ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ក្រុមអន្តរាគមន៍ នៃមន្ត្រីគយ ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៥ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ តំបន់៥ ប្រចាំខេត្តបន្ទាយមានជ័យ និងមន្ត្រីផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានឃាត់រថយន្ត ១ គ្រឿង ដែលលួចដឹកផលិតផល គ្រឿងក្នុងជ្រូកចម្រុះ ចំនួនជាង ៣ តោន ។

ការឃាត់ការនាំចូលផលិតផលនេះ បានធ្វើឡើង កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចទីស្នាក់ការគយចល័ត នៃអង្គភាពខាងលើ នាភូមិទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ការឃាត់រថយន្ត ព្រោះមានការសង្ស័យ និងដែលផុតប្រកាសមុននោះ នាំអោយឆែក ក្នុងរថយន្ត បានរកឃើញគ្រឿងក្នុងជ្រូក មានដូចជា សាច់ជ្រូក អណ្តាត ឆ្អឹងជំនីរជ្រូក និងគ្រឿងក្នុងជ្រូកចម្រុះ ចំនួន ៥៦ កេស ស្មើនឹង ៣.៣៦០ គីឡូក្រាម និង ១ កេស ស្មើ ៦០ គីឡូក្រាម ។ នៅរសៀលថ្ងៃដដែល មន្ត្រីជំនាញ បានយកផលិតផលទាំងនោះ ទៅបំផ្លាញចោល ៕S/


រូបថត៖ពេទ្យសត្វនិងគយចល៌តតំបន់៥បន្ទាយមានជ័យបង្ក្រាបផលិតផលគ្រឿងក្នុងសត្វជ្រូកជាង៣តោន ( រូប៖ ប.ជ័យ )