ដោយៈ រី លក្ខិណា បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង
ជុំ យ៉ាន់ មានអាយុ៦៥ឆ្នាំ រស់នៅភូមិចង្គុំទី១ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ជុំ យ៉ាន មានប្រពន្ធឈ្មោះ ស្បុយ ហ៊ើយ និងមានកូន៨នាក់ (ស្រី៥នាក់ ប្រុស៣នាក់)។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ជុំ យ៉ាន់ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើជាគ្រូបង្រៀនកុមារនៅក្នុងភូមិចង្គុំ។
ជុំ យ៉ាន់ បានរៀបរាប់ថា ខ្ញុំគឺជាជនជាតិស្ទៀង កាត់លាវ។ ឪពុករបស់ខ្ញុំឈ្មោះ ជុំ គឺជាជនជាតិស្ទៀង និងម្តាយឈ្មោះ ផាន់ គឺជាជនជាតិលាវ។ សព្វថ្ងៃខ្ញុំនៅចេះនិយាយភាសាស្ទៀងខ្លះៗ ប៉ុន្តែមិនចេះនិយាយភាសាលាវទេ ព្រោះម្តាយខ្ញុំមិនបានបង្រៀន។ ខ្ញុំមានបងប្អូន៤នាក់ ស្លាប់ម្នាក់នៅសល់តែ៣នាក់តែប៉ុណ្ណោះ។
កាលពីតូចៗក្នុងភូមិរបស់ខ្ញុំអត់មានសាលារៀនទេ គឺខ្ញុំបានទៅរៀនក្នុងវត្តជាមួយព្រះសង្ឃរហូតដល់មានរដ្ឋប្រហារទម្លាក់សម្ដេច ព្រះនរោត្តម សីហនុ នៅឆ្នាំ១៩៧០។ ខ្ញុំនៅចាំថា ឪពុកម្តាយខ្ញុំ និងប្រជាជននៅក្នុងភូមិចង្គុំបានប្រកបការងារធ្វើស្រែចម្ការ និងដាំស្រូវវិលជុំ។ នៅសម័យនោះ ប្រជាជនមិនមានកម្មសិទ្ធិដីធ្លីច្បាស់លាស់ទេ គឺប្រជាជនទៅកាប់សម្អាតព្រៃស្បូវដើម្បីដាំស្រូវ។ បន្ទាប់ពីប្រមូលផលស្រូវបានហើយ ក៏បោះបង់ទីតាំងចាស់ចោល ទៅកាប់ឆ្ការព្រៃនៅទីតាំងថ្មីដើម្បីដាំស្រូវនៅរដូវបន្ទាប់ទៀត។ នៅចុងឆ្នាំ១៩៦០ និងដើមឆ្នាំ១៩៧០ អ្នកភូមិចង្គុំបានរកស៊ីលក់អង្ករឲ្យកងទ័ពវៀតកុង ដែលបានមកបោះទីតាំងនៅតាមបណ្តាយព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រចង្គុំ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នៅខណៈពេលនោះ មានការទម្លាក់គ្រាប់បែកច្រើននៅក្នុងភូមិរបស់ខ្ញុំ ដូច្នេះឪពុកម្តាយរបស់ខ្ញុំបាននាំកូនៗចូលក្នុងត្រង់សេ ដែលបានជីកនៅជាប់ផ្ទះដើម្បីលាក់ខ្លួន។
បន្ទាប់ពីខ្មែរក្រហមចូលមកកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃ១៧ មេសាឆ្នាំ១៩៧៥ ខ្ញុំត្រូវបានមេភូមិចង្គុំ ចាត់តាំងឲ្យធ្វើជាគ្រូបង្រៀនក្មេងតូចៗប្រចាំនៅក្នុងភូមិ។ ការបង្រៀនកុមារគឺមានរយៈពេលមួយម៉ោងគឺចាប់ផ្តើមនៅម៉ោង៧ព្រឹក និងបញ្ចប់នៅម៉ោង៨ព្រឹក។ កុមារត្រូវរៀនសរសេរអក្សរ និងលេខនៅលើក្តាឈ្នួនជាមួយដីស ដែលសូន្យពីដីក្រហម។ នៅក្នុងរបបខ្មែរក្រហម កុមារមានម៉ោងរៀនតិចជាងម៉ោងធ្វើការងារពលកម្ម។ ចំណែកបន្ទប់រៀនត្រូវបានសង់ឡើងអំពីកូនឈើប្រក់ស្លឹកទ្រាំង និងជញ្ជាំងភ្ជល់។
