ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ សូម​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង ឈប់​កង្វល់​ទៀត​ទៅមក​ដល់ពេលនេះ បញ្ហា​សំរាម​នៅ​ភ្នំពេញ​លែង​ជា​បញ្ហា​ទៀតហើយ វា​បាន​វិល​ទៅរក​ស្ថានភាព​ធម្មតា​ឡើងវិញ​ហើយ បន្ទាប់ពី​មានការ​ខិតខំ​ប្រឹងប្រែង​ដោយ​យកចិត្តទុកដាក់ និង​វិធានការ​ប្រើប្រាស់​កំលាំង និង​មធ្យោបាយ​សរុប​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​កម្មករ ក្រុមហ៊ុន ស៊ីន ទ្រី បាន ចូលធ្វើការ​វិញ​ព្រមទាំង​មានការ​ខិតខំ​ក្នុង​រយៈពេល​កន្លងមក​នេះ។

​គួររំលឹកថា​៖​កាល​ក្នុងពេល​កម្មករ​ក្រុមហ៊ុន​ស៊ិន​ទ្រី ធ្វើ​កូដកម្ម​មិន​ចេញ​ប្រមូល​សំរាម​នោះ អភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រើប្រាស់​កម្លាំង​សរុប​មធ្យោបាយ​សរុប​ពិសេស​ប្រើ​រថយន្ត​ថ្មី​៧០​គ្រឿង ម៉ូតូ​កង់​បី​ជាង​១០០​គ្រឿង​ជាមួយ​កម្លាំង​តាម​ខណ្ឌ​តាម​ផ្សារ​ចុះ​ប្រមូល​សំរាម​ដឹក​ចេញ​ទាំងយប់​ទាំ​ថ្ងៃ​ទៀតផង​។​

​គួរ​បញ្ជាក់ថា​៖​សព្វថ្ងៃនេះ​ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ បាន​ផលិត​សំរាម ចំនួន​២៨៦៥​តោន​ក្នុង​មួយថ្ងៃ ដែល​ត្រូវបាន​ដឹក​យកទៅ​ចាក់​ទីលាន​។ អ្វីដែល​ស្មុកស្មាញ​កន្លងមក​នោះ​ចាប់តាំងពី​ល្ងាច​ថ្ងៃទី​០២ ខែតុលា ឆ្នាំ ២០២០ រហូតមកដល់​ថ្ងៃ ទី ១៤ ខែ តុលា កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ីន​ទ្រី បាន ធ្វើ​កូដកម្ម ដោយ​មិន​ចេញ​ប្រមូល​សំរាម ដែល​ធ្វើឱ្យមាន​សំរាម​កកស្ទះ​នៅតាម​ដងផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ ។​

​ប៉ុន្តែ​ចាប់ពី​ល្ងាច​ថ្ងៃទី​១៤​ខែតុលា​នោះ​ក្រោយ​ឯកភាពគ្នា​ឈប់​ធ្វើ​កូដកម្ម​ហើយ​សម្រេច​ចូល​បម្រើ​ការងារ​វិញ​រួចមក កម្មករ​ទាំងនោះ បាន​ខិតខំ ធ្វើ ការប្រមូល និង​ដឹកជញ្ជូន​សំរាម​រហូតមក​ដល់ពេលនេះ ទើប​មាន​ភាពល្អប្រសើរ​ឡើងវិញ​៕ ​/srn