៣​ថ្ងៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ខេត្តកោះកុង​ទទួលភ្ញៀវ​ទេសចរ​សរុប​ជិត​៣​ម៉ឺន​៥​ពាន់​នាក់​

1407
ចែករម្លែក

​កោះកុង​/​សុ​ផានី​តា​៖ រយៈពេល​៣​ថ្ងៃ​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ខេត្តកោះកុង បានទទួល​ភ្ញៀវទេសច​រ​សរុប​ជិត​៣​ម៉ឺន​៥​ពាន់​នាក់ បើ​ធៀប​នឹង​ពេល​ដូចគ្នា​ឆ្នាំ​កន្លងទៅ គឺ​កើន​៥​ពាន់​នាក់​។ ដោយឡែក​បើតាម​សមត្ថកិច្ច​នគរបាល​ខេត្ត រក្សា​សន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ប្រព្រឹត្ត​ទៅដោយ​ដំណើរការ​ល្អប្រសើរ គ្មាន​ឧបសគ្គ​ណាមួយ​កើតមាន​ឡើយ​។​

៣​ថ្ងៃ​នៃ​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ចាប់ពី​ថ្ងៃទី​១៤​ដល់​១៦ ខែមេសា ខេត្តកោះកុង​បានទទួល ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​សរុប​ជិត​៣​មឺ​ុ​ន​៥​ពាន់​នាក់​។ តួ​លេ​នេះ បើ​ធៀប​នឹង​ថ្ងៃបុណ្យ​ចូលឆ្នាំ​២០១៧ គឺ​កើន​ជាង​៥​ពាន់​នាក់ ស្មើនឹង​១៥​ភាគរយ​។ ក្នុងនោះ ភ្ញៀវទេសច​ជាតិ​មាន​ចំនួន​២​ម៉ឺន មុន​៦​ពាន់ និង​ទេសចរ​បរទេស មាន​ចំនួន​ប្រមាណ​៨​ពាន់​៤​រយ​នាក់​។​

​លោក ប៊ុន បៀ​វ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង បាន​ថ្លែង​បញ្ជាក់ប្រាប់​រស្មី​កម្ពុជា ល្ងាច​ថ្ងៃទី​១៦ មេសា ថា លំហូរ​អ្នកទេសចរ​ដែល​មកលេង​តំបន់​រមណីយដ្ឋាន​ខេត្ត រួមមាន​៖ ឆ្នេរសមុទ្រ​ប៉ាក់​ខ្លង រមណីយដ្ឋាន​ទេសចរ​ធម្មជាតិ​ពាម​ក្រសោប ចេ​ត​យិ​ឃុ​ង​ឆាង​ឃុន​ផែន ច្រកព្រំដែន​ចាំ​យាម និង​ទឹកជ្រោះ​តា​តៃ​។​
​ក្រៅពី​ទៅលេង​កម្សាន្ត​តំបន់​រមណីយដ្ឋាន​សំខាន់​របស់​ខេត្ត ពលរដ្ឋ និង​អ្នកទេសចរ ក៏​ឆ្លៀត​ចូល​កម្សាន្ត​ល្បែង​ប្រជាប្រិយ ចោល​ឈូង ទាញ​ព្រ័​ត្ត លាក់កន្សែង ដណ្តើម​ស្លឹកឈើ និង​រាំលេង​ការប្រគុំ​តន្ត្រី​នៅមុខ​រដ្ឋបាលខេត្ត​ជាដើម​។ ចំពោះ​បញ្ហា​អនាម័យ​បរិស្ថាន​វិញ មាន​រៀបចំ​ទុកដាក់​វេច​ខ្ជ​ប់​ដាក់​ធុងសំរាម​ត្រឹមត្រូវ​ល្អ​។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត វាយតម្លៃ​ទៀតថា អំឡុងពេល​បុណ្យចូលឆ្នាំ​៣​ថ្ងៃ មាន​សេវា​ដឹក​អ្នកដំណើរ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ផ្ទះសំណាក់ សណ្ឋាគារ​មួយចំនួន​បាន​តម្លើងថ្លៃ និង​មួយចំនួនទៀត​មិន​ឡើងថ្លៃ​ទេ ដោយ​រក្សា​តម្លៃ​ដើម​នៅ​ដដែល​។ ផ្ទះសំណាក់ និង​សណ្ឋាគារ​តម្លើងថ្លៃ​ចន្លោះ​ពី​៧០​ភាគរយ​ទៅ​១១០​ភាគរយ ទោះបីជា​មន្ទីរ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្លាប់​ប្រកាស​ស្នើសុំ​មិនអោយ​អាជីវករ​លួច​តម្លើងថ្លៃ​ក៏ដោយ​។
​ដោយឡែក លោក សរ សារ៉ាត់ ស្នងការរង​នគរបាល​ខេត្តកោះកុង ឱ្យដឹង​ដែរ​ថា សមត្ថកិច្ច​គ្រប់​គោលដៅ ត្រៀម​ការពារ​ថែរក្សា​សន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ប្រជាពលរដ្ឋ និង​តំបន់​រមណីយដ្ឋាន​នានា​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​៣​ថ្ងៃ ប្រព្រឹត្ត​ទៅដោយ​ដំណើរការ​ល្អប្រសើរ​ទេ ពោលគឺ​ឧបសគ្គ​អ្វី​ឡើយ​។​

