ដោយៈ ប.ខុន / ភ្នំពេញៈ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ជាប្រធានមុខព្រួញ ក្រុមមន្ត្រីបច្ចេកទេស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ បានចុះពិនិត្យស្ថានភាពទឹក និងបញ្ជាការងារអន្តរាគមន៍ នៅទំនប់អាងទឹកត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
កាលពីវេលាជិតភ្លឺ ថ្ងៃទី២២ ខែតុលា ទឹកហូរចុះមកពីអូរកំបុត (ប្រទេសថៃ) និងមកពីប៉ែកខាងអាងទឹកស្ទឹង ក្នុងខេត្តឧត្តរមានជ័យ ធ្វើឲ្យបរិមាណទឹក កើន ឡើងលើស ២០០ លានម៉ែត្រគូប គំរាមកំហែងដល់ ទំនប់អាងត្រពាំងថ្ម មានលទ្ធភាពស្តុកទឹក អតិបរមា ត្រឹមប្រមាណ ១៨០ លានម៉ែត្រគូប។

ក្នុងស្ថានភាពក្នុងអាង មានទឹកច្រើន លើសកណត់នេះ ក៏មានខ្យល់បក់ខ្លាំង បង្កជារលក វាយជើងទេរទំនប់ ដែលប្រុងប្រយ័ត្ន និងការពារ ដោយមានការចូលរួម សហការពីកម្លាំងអាជ្ញាធរថ្នាក់ស្រុក និងបងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋាន យ៉ាងសស្រាក ់សស្រាំ រួមទាំងគ្រឿងចក្រ រៀបបាវដី ដើម្បីការពាររលក វាយជើងទេរទំនប់ ដែលមានប្រវែងសរុបជាង ២០ គីឡូម៉ែត្រ។
ក្នុងពេលបរិមាណទឹក កើនឡើងច្រើន លើសតម្រូវការកំណត់នេះ រាល់ទ្វារទឹក និងច្រកចេញរបស់ប្រព័ន្ធអាងទឹកត្រពាំងថ្ម បានបើកចំហរ អស់រយ:ពេលជាង ១ សប្តាហ៍មកហើយ តាមបទបញ្ជារបស់លោករដ្ឋមន្ត្រី ៕/V







