ក្លឹប Real Madrid នឹងពិចារណាតែងតាំងលោក ម៉ូរីស៊ីយ៉ូ ប៉ូចេតទីណូ (Mauricio Pochettino) ឬអតីតខ្សែប្រយុទ្ធឆ្នើម រ៉ាអ៊ូល (Raul) ជាអ្នកចាត់ការបន្ទាប់ ប្រសិនបើក្លឹបនេះសម្រេចចិត្ត បណ្តេញលោក ហ្ស៊ីណេឌីន ហ្ស៊ីដាន (Zinedine Zidane) ដែលកំពុងស្ថិតនៅក្រោមសម្ពាធ ចេញពីក្លឹប។
ក្លឹប Real ប្រកួតចាញ់ក្រុម Shakhtar Donetsk ៣-២ ក្នុងប្រកួតបើកឆាកក្របខណ្ឌឆេមពាន លីកកាលពីថ្ងៃពុធ ក្រោយពីត្រូវគូប្រកួតរបស់ខ្លួននាំមុខមុន៣-០ តាំងពីនៅតង់ទី១ ហើយក្រុម នេះក៏ប្រកួតចាញ់ក្រុមចំណូលថ្មី Cadiz កាលពីសប្តាហ៍មុនផងដែរនៅក្របខណ្ឌ La Liga ។
លោក ហ្ស៊ីដាន បានប្រើពេលមួយម៉ោងទើបមកដល់កន្លែងធ្វើសន្និសីទកាសែតក្រោយការ ប្រកួតកាលពីថ្ងៃពុធ ហើយស្ថិតក្រោមសម្ពាធនៅពេលក្រុមរបស់លោកត្រូវប្រឈមមុខ ជាមួយក្រុម Barcelona នៅថ្ងៃសៅរ៍នេះ។
លោក ផ្លរិនទីណូ ផេរ៉េស (Florentino Perez) ប្រធានក្លឹប Real Madrid អាចពិចារណាបេក្ខភាព លោក ប៉ូចេតទីណូ និង រ៉ាអ៊ូល ជាអ្នកស្នងតំណែងប្រសិនបើក្លឹបនេះសម្រេចបណ្តេញគ្រូបង្វឹក សញ្ជាតិបារាំងរូបនេះមែន។
របាយការណ៍បានបង្ហាញថា លោក រ៉ាអ៊ូល ដែលលើកពាន១៦គ្រឿងក្នុង រយៈពេល១៦ឆ្នាំនៅ ពហុកីឡាដ្ឋាន Bernabeu នោះ គឺជាជម្រើសដ៏ស័ក្តិសម។ រ៉ាអ៊ូល ធ្វើបានល្អ ចាប់តាំងពីចូល ដឹកនាំក្រុមយុវជន ប៉ុន្តែនៅមានការសង្ស័យច្រើនជុំវិញថា តើគ្រូបង្វឹករូបនេះបានត្រៀមខ្លួន រួចហើយឬនៅ៕ ប្រែសម្រួល: ពិសិដ្ឋ
