ដោយៈមូលសម្បត្តិ/ភ្នំពេញៈពេលរដូវវស្សាចូលមកដល់នៅក្នុងទន្លេមេគង្គកម្ពុជាមានពពួកត្រីដែលធ្វើចរាចរផ្លាស់ទីជាច្រើនប្រភេទ បានទម្លាក់ពង-កូន នៅក្នុងតំបន់ទន្លេមេគង្គលើនាខេត្តស្ទឹងត្រែង ដែលជាទីជម្រកលាក់ខ្លួននិងបន្តកំណើត។ពងនិងកូនត្រីតូចៗរបស់វាបានរសាត់តាមកម្លាំងទឹកជំនន់ទន្លេមេគង្គ ហូរចូលទៅក្នុងតំបន់វាលទំនាបលិចទឹក ។ពិសេស ក្នុងបឹងទន្លេសាប ដើម្បីរកចំណី និងធំធាត់។
នេះបើតាមការផ្សាយក្នុងគេហទំព័រWondersofthemekongឱ្យដឹងកាលពីថ្ងៃទី២៣ខែតុលាឆ្នាំ២០២០នេះ។ក្នុងគេហទំព័របានឱ្យដឹងទៀតថាៈពេលរដូវប្រាំងចូលមកដល់ទឹកទន្លេមេគង្គស្រកចុះខ្លាំងទឹកបឹងទន្លេសាបក៏ហូរត្រឡប់ចូលក្នុងទន្លេមេគង្គវិញ។ស្របពេលដែលទឹកបឹងទន្លេសាបហូរត្រឡប់ក្រោយនោះពពួកត្រីធ្វើចរាចរជាច្រើនប្រភេទក៏វិលត្រឡប់ចូលទៅទន្លេមេគង្គលើដែលជាជម្រកដើមវិញដែរ។ នេះជាវដ្ដជីវិតរបស់ប្រភេទត្រីធ្វើចរាចរផ្លាស់ទី។
ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០នេះ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នាយកដ្ឋានអភិវឌ្ឍវារីវប្បកម្ម នៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ របស់ទីភ្នាក់ងារជំនួយអាមេរិក USAID បានប្រារព្ធ «ទិវានៃការផ្លាស់ទីមច្ឆជាតិពិភពលោក» ដោយបានលែងត្រីចូលទន្លេវិញ ចំនួនប្រហែល៧.០០០ក្បាល។
ក្នុងនោះត្រីគល់រាំងចំនួន ៩ក្បាល ត្រីប្រាធំជាង ៥.០០០ក្បាល ត្រីព្រួល ២.០០០ក្បាល ។ក្រោមអធិបតីរបស់លោកអេងជាសានប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និង លោកស្រី Laura Cizmo ប្រធានស្តីទីការិយាល័យសន្តិសុខស្បៀង និងបរិស្ថាន នៃទីភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំនៅកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹង ពីសារៈសំខាន់នៃទំនាក់ទំនងរវាងទន្លេ ត្រី និងមនុស្ស។
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ធ្វើការងារលើការការពារសុខមាលភាពទន្លេមេគង្គ សត្វក្នុងធម្មជាតិ និងមនុស្ស។ព្រមទាំងមានស្លាយបញ្ចាំងទស្សនាវីដេអូក្លីបរបស់លោក បណ្ឌិត ហ្សេប ហូហ្គេន៕S/