ដោយៈ រ៉ាម៉ន / ភ្នំពេញៈ អំណោយជាអង្គប្រមាណជាង ៥០០ តោន របស់សប្បុរសជន ចំនួន ពីរក្រុម បានប្រគល់ជូន មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តចាត់ចែងជួយ ទៅដល់ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយជំនន់ទឹកភ្លៀង ដែលបាននឹងកំពុងប្រឈម រហូតមកដល់ពេលនេះ។ ពិធីប្រគល់ និងទទួលខាងលើ បានធ្វើឡើង នារសៀល ថ្ងៃទី២៣ តុលា នេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ អំណោយសរុប មានអង្ក ចំនួន ៥០២ តោន ដោយក្រុមទី១ មានចំនួន ៤៨២ តោន និងមួយក្រុមទៀត ចំនួន ២០ តោន ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ និងបានកោតសរសើរ ចំពោះទឹកចិត្តសប្បុរសធម៌ របស់សប្បុរសជន ខាងលើ ដែបានចូលរួម ផ្តល់អំណោយមនុស្សធម៌ នាពេលនេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ។
ស្របពេលដែលប្រជាពលរដ្ឋ មួយចំនួន ក្នុងរាជធានីភ្នំពេញ កំពុងជួបនូវគ្រោះធម្មជាតិ ដោយទឹកជំនន់ ដែលត្រូវការជំនួយឧបត្ថម្ភ ពីសប្បុរសជននានា ដើម្បីសង្គ្រោះអាយុជីវិត ប្រជាពលរដ្ឋ ហើយលោក បានសន្យាថា រាល់អំណោយរបស់ សប្បុរសជនទាំងអស់ នឹងនាំយកទៅចែក ជូនដល់ដៃ ប្រជាពលរដ្ឋរងគ្រោះ ពិតប្រាកដ ហើយបើនៅសេសសល់ នឹងយកទៅជួយ ដល់ប្រជាពលរដ្ឋក្រីក្រ នៅតាមមូលដ្ឋាន ដោយមិនធ្វើអោយម្ចាស់អំណោយ ខកបំណងឡើយ៕S/