ដោយៈសុផល/កំពង់ធំៈនៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា អមដោយតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ៤០០គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងឃុំក្លែង និងឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងពិធីចុះសាកសួរសុខទុក្ខ និងចែកអំណោយក្នុងឱកាសនេះឯកឧត្តមកត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានពាំនាំនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរ។ដែលព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋក៏ដូចជាមតិផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំ រដ្ឋសភា ព្រឹទ្ធសភា ជាពិសេសពីសម្តេចអគ្គមហាសេនាធិបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាដែលបាននឹងកំពុងមមាញឹកក្នុងការចុះជួបនិងជួយប្រជាពលរដ្ឋនៅតាមតំបន់រងគ្រោះនានា។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តមកត្តិនីតិកោសលបណ្ឌិតងួនញ៉ិលបានថ្លែងនូវកោតសរសើរដល់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំយកអស់កម្លាំងកាយចិត្តជួយដល់បងប្អូនប្រជាពលរដ្ឋ។ និងបានសម្តែងនូវការអរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភនូវថវិកាព្រមទាំងសំភារៈផ្សេងៗយកមកចែកជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងគ្រាដ៏លំបាកនេះ។

ជាមួយគ្នានេះដែរឯកឧត្តមកត្តិនីតិកោសលបណ្ឌិតងួនញ៉ិលក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងក្នុងខណៈពេលដែលប្រទេសយើងកំពុងជួបគ្រោះទឹកជំនន់សូមបងប្អូនរក្សាអនាម័យក្នុងការរស់នៅជាប់ជាប្រចាំនិងសូមប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ថែរក្សាសុខភាពជាពិសេសរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

អំណោយដែលប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ទាំង៤០០គ្រួសារទទួលបាន រួមមាន ៖ អង្ករ ២៥គីឡូក្រាម មីជាតិ ១កេស ទឹកសុទ្ធ ១កេស ត្រីខកំប៉ុង ១យួរ ទឹកស៊ីអ៊ីវ ១យួរ សាប៊ូ Protex ១ប្រអប់ (៤ដុំ) សាប៊ូ Viso ១គីឡូក្រាម៕S/