​បើ​និយាយ​ពី​ស្ថានការណ៍ បើ​ធៀប​នឹង​ឆ្នាំទៅ លោក​ស្នងការរង ថ្លែងថា ពុំមាន​បទល្មើស​ឧក្រិដ្ឋ ព្រហ្មទណ្ឌ គ្រោះ​អគ្គិភ័យ និង​គ្រោះថ្នាក់​ចរាចរណ៍​ទេ​។ ចំណែក​ការលេង​ល្បែង​ជះ​ទឹក​ដាក់គ្នា​តាមផ្លូវ​សាធារណៈ​ក៏​សមត្ថកិច្ច​តាមដាន និង​គ្រប់គ្រង​ស្ថានការណ៍​បានល្អ​ប្រសើរ​ណាស់​។
​ពិសេស ថ្ងៃ​ឆ្លង​ពិធីបុណ្យ​ឆ្នាំ​ថ្មី ក្រោយ​ស្រង់​ព្រះ​រួចរាល់ សមត្ថកិច្ច​បាន​ពង្រាយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​បាញ់​អោយ​ប្រជាពលរដ្ឋ​ងូត និង​រាំលេង​សប្បាយ​មុខ​សាលាខេត្ត​។​
​លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បានលើកឡើង​ជាថ្មី​ថា កោះកុង​សង្ក្រាន្ត រៀបចំឡើង​ក្នុងទិសដៅ​បង្កើត​បរិយាកាស​សាមគ្គីភាព​សប្បាយរីករាយ ផ្តល់ឱកាស​ឲ្យ​ក្រុមយុវជន ប្រជាពលរដ្ឋ បាន​ស្វែងយល់ និង​ផ្សព្វផ្សាយ​ពី​វប្បធម៌ អរិយធម៌​ខ្មែរ ព្រមទាំង​ទាក់ទាញ​ភ្ងៀ​វ​ជាតិ និង​អន្តរជាតិ​មកលេង​កាន់តែច្រើន​។​

​លោក​អភិបាលខេត្ត អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​មកលេង​ក​ម្សា​ន្ត​នៅ​ខេត្តកោះកុង​ដោយ​ក្តី​សប្បាយរីករាយ និង​ចូលរួម​ថែរក្សា​បរិស្ថាន​អនាម័យ​អោយបាន​ល្អ​ផង ដោយ​សំរាម​ទុកដាក់​ក្នុង​ធុងសំរាម ជៀសវាង​ចោល ពាសវាល​ពាសកាល​ធ្វើឱ្យ​បាត់បង់​សោ​ភ័​ណ្ឌ​ភាព​តំបន់​លេង​កម្សាន្ត​។​
​លោក ឃឿន មករា ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​ខេមរភូមិន្ទ និង​អ្នកស្រី សារ៉ម ស្រីមុំ អ្នកទេសចរ​ជាតិ ដែល​មក​ទស្សនា​ប្រព្រឹត្ត​ការណ៍​កោះកុង​សង្ក្រាន្ត ម្នាក់ៗ​សុទ្ធតែ​បាន​កោត សរសើរ​ចំពោះ​ការបង្កើត​អោយ​កម្មវិធី​នេះ​ឡើង ដើម្បី​បង្កលក្ខណៈ​សប្បាយរីករាយ​រួមគ្នា​ក្រោម ភាពសុខសាន្ត​នៃ​ប្រទេស​កម្ពុជា​។

​ក្រុម​ប្រជាពលរដ្ឋ​ដដែល បាន​ចាត់ទុកថា នេះ​ជា​ព្រឹត្តិការណ៍​ដ៏​សប្បាយរីករាយ​ធំ​មួយ​ប្លែក​ពី​ឆ្នាំមុន សម្រាប់​ខេត្តកោះកុង ពិសេស​ចាប់តាំងពី​លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត ឡើង​កាន់តែ​តំណែង​ជា​ថ្នាក់ដឹកនាំ​គ្រប់គ្រង​ជិត​១​ឆ្នាំនេះ​។ បន្ថែម​លើ​នេះ ពលរដ្ឋ​ស្នើឱ្យ​ថ្នាក់ដឹកនាំ​ខេត្ត​បន្ត​រៀបចំ​កម្មវិធី​សប្បាយៗ​ដូច្នេះ​ទៀត​នៅ​ឆ្នាំក្រោយៗ និង​សង់​រូប​ខ្នាត​យក្ស​ធំៗ​តំណាងអោយ​ខេត្តកោះកុង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម