ដោយៈ គ្រញូង / បាត់ដំបងៈ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថាៈ ទឹកហូរធ្លាក់ មកប៉ែកខាងក្រោម ធ្វើឲ្យស្ទឹងសង្កែ ចាប់ផ្តើមឡើងជាថ្មី ហើយគិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ កិច្ចអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ទឹកភ្លៀង មកនៅទីទួលសុវត្ថិភាព ក្នុងខេត្តបាត់ដំបង សរុបចំនួន ៥.១៨១ គ្រួសារ ។

លោកបានបន្តថាៈ ដោយសារមូលដ្ឋានខ្លះ ទឹកជំនន់ស្រក ប្រជាពលរដ្ឋ ដែលនៅលើទីទួលសុវត្ថិភាព បានត្រឡប់ទៅផ្ទះវិញ ចំនួន ៣.៦១២ គ្រួសារ និង
ជម្លៀសសត្វចិញ្ចឹម រួមមានក្របី ៩៤ ក្បាល គោ ១៨.២៦៧ ក្បាល ជ្រូក ៦៨៧ ក្បាល និងបក្សី ១៣.៣២១ ក្បាល និងស្លាប់ពពែ ១៣ ក្បាល បក្សី ១.៣៧៦ ក្បាលផងដែរ។
អ្នកនាំពាក្យ បានបញ្ជាក់ថាៈ ស្ថានភាពទឹកជំនន់ នៅស្រុកសំឡូត ស្រុករុក្ខគិរី និងស្រុកបវេល ចាប់ផ្តើមស្រក ជាបណ្តើរៗហើយ។ ប៉ុន្តែទឹកហូរធ្លាក់ មកប៉ែកខាងក្រោម ធ្វើឲ្យស្ទឹងសង្កែ ចាប់ផ្តើមឡើងជាថ្មី រហូតដល់កម្ពស់ ១៣,៦៧ ម៉ែត្រ ជិតដល់ការប្រកាសភាពអាសន្ន ដូចលើកមុន ១៤,២០ ម៉ែត្រ និងស្ទឹងមោងឫស្សី ក៍ចាប់ផ្តើមឡើងជាថ្មីម្តងទៀត ស្ថិតនៅក្នុងការប្រុងប្រយ័ត្ននៅឡើយ។

ចំណែកការចែកអំណោយសង្គ្រោះបឋម ដល់គ្រួសារប៉ះពាល់ទឹកជំនន់ បានចំនួន ៤០.៩១២ គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ មី និងត្រីខ ក្នុងស្រុកចំនួន ១៣ ក្រុង ស្រុក ក្នុងនោះមានអំណោយ សម្តេចក្រឡាហោម អំណោយក្រុមការងារ អំណោយលោកអភិបាលខេត្ត អំណោយសាខាកាកបាទក្រហមកម្ពុជា អំណោយសសយក និងអំណោយសប្បុរជន។ ដោយឡែក ផលប៉ះពាល់ ដល់ផ្ទះប្រជាពលរដ្ឋ សរុប ៧១.៥៦៣ គ្រួសារ ស្មើនឹង ១៤ ស្រុក ក្រុង និង ៩៩ ឃុំ។
ផលប៉ះពាល់ដំណាំស្រូវ សរុប ១២៦.៣២៣ ហិកតា ក្នុងស្រុកចំនួន ១០ បណ្តាលឱ្យខូចខាតដំណាំស្រូវ ៣៩.១៤៤ ហិកតា និងផលប៉ះពាល់ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្ម សរុប ៥៧.៤៦៨ ហិកតា ក្នុងស្រុកចំនួន ១១ និងខូចខាតដោយទឹកសរុប ៣៦.៨៤៦ ហិកតា នៅក្នុងស្រុកចំនួន ១០ ៕ ល/Ha