ដោយៈ មូលសម្បត្តិ / ភ្នំពេញៈ បើតាមការផ្សាយ ក្នុងគេហទំព័រក្រសួងបរិស្ថាន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នេះ បានឱ្យដឹងថាៈ លោកសាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជួបប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយលោក បាន គីមូន ប្រធានវិទ្យាស្ថាន អភិវឌ្ឍន៍ បៃតងសកល (GGGI) ។
ប្រភពបានលើកឡើងថា លោក បាន គីមូន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់លោករដ្ឋមន្ត្រី ក្នុងការសម្រេចបានសមិទ្ធផលធំៗ ក្នុងវិស័យបរិស្ថាន គួរឱ្យកត់សម្គាល់ ដែលក្នុងនោះរួមមាន ការសិក្សាបុរេសមិទ្ធលទ្ធភាពនៃគម្រោងទាញយកឥន្ធនៈចំហេះ ពីសំណល់រឹង (RDF) ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ទីក្រុងគោលដៅ ការជំរុញការប្រើប្រាស់ ថាមពលនិរន្តរភាព និងការគ្រប់គ្រងសំណល់ នៅខេត្តបាត់ដំបង និងកែប ។
លោក សាយ សំអាល់ បានស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់ វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញ និងលើកកម្ពស់ ការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា តាមរយៈការកសាងគោលនយោបាយ និងយុទ្ធសាស្ត្រនានា ដើម្បីចូលរួមចំណែកបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៃការប្រើប្រាស់ធនធានធម្មជាតិ ការបញ្ចេញកាបូនិច ការរស់នៅដោយចីរភាព និងការកសាង ភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
លោករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងឋានៈជាសមាជិករបស់ អង្គការអភិវឌ្ឍន៍បៃតងសកល តាំងពីឆ្នាំ២០១១ មក កម្ពុជាបានចូលរួមចំណែក យ៉ាងសកម្ម ក្នុងកិច្ចការរៀបចំ គោលនយោបាយជាតិ រួមមាន គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍បៃតង ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការអាភិវឌ្ឍន៍បៃតង និងផែនទីបង្ហាញផ្លូវ អភិវឌ្ឍន៍បៃតង និងផែនការយុទ្ធសាស្ត្រ លើវិស័យអាទិភាព រួមមាន ផែនការអភិវឌ្ឍទីក្រុង និរន្តរភាពសម្រាប់រាជធានីភ្នំពេញ ២០១៨-២០៣០ កម្មវិធីវាយតម្លៃ ការតម្រង់ទិស គោលនយោបាយ ស្តីពីការអភិវឌ្ឍបៃតង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ទីក្រុងគោលដៅ ចំនួន៧ និងការសិក្សាបុរេសមិទ្ធលទ្ធភាព នៃគម្រោងទាញយកឥន្ធនៈចំហេះ ពីសំណល់រឹង (RDF) ។
លោក សាយ សំអាល់ និងលោកបាន គីមូន បានបេ្តជ្ញាបន្តពង្រឹង កិច្ចសហការរួមគ្នា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីគាំទ្រដល់ ការអនុវត្តន៍ សកម្មភាពរួមគ្នា ដែលចូលរួមចំណែក សម្រេចកម្មវិធីគោលនយោបាយជាតិ និងគោលដៅអភិវឌ្ឍន៍ ដោយចីរភាព នៅកម្ពុជា និងការងារបន្តការពង្រឹង សមត្ថភាពទាំង មន្ត្រីថ្នាក់ជាតិ និងស្ថាប័នថ្នាក់ក្រោមជាតិ និងបន្តកៀគរធនធាន គាំទ្រចាំបាច់នានា ក្នុងគោលបំណងរួមចំណែក សម្រេចគោលដៅ ការអភិវឌ្ឍដោយចីរភាព របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាទីបញ្ចប់នៃកិច្ចប្រជុំ លោក បាន គីមូន បានអបអរសាទរ នូវសមិទ្ធផលការងារ ដែលសម្រេចបានរួមគ្នា កន្លងមក ក្នុងកិច្ចសហការ រវាងវិទ្យាស្ថានអភិវឌ្ឍន៍ បៃតងសកល និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រសួងបរិស្ថាន។ លោកបានគោរពផ្តាំសួរសុខទុក្ខ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលជាមិត្តចាស់ ក្នុងអាណត្តិ ដែលលោក បំពេញតួនាទី ជាអតីតអគ្គលេខាធិការ អង្គការសហប្រជាជាតិ កន្លងមក និងសូមជូនពរ សុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ចការងារ ៕ ល/Ha