច្រើន ដូចនេះ ការជំនួសមកវិញ គឺការធ្វើវារីវប្បកម្ម ដើម្បីបំពេញតម្រូវការ ក្នុងស្រុក ពិសេសក្នុងអំឡុងវិបត្តិកូវីដ ១៩ និងឈានដល់ការនាំចេញផងដែរ។


លោកបានបន្តថាៈ ការងារនេះ ក្រសួងកសិកម្ម តែងតែជំរុញជាប្រចាំ ហើយយើងក៏មានផែនការយុទ្ធសាស្ត្រ និងផែនការជាប្រចាំឆ្នាំផងដែរ ក្នុងការជំរុញការងារនេះ ដោយសហការជាមួយដៃគូពាក់ព័ន្ធ ការស្រាវជ្រាវ និងការអភិវឌ្ឍផ្សេងៗ ដើម្បីជំរុញបច្ចេកវិទ្យា ឱ្យបានល្អប្រសើរ ហើយធ្វើយ៉ាងណា ឱ្យតម្លៃផលិតកម្ម ក្នុងការផលិត ពិសេសផលត្រីចិញ្ចឹម បានការចំណាយតិច និងមានការប្រកួតប្រជែង ក្នុងតំបន់ ហើយផ្គត់ផ្គង់ឱ្យបានឆាប់រហ័ស។
ជាមួយគ្នានេះ លោកអំពាវនាវ ដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមថែរក្សាការពារ នូវធនធានជលផល ដែលតាមរយៈ ការមិនប្រព្រឹត្តនួវ ការល្មើសនេសាទ ដែលគោរពតាមលិខិតបទដ្ឋាន ហើយធ្វើនេសាទត្រឹមត្រូវ និងខិតខំចូលរួមបន្ថែម ក្នុងការជំរុញការងារអភិវឌ្ឍន៍ វារីវប្បកម្ម ដោយសារសក្តានុពល ហើយវារីវប្បកម្មនេះ គឺមានកម្រិតធំធេង ដែលយើងគួរតែជំរុញ ដែលនាំឱ្យបង្កើនជាចំណូល ដល់សេដ្ឋកិច្ចរបស់ ប្រជាពលរដ្ឋផ្ទាល់ បង្កើនការងារ ក៏ដូចជា បង្កើននូវចំណូលដល់ សេដ្ឋកិច្ចជាតិផងដែរ។


ទាក់ទិននឹងទិវានៃការផ្លាស់ ទីមច្ឆជាតិពិភពលោក លោកស្រី ឡូរ៉ា ស៊ីម៉ូ (Laura Cizmo) តំណាងទីភ្នាក់ងារ USAID បានបញ្ជាក់ថាៈ ការរៀបចំឡើងនូវទិវានេះ ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹង ការស្រលាញ់ធម្មជាតិ និងការរស់នៅ ប្រកបដោយចីរភាព ខណៈដែល នៅលើពិភពលោក ពូជត្រីបន្លាស់ទី មានរហូតដល់ ៧០ ទៅ ៨០ ភាគរយ ទូទាំងពិភពលោក មានការធ្លាក់ចុះ ក្នុងរយៈពេល មួយសត្សវត្សរ៍ ចុងក្រោយនេះ ដែលជាការព្រួយបារម្ភបំផុត។
លោកស្រី បានបន្ថែមថាៈ ការផ្លាស់ទីរបស់សត្វត្រី មានសារៈសំខាន់ណាស់ ដើម្បីបំពេញវដ្តជីវិត ពងកូន រកចំណី និងរកទីជំរកសុវត្ថិភាព។
ក្នុងឱកាសប្រារព្ធទិវានេះដែរ អ្នកពាក់ព័ន្ធខាងលើ បានលែងកូនត្រី និងត្រីពូជ រួមមានប្រភេទត្រីគល់រាំង ត្រីរៀល ត្រីព្រួល និងត្រីប្រា សរុបចំនួន ប្រមាណ ១ ម៉ឺនកូន ចូលក្នុងទន្លេមេគង្គ ស្ថិតនៅមុខព្រះបរមរាជវាំង រាជធាភ្នំពេញ៕/R
