ដោយៈ វណ្ណៈ / ព្រះសីហនុៈ រថយន្តកុងតឺន័រ ពីរគ្រឿង បានបុកប៉ះគ្នា យ៉ាងពេញទំហឹង នៅវេលាម៉ោងជាង ១ រសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅលើវិថីផែ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ក៏ប៉ុន្តែហេតុការណ៍នេះ មិនបណ្ដាលឲ្យមានមនុស្ស មានគ្រោះថ្នាក់ ដល់អាយុជីវិត ឬរងរបួសនោះទេ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មានរថយន្តកុងតឺន័រ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-2355 បើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចខាងលើ ជាន់ហ្វ្រាំងមិនស៊ី ក៏បានជ្រុលចង្កូត ទៅបុកប៉ះពីក្រោយ រថយន្តកុងតឺន័រ មួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 3A-2835 ដែលកំពុងធ្វើដំណើរ ស្របទិសគ្នា ពីខាងកើត ទៅខាងលិច បណ្ដាលឱ្យខូចខាត រថយន្តទាំងសងខាង យ៉ាងដំណំ ក៏ប៉ុន្តែហេតុការណ៍នេះ មិនបណ្ដាលឲ្យមានមនុស្ស មានគ្រោះថ្នាក់ ដល់អាយុជីវិត ឬរងរបួសនោះទេ។

សមត្ថកិច្ចជំនាញ បានចុះវាស់វែង ពិនិត្យកន្លែងកើតហេតុ និងរក្សាទុកវត្ថុតាង រថយន្តទាំងពីរគ្រឿង ខាងលើ ដើម្បីយកទៅដោះស្រាយ និងអនុវត្ត តាមនីតិវិធីច្បាប់ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ៕S/
