ការប្រយុទ្ធគ្នាយ៉ាងខ្លាំងបានផ្ទុះឡើងកាលពីថ្ងៃសុក្រទី២៣តុលាជុំវិញតំបន់ណាហ្គ័រណូការ៉ាបាក់ ទោះបីជាអ្នកការទូតជាន់ខ្ពស់មកពីប្រទេសអាមេនីនិងអាស៊ែបៃហ្សង់បានធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនដើម្បីចរចាអំពីការដោះស្រាយជម្លោះដែលមានរយៈពេលរាប់ទសវត្សរ៍របស់ប្រទេសជិតខាងនេះក្តី។

រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិកលោក ម៉ៃ ផមផេវ បានជួបប្រជុំដាច់ដោយឡែកជាមួយរដ្ឋមន្រ្តីការបរទេសអាមេនីនិងអាស៊ែបៃហ្សង់សម្រាប់កិច្ចពិភាក្សាដែលធ្វើឡើងបន្ទាប់ពីការប៉ុនប៉ងបរាជ័យ២លើករបស់រុស្ស៊ីក្នុងការសម្របសម្រួលបទឈប់បាញ់នៅក្នុងការផ្ទុះជម្លោះដ៏អាក្រក់បំផុតនៅក្នុងតំបន់នេះក្នុងរយៈពេលជាង២៥ឆ្នាំមកនេះ។ មិនមានការអត្ថាធិប្បាយភ្លាមៗណាមួយពីភាគីទាំងពីរអំពីកិច្ចប្រជុំនេះទេ។

ភាគីជម្លោះបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានបាញ់ផ្លោងទៅលើតំបន់លំនៅដ្ឋានកាលពីថ្ងៃសុក្រ។ អាជ្ញាធរនៅតំបន់ណាហ្គ័រណូការ៉ាបាក់ និយាយថា ទីប្រជុំជនម៉ាតាកឺត និងភូមិជាច្រើននៅតំបន់ម៉ាទូនី ត្រូវបានវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់អាស៊ែបៃហ្សង់ពេញមួយយប់។ នៅថ្ងៃសុក្រដដែលនោះ ពួកគេនិយាយថា ទីប្រជុំជនម៉ាតាកឺតនិងតំបន់ម៉ាទូនីក៏ត្រូវបានវាយប្រហារដោយយន្តហោះចម្បាំងរបស់អាស៊ែបៃហ្សង់ផងដែរ។

ក្រសួងការពារជាតិអាស៊ែបៃហ្សង់បានបដិសេធការអះអាងនេះ ហើយចោទប្រកាន់កងកម្លាំងអាមេនីថាតម្រង់គោលដៅទៅលើតំបន់តឺតឺ តំបន់អាក់ដាំ និងតំបន់អាក់ចាបេឌីនៃប្រទេសអាស៊ែបៃហ្សង់ទាំងយប់។

ក្នុងពេលកំពុងប្រឈមមុខនឹងការបាញ់ផ្លោងឥតឈប់ឈរ ប្រជាជនជាច្រើនបានស្វែងរកការការពារខ្លួនពីគ្រាប់រ៉ុក្កែតនិងកាំភ្លើងធំ ដោយរត់ទៅជ្រកក្នុងបន្ទប់ក្រោមដីដ៏កខ្វក់។

គ្រួសារមួយចំនួនរួមទាំងកុមារនិងស្ត្រីវ័យចំណាស់បានជ្រកក្នុងបន្ទប់ក្រោមដីនៅសាលារៀនមួយនៅតំបន់ស្តេផាណាកឺតនៅជាយរដ្ឋធានីរបស់តំបន់ណាហ្គ័រណូការ៉ាបាក់៕ ដោយ ៖ កញ្ញាដាលីស

ការប្រយុទ្ធគ្នារវាងអាមេនីនិងអាស៊ែបៃហ្សង់នៅតែបន្ត ទោះបីអ្នកការទូតកំពូលរបស់ប្រទេសទាំងពីរទៅចរចាដល់ទីក្រុងវ៉ាស៊ីនតោន