ដោយៈ អង្គរតូច / សៀមរាបៈ នៅមជ្ឈមណ្ឌល បណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌ» ក្រោមវត្តមានលោកស្រី Barbara J.Anello-Armani ជាសាស្ត្រាចារ្យបង្រៀន ភាសាអង់គ្លេស លើវិស័យការងារអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការ របស់អាជ្ញាធរជាតិអប្សរា បានផ្សព្វផ្សាយឱ្យដឹង នៅថ្ងៃនេះ។
ប្រពភដដែល បានបញញជាក់ថាៈ វគ្គបណ្តុះបណ្តាលនេះ ចាប់ពីថ្ងៃទី២២ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដល់សិក្ខាកាម មកពីមជ្ឈមណ្ឌល ខេមរសិក្សា និងអាជ្ញាធរជាតិព្រះវិហារ សរុបចំនួន ២៥ រូប ដែលជាគ្រូបង្រៀន កម្រិតបឋមសិក្សា អនុវិទ្យាល័យ និងអ្នកអប់រំបម្រើការងារ នៅតាមសារមន្ទីរ ក្នុងខេត្តសៀមរាប និងខេត្តព្រះវិហារ។
លោកស្រី Barbara J.Anello-Armani បានបញ្ជាក់ថាៈ វគ្គបណ្តុះបណ្តាលនេះបានសហការជាមួយ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ មជ្ឈមណ្ឌលខេមរសិក្សា និងអាជ្ញាធរជាតិព្រះវិហារ ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងដល់លោកគ្រូ អ្នកគ្រូដែលជាទិសដៅសំខាន់ ក្នុងការផ្សព្វផ្សាយបន្ត ដល់សិស្សានុសិស្ស ឱ្យបានស្គាល់ ស្រឡាញ់ និងចូលរួមថែរក្សា បេតិកភណ្ឌទាំងអស់គ្នា។
មិនតែប៉ុណ្ណោះ ក៏ដើម្បីបង្កើនសមត្ថភាព ផ្នែកភាសាអង់គ្លេស ដល់មន្ត្រី បុគ្គលិក អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិព្រះវិហារ ឱ្យមានសមត្ថភាព ទំនាក់ទំនងការងារ ជាមួយបុគ្គលិក, ឬអ្នកជំនាញអន្តរជាតិ ក្នុងបេសកកម្មការងារអភិរក្ស អភិវឌ្ឍន៍ប្រាសាទ។
កញ្ញា ម៉ៅ សេងយាន គ្រូបង្គោល នៃវគ្គបណ្តុះបណ្តាលនេះ បានឱ្យដឹងថាៈ រយៈពេល ២ ខែកន្លះ នៃវគ្គបណ្តុះបណ្តាលនេះ នឹងបង្រៀនសិក្ខាកាម អំពីតួនាទី និងភារកិច្ចរបស់ អាជ្ញាធរជាតិអប្សរា ទាក់ទងនឹងកិច្ចការអភិរក្ស និងការអភិវឌ្ឍ ប្រកបដោយចីរភាព នៅក្នុងតំបន់អង្គរ។
ក្រោយបញ្ចប់ វគ្គបណ្តុះបណ្តាល កញ្ញា សេងយ៉ាន សង្ឃឹមថា សិក្ខាកាមទាំងអស់ នឹងទទួលបានចំណេះដឹងថ្មីច្រើន ពីកិច្ចការអភិរក្សបេតិកភណ្ឌ ដើម្បីយកទៅអនុវត្តការងារ ក៏ដូចជា បង្រៀនដល់អ្នកផ្សេងៗទៀត បានល្អប្រសើរ ក្នុងការបណ្តុះគំនិត ឱ្យស្រឡាញ់សម្បត្តិវប្បធម៌ជាតិ កាន់តែខ្លាំងថែមទៀត៕S/