ដោយៈ ចាន់តូ / ភ្នំពេញ: ក្មេងប្រុសម្នាក់ បន្ទាប់ពីឪពុកម្តាយ ទុកឲ្យប្អូន ជួយមើល ស្រាប់តែទៅលេងទឹក ខាងក្រោយផ្ទះ បណ្តាលឲ្យលង់ស្លាប់ កាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

សពក្មេងរងគ្រោះ ឈ្មោះ ស៊ីវ វិសាល អាយុ១៣ខែ ជាកូនទី៣ ក្នុងបន្ទុកគ្រួសារ ដែលមានឪពុកឈ្មោះ ស្វាយ គឹមស៊ន អាយុ៤១ឆ្នាំ មុខរបរ ជាងដែក និងម្តាយឈ្មោះ ជា សុភា អាយុ៤០ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ រស់នៅទីតាំងកន្លែងកើតហេតុ ។

តាមក្ម្រមគ្រួសារ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ឪពុកម្តាយក្មេងរងគ្រោះ បានចេញទៅធ្វើការងារដូចសព្វដង ដោយទុកកូនឲ្យបងប្អូនជួយមើល ស្រាប់តែមកដល់វេលាម៉ោង កើតហេតុ ខណៈដែលក្រុមគ្រួសារ រវល់តែហូបបាយ ដោយបាត់ក្មេងរងគ្រោះ មិនឃើញ ក៏នាំគ្នាដើររក ស្រាប់តែប្រទះឃើញ សពអណ្តែតទឹកបាត់ទៅហើយ រួចក៏នាំគ្នាស្រង់យកទៅផ្ទះពេទ្យ ដោយមិនបានសង្គ្រោះបាន យកវិលទៅផ្ទះវិញ ទាំងមិនអសចិត្ត ដាក់ឆ្អើរភ្លើងផង ធ្វើចលនាផង នៅតែមិនអាចសង្គ្រោះបាន រួចនាំគ្នាយកសពក្មេងរងគ្រោះ ទៅវត្តគោកខ្សាច់ រាយការណ៍ទៅសមត្ថកិច្ច ចុះពិនិត្យមើលជាក់ស្តែង ។

សពក្មេងប្រុស ក្រោយពីសមត្ថកិច្ច ពិនិត្យរួច ក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើបុណ្យ តាមប្រពៃណី នៅវត្តគោកខ្សាច់ ខណៈដែលនៅចំណុចផ្ទះ ក្មេងរងគ្រោះ ទឹកជន់លិច ជុំវិញអស់ហើយ ៕ ល