​រដ្ឋ​ម​ន្ត្រីៈ ការប្រឡងប្រណាំង​អង្គភាព​គំរូ នាំឱ្យ​ការងារ​ល្អ ដែល​ជួយ​បម្រើ ដល់​ប្រទេសជាតិ​

ដោយៈ​មូល​សម្បត្តិ / ភ្នំពេញៈ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ថ្លែងថាៈ ការប្រឡងប្រណាំង​ស្ថាប័ន​គំរូ ប្រចាំ​ក្រសួងបរិស្ថាន មិន​ត្រឹមតែ​ជួយ​បង្កើន​សមត្ថភាព ដល់​មន្ត្រី​ប្រចាំ​តាម​អង្គភាព​ទេ ប៉ុន្តែ​វា​ក៏​ជា​ផ្នែក​មួយ​សំខាន់ ដែល​ជួយ​ឱ្យ​កិច្ចការងារ រីកចម្រើន ដែល​បម្រើ​ដល់​ប្រទេសជាតិ ថែមទៀត​។ នេះ​បើតាម​ការផ្សាយ ដោយ​គេហទំព័រ​ក្រសួងបរិស្ថាន នា​ថ្ងៃទី​២៣ ខែតុលា កន្លងទៅនេះ​។​

​លោក សាយ សំ​អាល់ បាន​មានប្រសាសន៍​បែបនេះ ក្នុងពេល​លោក​អញ្ជើញ​ជា​អធិបតីភាព ក្នុងការ​ប្រកាស​ជ័យលាភី នៃ​អង្គភាព​គំរូ ក្នុង​វិស័យ​បរិស្ថាន ប្រចាំឆ្នាំ​២០២០ នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ នា​ទីស្តីការក្រសួង​។​

​លោក​រដ្ឋមន្ត្រី បាន​លើកឡើងថា ក្នុងការ​បង្កើន​សមត្ថ​ភាព​មន្ត្រី និង​ពិសេស​ការរៀបចំ​ឱ្យមាន ការប្រឡងប្រណាំង តាម​អង្គភាព បានធ្វើឱ្យ​កិច្ចការងារ ជាច្រើន មាន​សន្ទុះ និង​ផ្លែផ្កា​គួរកត់សម្គាល់​។ ជាមួយគ្នានេះ វា​ក៏​ជា​ផ្នែក​សំខាន់ ក្នុងការ​ជំរុញ​លើ​សមត្ថភាព និង​ប្រសិទ្ធភាព​ការងារ កាន់តែ​ល្អប្រសើរ​ឡើង​។​
​លោក​បាន​ជំរុញ​ដល់​មន្ត្រី តាម​ស្ថាប័ន​នីមួយៗ ត្រូវខិតខំ​បំពេញការងារ និង​បម្រើ​ដល់​កិច្ចការងារ​សង្គម ប្រជាពលរដ្ឋ និង​ពិសេស​ជួយ​លើកស្ទួយ ប្រទេសជាតិ ឱ្យ​កាន់តែ​រីកចម្រើន បន្ថែមទៀត​។​

