នគរបាល បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន ដ៏​សកម្ម ៧ នាក់ រឹបអូស​បាន​វត្ថុតាង​ជាច្រើន​


ដោយៈ សុ​ផានី​តា / កោះកុងៈ សមត្ថកិច្ច​នគរបាល ក្រុង​ខេមរភូមិន្ទ បាន​បង្ក្រាប​ក្រុម​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន ដ៏​សកម្ម​បាន​ចំនួន ៧ នាក់ នៅពេល​ក្រុម​ជន​សង្ស័យ ចង់​តដៃ តាមរយៈ​ការប្រើប្រាស់​អាវុធ​ទៀតផង​។​

​លោក យស់ ចាន់​វិចិត្រ អធិការនគរបាល ក្រុង​ខេមរភូមិន្ទ បានឱ្យដឹង នៅ​រសៀល ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០ នេះ​ថាៈ សមត្ថកិច្ច​របស់លោក សហការ​ជាមួយ ការិ​យាល័យ​ជំនាញ​ខេត្ត ចុះ​ល្បាត​ពិនិត្យ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​ពលរដ្ឋ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៨ ស្ថិតនៅ​ក្នុងភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់​មានជ័យ ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ៣​នាក់ ស្រី​១​នាក់ ពាក់ព័ន្ធ​ការរក្សា​ទុក​សារ​ធាតុ​ម្សៅ​ក្រាម​ស​ថ្លា ខុសច្បាប់​ចំនួន ១ កញ្ចប់​ធំ និង​ចំនួន ១ កញ្ចប់​តូច កាលពី​ថ្ងៃទី​២២ ខែតុលា ព្រមទាំង​បាន​ដកហូត​វត្ថុតាង​មាន ទូរស័ព្ទដៃ ១​គ្រឿង ម៉ាក OPPO និង​ម៉ូតូ​១​គ្រឿង ម៉ាក ហុងដា វ៉េវ ពណ៌​ខ្មៅ ស្លាក​លេខ កោះកុង​១A-៦៧៣៨ ។

​ជនសង្ស័យ​ចំនួន ៣​នាក់​នោះ ១.​ឈ្មោះ ឈន ស្រីមុំ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ បំរើការ​នៅ​ហាង​ខារ៉ាអូខេ ទីលំនៅ​ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ​, ទី​២.​ឈ្មោះ ដូង លី​ហេង និង​ទី​៣.​ឈ្មោះ ភួង ភិន យុវជន​ទាំង ២ មាន​អាយុ​២០​ឆ្នាំ និង​មុខរបរ ជា​កម្មករ ដូចគ្នា និង​មាន​ទីលំនៅ ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ជាមួយគ្នា​។​

​បន្ទាប់ពី​សួរចម្លើយ​ជនសង្ស័យ​៣​នាក់ ខាងលើ​រួច កាលពី​ថ្ងៃទី​២៣ តុលា សមត្ថកិច្ច បាន​​បន្ត​ស្រាវជ្រាវ ក៏ដូចជា ចុះ​ឆែកឆេរ​ផ្ទះមួយ​កន្លែង ស្ថិតក្នុង​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ លី រ៉ា​ឌី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ អំឡុងពេល​នគរបាល ពង្រាយ​កម្លាំង​បង្ក្រាប ស្រាប់តែ​ជនសង្ស័យ​ម្នាក់ ប្រុង​​​​តបត​ជាមួយ​សម​ត្ថិ​ច្ច តាមរយៈ​ប្រើ​កាំភ្លើង​វែង ១ ដើម​ទៀតផង​។ ទោះយ៉ាងណា ជនសង្ស័យ មិនអាច​រួចផុត ពី​កណ្តាប់ដៃ​របស់ សមត្ថកិច្ច​ឡើយ​។ វត្ថុតាង​ដកហូត​បាន រួមមាន ម្សៅ​ក្រាម​ស​ថ្លា ចំនួន ៧ កញ្ចប់​ធំ កាំភ្លើង​សេ​កា ចំនួន ១​ដើម និង គ្រាប់ ២៤ គ្រាប់ ទូរស័ព្ទដៃ​១​គ្រឿង ម៉ាក OPPO និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់ ថ្នាំញៀន​មួយ​ចំនួន​។​

​នៅ​ថ្ងៃទី​២៣ តុលា ដដែល នគរបាល​ក្រុង​ខេមរភូមិន្ទ បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ៣ នាក់​ទៀត​គឺ ទី​១.​ឈ្មោះ នួន អ៊ូ​ម៉ើ​ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ ទីលំនៅ​សង្កាត់​ស្ទឹង​វែង , ទី​២.​ឈ្មោះ យៃ នី អាយុ​២៥​ឆ្នាំ និង​ទី​៣.​ឈ្មោះ ក សឹម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ បុរស​ពីរ​នាក់​នេះ មានមុខ​របរ ជា​អ្នកនេសាទ ដូចគ្នា និង​មាន​ទី​លំ​នៅ នៅ​ភូមិ​៤ សង្កាត់​ដងទង់ ជាមួយគ្នា ។ វត្ថុតាង សមត្ថកិច្ច​ដកហូត​បា​ន​មាន​ម្សៅ​ក្រាម​ស​ថ្លា ចំនួន ១ កញ្ចប់​តូច ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា វ៉ែ​វ ពណ៌​ខ្មៅ ស្លាក​លេខ កោះ​កុង ១A-២១២៩ ទូរស័ព្ទដៃ ៣​គ្រឿង (​ម៉ាក Realme ១​គ្រឿង​, Tecno ១​គ្រឿង iphone ១​គ្រឿង​) ព្រមទាំង​ឧបករណ៍ សម្រាប់​ប្រើប្រាស់​មួយចំនួន​។

​បច្ចុប្បន្ន ក្រុម​ជនសង្ស័យ​ទាំង ៧​នាក់ រួម​នឹង​វត្ថុតាង សមត្ថកិច្ច​ជំនាញ បាន​កសាង​សំណុំរឿង បញ្ជូនទៅ​ការិយាល័យ​ជំនាញ ចាត់ការ​បន្ត តាម​នីតិវិធី​ច្បាប់​៕​/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

គោ​ជាង ១០០ក្បាល ក្នុង​ខេត...

ដោយៈ បូកគោ/កំ​ពតៈ ប្រជាកស...

កម្ពុជា​ចាប់ផ្តើម​នាំចេញ​...

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ល...

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ច...

​ដោយ​: ជា សីហៈ / ភ្នំពេញ​...

ប្រទះឃើញ​យុវជន​ម្នាក់ ស្ល...

ដោយៈ បូកគោ/កំ​ពតៈ ភាព​ភ្ញ...