ដោយៈ អង្គរតូច / សៀមរាបៈ កុលាលភាជន៍ ចំនួន ១៩ ថ្មដុសចំនួន២ អង្រែកិនថ្នាំ១ និងបំណែកកុលាលភាជន៍ ចំនួន៣០ ដែលបានពីការស្តារប្រឡាយ នៅបរិវេណថ្នាលបណ្តុះកូនឈើ ប្រាសាទព្រះខ័ន កាលពីដើមឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានយកមករក្សាទុក ដើម្បីជួសជុល នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។
តាមការបញ្ជាក់របស់លោក ញ៉ែម រស្មី មន្ត្រីនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា ហើយបានត្រូវបានទំព័រហ្វេសប៊ុក របស់អាជ្ញាធរជាតិមួយនេះ ដកស្រង់សំដី ឱ្យដឹងថាៈ កុលាលភាជន៍ និងថ្មកិនថ្នាំ ដែលរកឃើញដ៏ច្រើននេះ គឺជីកបាននៅខែមីនា ឆ្នាំ២០២០ នៅពេលក្រុមការងារ ស្តារប្រឡាយ ចំនួន ១.៧០០ ម៉ែត្រ នៃបរិវេណប្រាសាទព្រះខ័ន។ វត្ថុបុរាណទាំងអស់នេះ ស្ថិតនៅរាយប៉ាយពីគ្នា ក្នុងជម្រៅ ១ម៉ែត្រជាង។
លោកបានបន្តថាៈ ក្រោយប្រទះឃើញ ក្រុមការងារ ក៏បានរក្សាទុកវត្ថុបុរាណ ទាំងអស់ រហូតដល់បញ្ចប់ការស្តារប្រឡាយ ទើបប្រគល់ជូន មជ្ឈមណ្ឌលស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ យកទៅអភិរក្ស ដោយមានការដឹងឭ ពីនគរបាលបេតិកភណ្ឌ ជាសាក្សី។
ចំពោះកិច្ចអភិរក្សវត្ថុបុរាណ ទាំងអស់នេះ អាជ្ញាធរជាតិអប្សរា នឹងយកទៅរក្សាទុក ដើម្បីចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ ដុសសម្អាត រួមទាំងជួសជុល ឱ្យផុតពីហានិភ័យ ទុកជាសម្បត្តិជាតិ ពិសេសគឺសម្រាប់សិក្សាស្រាវជ្រាវ ពីប្រវត្តិបន្ថែមទៀត៕S/