​បញ្ជាក់​ក្នុង​ពិធី​នេះដែរ លោក ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ ប្រចាំការ​ក្រសួងបរិស្ថាន បានឱ្យដឹងថា ដើម្បី​ជំរុញ​ការធ្វើ​ទំនើបកម្ម ស្ថាប័ន​ចំណុះ​ក្រសួងបរិស្ថាន និង​ពង្រឹង​ការងារ​អធិការកិច្ច ក្រសួងបរិស្ថាន បានរៀបចំ​កម្មវិធី​ប្រកួតប្រជែង ជ្រើសរើស​ស្ថាប័ន​គំរូ ក្នុង​វិស័យ​បរិស្ថាន ប្រចាំឆ្នាំ​២០២០ ដោយ​លើកទឹកចិត្ត ឱ្យ​អង្គភាព​ចំណុះ ក្រសួងបរិស្ថាន​ទាំងអស់ ចូលរួម​ក្នុងការ​ប្រកួតប្រជែង ជា​ជ័យលាភី​អង្គភាព​គំរូ ក្នុង​វិស័យ​បរិស្ថាន តាមរយៈ​ការរៀបចំ​ពង្រឹង និង​កែសម្រួល​លក្ខណៈវិនិច្ឆ័យ​គោល​របស់ខ្លួន រួមមាន​៖ ១.​គុណភាព ប្រសិទ្ធភាព និង​ទទួល​សេវា​រដ្ឋបាល​។ ២.​ការងារ​ជំនាញ​របស់​អង្គភាព​។ ៣.​ការគ្រប់គ្រង​ហិរញ្ញវត្ថុ នៅក្នុង​អង្គភាព​។ ៥.​ការរៀបចំ និង​កែលំអ​បរិស្ថាន ក្នុង​អង្គភាព​។ ៦. ការទំនាក់ទំនង​ល្អ ជាមួយ​ប្រជាពលរដ្ឋ សហគមន៍ អាជ្ញាធរ និង​ដៃគូ​អភិវឌ្ឍន៍​។ ៧.​គំនិត​ផ្តួចផ្តើម​ថ្មីៗ ដើម្បី​អង្គភាព​មានដំណើរ​ការ កាន់តែ​ប្រសើរ និង​ការប្តេជ្ញាចិត្ត ក្នុង​ការកែ​ល្អ​បន្ត​។​

​លោក​បានឱ្យដឹង​ដែរ​ថា ក្នុង​ឆ្នាំ​២០២០​នេះ ក្រសួងបរិស្ថាន បានរៀបចំ​ជ្រើសរើស​អង្គភាព​គំរូ ក្នុង​វិស័យ​បរិស្ថាន ទៅលើ ៤ អនុវិស័យ និង​មាន​បេក្ខភាព ដែល​ត្រូវ​ជ្រើសរើស ដូចតទៅៈ​
១.​អង្គភាព​គំរូ ក្នុង​អនុវិស័យ​នាយក​ដ្នា​ន​៖ នាយកដ្ឋាន​អភិរក្ស​តំបន់ដីសើម​ទឹកសាប​។ នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ អគ្គាធិការដ្ឋាន​។ នាយកដ្ឋាន​ជីវចម្រុះ ។​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង និង​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​(​ស្ទួន​)​។​
២.​អង្គភាព​គំរូ ក្នុង​អនុវិស័យ​មន្ទីរ​បរិស្ថាន​រាជធានី ខេត្ត​៖ មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​។ មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ​។ មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​។ មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប និង​មន្ទីរ​បរិស្ថាន​ខេត្តកំពត​។​
៣.​អង្គភាព​គំរូ​ក្នុង​អនុវិស័យ​តំបន់ការពារធម្មជាតិ​៖ ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ខេត្តមណ្ឌលគិរី ។​ឧទ្យាន​ជាតិ​កែប​ខេត្ត​កែប​។ ឧទ្យាន​ជាតិ​វ៉ឺ​ន​សៃ​-​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។ ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ខេត្តរតនគិរី និង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង ៤.​អង្គភាព​គំរូ​ក្នុង​អនុវិស័យ​សហគមន៍ តំបន់ការពារធម្មជាតិ​៖ សហគមន៍​ត្មាត​ប៉ើយ​-​ធឿន​ក្រសាំង​ខេត្តព្រះវិហារ​។ សហគមន៍​អូរ​ជាំ​ខេត្តបាត់ដំបង​។ សហគមន៍​ទឹកធ្លាក់​ច្រក​ល្អៀង​ខេត្តពោធិ៍សាត់ ។​សហគមន៍​ព្រៃធំ អន្លង់​ធំ​ខេត្តសៀមរាប និង​សហគមន៍​ពាម​ក្រសោប​ខេត្តកោះកុង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular