ដោយ: តារារិទ្ធ/បន្ទាយមានជ័យ: ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើសារទៅកាន់ក្រុមអ្នកនយោបាយ ដែលដេកចាំមានដំណោះស្រាយនយោបាយថា សម្តេចអត់ត្រូវការធ្វើដំណោះស្រាយនយោបាយជាមួយអ្នកណាទាំងអស់។ សម្តេចតេជោបានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៤ ខែតុលាឆ្នាំ២០២០ នៅក្នុងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។
សម្ដេចតេជោបានមានប្រសាសន៍ថាៈ “មានអ្នកខ្លះគេគិតថា នឹងមានដំណោះស្រាយបញ្ហានយោបាយ តែខ្ញុំសូមផ្ញើសារទៅថា ខ្ញុំគ្មានការដោះស្រាយបញ្ហានយោបាយជាមួយអ្នកណាទាំងអស់”។ សម្តេចបានបញ្ជាក់ថា “ព្រោះអ្នកទាំងឡាយត្រូវដោះស្រាយជាមួយច្បាប់តែប៉ុណ្ណោះ គ្មានការចរចានយោបាយនោះទេ”។
សម្តេចបន្តថា “ខ្ញុំសូមប្រកាសឲ្យជនរួមជាតិបានដឹង ខ្ញុំមិនត្រូវការចរចាជាមួយអ្នកណាទាំងអស់ អ្នកដែលធ្វើខុសច្បាប់ គឺមានតែតុលាការមួយគត់, ហើយអ្នកត្រូវជាប់គុកសិន, បន្ទាប់ពីជាប់គុកទើបអាចនិយាយគ្នាបាន អ្នកឯងរួចផុតពីទោសបង្កើតបក្សនយោបាយវាជាសិទ្ធិរបស់អ្នកឯង អ៊ីចឹងអ្នកដែលរង់ចាំដំណោះស្រាយនយោបាយ បើហ៊ុនសែនអត់និយាយចប់”។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា “ហ៊ុនសែនមិនមានការដោះស្រាយនយោបាយអ្វីនោះទេ។ ម្សិលមិញខួបកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺចាប់ផ្ដើមពីហ៊ុនសែន សីហនុ នៅហ្វែអង់តាឌឺន័រ ២ ធ្នូ ១៩៨៨ ប្រើរយៈពេលរាប់រយម៉ោង ដើម្បីរកដំណោះស្រាយនេះ។ អ៊ុនតាក់ចាយលុយអស់ ២០០០លាន មិនអាចចូលតំបន់ម៉ាឡៃបាននោះទេ។ ប៉ុន្តែនយោបាយឈ្នះឈ្នះ បានបង្រួបបង្រួមជាតិខ្មែរនាំមកនូវសុខសន្តភាព”៕ ល/Ha