ក្លឹបChelsea ក្លឹប Manchester United និង Bayern Munich កំពុងប្រទាញប្រទុងគ្នា ដើម្បីចុះ កិច្ចព្រមព្រៀងផ្ទេរខ្សែបម្រើ ឌែនីស ហ្សាការៀ (Denis Zakaria) របស់ក្លឹប Monchengladbach ។
កីឡាករវ័យ២៣ឆ្នាំរូបនេះនៅសល់កិច្ចសន្យាលេងពីរឆ្នាំជាមួយក្លឹបអាល្លឺម៉ង់នេះ ប៉ុន្តែក្លឹប Gladbach នៅតែមានជំនឿថា ខ្លួនអាចទាមទារបានតម្លៃ៤៥លានផោន។
ក្លឹប Bayern ជាជើងឯកឆេមពានលីកនិងក្លឹបពីរផ្សេងទៀតនៅក្របខណ្ឌព្រីមីញ៉េលីកនឹងប្រជែង យកកីឡាករ ហ្សាការៀ នៅរដូវក្តៅឆ្នាំក្រោយខណៈពួកគេសំដៅពង្រឹងជម្រើសតំបន់បម្រើ របស់ខ្លួន។
កីឡាករសញ្ជាតិស្វ៊ីសរូបនេះលេងនៅតំណែងបម្រើនិងបានបង្ហាញមុខ៩៦លើកសម្រាប់ក្រុម Gladbach ចាប់តាំងពីចាកចេញពីក្លឹប Young Boys កាលពីឆ្នាំ២០១៧។ កីឡាកររូបនេះបន្ត កសាងសមត្ថភាពជាមួយក្លឹបនេះ និងលេងក្នុងកម្រិតអន្តរជាតិដោយលេងឲ្យជម្រើសជាតិបាន ២៨លើក ចាប់តាំងពីបង្ហាញមុខលើកដំបូងក្នុងឆ្នាំ២០១៦។
ក្លឹប Chelsea របស់លោក ឡាំផាត មានការមមាញឹកខ្លាំង អំឡុងរដូវកាលទិញដូររដូវក្តៅ ដោយនាំចូលកីឡាករថ្មី៧រូប។ ចំណុចមួយដែលគ្រូបង្វឹកក្រុមតោខៀវឆេលស៊ីមិនផ្លាស់ប្តូរច្រើន គឺតំបន់បម្រើដែលកាន់កាប់ដោយកីឡាករ អឹនហ្គោឡូ កានតេ (Ngolo Kante) និង ជ័រជីញ៉ូ (Jorginho) ៕ ប្រែសម្រួល: ពិសិដ្ឋ