ដោយៈ បូរិន / ភ្នំពេញៈ ការប្រកួតប្រដាល់ កំពូលជើងឯក Cell Card Champion សម្រាប់វគ្គជុំទី២ នៅលើសង្វ្រៀនស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ នឹងចាប់ផ្តើមហើយ នៅវេលាម៉ោង ៦ ល្ងាច ថ្ងៃសៅរ៍ ទី២៤ ខែតុលា នេះ ។ កីឡាករប្រដាល់ ស៊ឺន ថៃសាន់ និង កីឡាករប្រដាល់ ធន់ អៀនឡៃ នឹងជួបប្រកួតគ្នា ដើម្បីដណ្ដើមជ័យជំនះ សម្រាប់ឈានទៅវគ្គបន្តទៀត ក៏ប៉ុន្តែមិនដឹងថា តើនរណា នឹងមានសំណាងនោះទេ? ។
ជាគូសម្រាប់ថ្ងៃបើកឆាកជុំទី២ នៃការប្រកួតប្រដាល់ កំពូលជើងឯក TV5 Knock Out Series by Cellcard អ្នកប្រដាល់ ស៊ឺន ថៃសាន់ និង ធន់ អៀនឡៃ ទាំងពីររូបនេះ ក៏ជាកីឡាករ ដែលមានប្រជាប្រិយភាព និងមានអ្នកគាំទ្រ រង់ចាំទស្សនាយ៉ាងច្រើន ដោយចង់ដឹងថា នៅពេលពួកគេ ប៉ះគ្នាលើកនេះ លទ្ធផល នឹងទៅជាយ៉ាងណា? ។

សូមបញ្ជាក់ថា កាលពីល្ងាច ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ដែលការប្រកួតជុំទី១ កីឡាករគុនខ្មែរ ស៊ឺន ថៃសាន់ គ្រាន់តែចូលទឹកទី១ សម្រុកវាយលើដៃគូ នូវ សុខទី តែម្តង ដោយមិនស្ទាប់ស្ទង់អ្វីច្រើនឡើយ។ ទឹក១ និង ទី២ ស៊ឺន ថៃសាន់ វ៉ៃសម្រុកខ្លាំង ដូចតោហក់ ទៅត្របាក់កូនចៀម។ ប៉ុន្តែ នូវ សុខទី ក្នុងទឹក១ និង២ ហាក់បីដូចជាគិតខុស ពីដំបូង ដោយវាយឡបៗ ស្ទាបស្ទង់កម្លាំង ស៊ឺន ថៃសាន់ បែរជាធ្វើឱ្យបង្គោលក្រហម ស៊ឺន ថៃសាន់ មានការគាំទ្រច្រើន និងបានពិន្ទុច្រើន មុនទៅហើយ រហូតសម្រេចបានជ័យជំនះ ដោយពិន្ទុ ។
ចំណែកកីឡាករប្រដាល់គុនខ្មែរ ធន់ អៀនឡៃ ដែលធ្លាប់ជើងឯករង កាលពីប្រកួតលើកមុន ហើយលើកនេះ បង្ហាញខ្លួនជាថ្មី ក្នុងការចូលរួម ដណ្តើមខ្សែក្រវាត់ ការប្រកួតប្រដាល់កំពូលជើងឯក TV5 Knock Out Series by Cellcard ចង់ក្លាយជាម្ចាស់ជើងឯក នាឆ្នាំនេះ។ ជុំទី១ នៃការបើកឆាកការប្រកួត លើកមុននោះ ធន់ អៀនឡៃ បានប៉ះជាមួយជើងខ្លាំង ដូចគ្នា សេក សារ៉ាន់ ដោយឡើងវ៉ៃ បញ្ចេញក្បាច់ស្ទើរ បគ្រប់ស្នៀត និងជាពិសេស វ៉ៃសង្គ្រុប់លើ សេក សារ៉ាន រហូតចៅក្រមដាក់ពិន្ទុឱ្យ ធន់ អៀនឡៃ បានឈ្នះបន្តឡើង ជុំទី២ តែម្តង។

គ្មាននរណាម្នាក់ អាចទស្សន៍ទាយពីលទ្ធផល បានដឹងមុនឡើយ ដូច្នេះសូមទស្សនា នៅថ្ងៃសៅរ៍ វេលាម៉ោង ៦ ល្ងាច ទាំងអស់គ្នា លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ សម្រាប់ការប្រកួតប្រដាល់កំពូលជើងឯក TV5 Knock Out Series by Cellcard នៅព្រែកកំពឹស ថាតើកីឡាករ ស៊ឺន ថៃសាន់ ឬក៏កីឡាករ ធន់ អៀនឡៃ នរណា ជាអ្នកដណ្ដើមបានជ័យជំនះ ។ ទោះជាយ៉ាងណា គេរំពឹងថា ទាំងអ្នកឈ្នះ ទាំងអ្នកចាញ់ ប្រាកដជាទ្រមខ្លួនដូចគ្នា ៕/V
