ដោយៈប.ខុន/ភ្នំពេញៈអាជ្ញាធរខេត្តព្រះសីហនុមានការព្រួយបារម្ភពីការលិចលង់ទីក្រុង ដោយសារ នៅថ្ងៃទី២៣ ខែតុលា នេះ ទឹកសមុទ្រជោរខ្ពស់ខុសប្រក្រតីចូលទៅក្នុងប្រឡាយអូរដែលជាផ្លូវដោះទឹកភ្លៀង ប្រសិនបើមានភ្លៀងធ្លាក់មកច្រើនចំពេលនេះ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅ ថ្ងៃទី២៣ខែតុលាឆ្នាំ២០២០ថាទឹកសមុទ្រព្រឹកថ្ងៃនេះ(២៣តុលា)មានសភាពជោរ ឡើងខ្ពស់ខុសសព្វដងចូលតាមប្រឡាយ និង អូររំដោះទឹកភ្លៀងនៅក្នុងក្រុងព្រះ សីហនុដែលសភាពទឹកឡើងលិចឆ្នេរមកជិតដល់ផ្លូវ។ ចំពេលនេះ បើមានភ្លៀងខ្លាំង ក្រុងព្រះសីហនុមុខតែលិចលង់ច្រើនម៉ោងហើយ តែសំណាងល្អមិនមានភ្លៀង។

នៅថ្ងៃដដែលនេះលោកអភិបាលខេត្ត បានធ្វើការណែនាំទៅដល់មន្ទីរធន ធានទឹកនិងឧតុនិយមខេត្តព្រះសីហនុឱ្យធ្វើការតាមដានមើល អំពីការជោរឡើង ខុសប្រក្រតីរបស់ទឹកសមុទ្រនៅថ្ងៃនេះនិងឱ្យចុះពិនិត្យមើលទំនប់ការពារទឹកប្រៃ ដើម្បីកុំឱ្យមានលិចលង់ដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ។
លោកហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៣ ខែតុលាថា ទឹកសមុទ្រធម្មតាជោរឡើង ខ្លាំងនៅក្នុងខែ១១និងខែ១២ជារៀងរាល់ឆ្នាំ ដែលធម្មតាមានកម្ពស់ក្នុងរង្វង់០.៩០ ម៉ែត្រ និងអាចលើស១ម៉ែត្របន្តិចក្នុងមួយឆ្នាំមានមួយថ្ងៃ។ កាលពីក្នុងឆ្នាំ២០១៦ ខែ១២ ទឹក សមុទ្របានជោរដល់កម្ពស់១.២២ម៉ែត្រធ្វើឱ្យហូរហៀរកាត់លើទំនប់ទឹកប្រៃធ្វើឱ្យខូចដំណាំស្រូវ។ ទឹកសមុទ្រជោរខ្ពស់បែបនេះក្នុងពេលបីទៅបួនឆ្នាំទើបកើតមានម្តង។


លោកប្រធានមន្ទីរនិយាយឱ្យដឹងទៀតថានៅថ្ងៃនេះតាមការព្យាករកម្ពស់ ទឹកសមុទ្រជោរមានកម្ពស់១.០៥ម៉ែត្រ ដោយធម្មតាពេលជោរឡើងដល់កម្រិត ទឹកចាប់នាចទៅវិញ តែនៅថ្ងៃនេះទឹកជោរដល់កម្ពស់១.០៥ម៉ែត្រហើយមិននាច ទៅវិញភ្លាមៗ គឺនៅនឹងតាមព្រែក អូរ និង ប្រឡាយដោះទឹកក្នុងទីក្រុងរយៈពេល រហូតពីបីទៅបួនម៉ោងយ៉ាងចម្លែក ។ ទោះជាយ៉ាងណាទឹកជោរខុសប្រក្រតី នេះ មិន បានហូរហៀរលើខ្នងទំនប់ការពារទឹកប្រៃនៅឡើយទេ ។
លោកនេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និង នេសាទព្រះសីហនុ បានប្រាប់រស្មីកម្ពុជានៅថ្ងៃទី២៣ខែតុលាថា រាល់ឆ្នាំទឹកសមុទ្រជោរខ្លាំងនៅក្នុង ខែ១១និងខែ១២ ។ ទឹកសមុទ្រជោរនាចធម្មតាក្នុងរង្វង់០.៦០ម៉ែត្រ តែដល់ក្នុងខែ កក្តឹកបែបនេះទឹកជោរដល់រង្វង់មួយម៉ែត្រឬលើសមួយម៉ែត្រ។ ទឹកជោរខ្ពស់មាន អំណោយផលល្អដល់ព្រៃកោងកាង តែមិនល្អដល់ដំណាំផ្សេងទេ៕/R