ក្រៅពីបង្រៀនកុមារតូចៗនៅពេលព្រឹករយៈពេលមួយម៉ោង ខ្ញុំត្រូវដឹកនាំកងកុមារដាំបន្លែ កើបអាចម៍គោ និងកាប់ដើមទន្ទ្រានខេត្រយកមកធ្វើជីដាក់ស្រែ បន្ទាប់មកទើបនាំកុមារៗឲ្យមកហូបបាយថ្ងៃត្រង់។ នៅពេលរសៀលខ្ញុំត្រូវដឹកនាំកងកុមារចុះជួយជញ្ជូនស្រូវកងចល័ត និងធ្វើការងារដែលស្រាលៗ។
នៅពាក់កណ្តាលឆ្នាំ១៩៧៧ នៅពេលដែលសមមិត្ត ហ៊ុន សែន ហៅ ណាល់ ដែលបច្ចុប្បន្នគឺសមេ្តច ហ៊ុន សែន និងសហការីចំនួន៤នាក់ទៀតបានភៀសខ្លួនចេញទៅប្រទេសវៀតណាម ដើម្បីធ្វើការរៀបចំតស៊ូវាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ខ្មែរក្រហមបានកោះហៅមេឃុំ មេភូមិ និងកម្មាភិបាលមួយចំនួនទៀតទៅរៀនសូត្រ ហើយបានបាត់ខ្លួនរហូត។ បន្ទាប់មកខ្មែរក្រហមបានបញ្ជូនកងទ័ព និងកម្មាភិបាលមជ្ឈិមមកជម្លៀសប្រជាជនទាំងអស់ចេញពីស្រុកត្រមូង ឲ្យទៅនៅស្រុកស្នួល ខេត្តក្រចេះវិញ។ ចំណែកខ្ញុំបានឈប់បង្រៀនកងកុមារតាំងពីពេលនោះមក។
កងទ័ព និងកម្មាភិបាលដែលដឹកនាំនៅស្រុកស្នួលបានហៅប្រជាជនដែលជម្លៀសមកពីស្រុកត្រមូងថា គឺជាមនុស្សដែលមាន ក្បាលយួន ខ្លួនខ្មែរ។ ប្រជាជនដែលជម្លៀសមកពីស្រុកត្រមូងបានប្រឈមនឹងការលំបាកវេទនាខ្លាំង ដោយសារខ្មែរក្រហមបង្ខំឲ្យធ្វើពលកម្មធ្ងន់ធ្ងរ និងមិនមានអាហារហូបចុកគ្រប់គ្រាន់។ ប្រជាជនជាច្រើនបានស្លាប់ដោយសារអត់អាហារ និងធ្វើការងារហួសកម្លាំង។
ប្រជាជន និងអតីតកម្មាភិបាលដែលជម្លៀសមកពីស្រុកត្រមូងបានព្យាយាមលាក់ប្រវត្តិរបស់ខ្លួន នៅកម្មាភិបាលដឹកនាំមូលដ្ឋាននៅស្រុកស្នួលសួរពីប្រវត្តិរូប ហើយភាគច្រើនបានឆ្លើយថា ខ្លួនគឺជាប្រជាជនធម្មតា ឬធ្វើការនៅកងចល័ត។ ខ្ញុំបានបោះសៀវភៅចោលដើម្បីកុំឲ្យកម្មាភិបាលនៅមូលដ្ឋានដឹងថាខ្ញុំចេះអក្សរ។ ចំណែកប្រជាជនដែលជម្លៀសមកជាមួយគ្នាក៏មិនបានរាយការណ៍ពីប្រវត្តិរបស់ខ្ញុំប្រាប់កម្មាភិបាលមូលដ្ឋានដែរ ដូច្នេះយើងបានរួចផុតពីការតាមដានរបស់ខ្មែរក្រហម។
នៅពេលខ្ញុំរស់នៅសហករណ៍ ក្នុងស្រុកស្នួល ខ្ញុំទទួលរបបអាហារគឺមានតែកន្ទក់ប៉ុណ្ណោះ។ របបកន្ទក់នេះត្រូវបានចែកសម្រាប់តែអ្នកដែលទៅធ្វើការប៉ុណ្ណោះ ចំណែក អ្នកមិនបានទៅធ្វើការ គឺមិនទទួលបានឡើយ។ នៅពេលនោះ ឪពុកម្តាយរបស់ខ្ញុំបានស្លាប់ ដោយសារតែមិនមានអាហារហូបចុកគ្រប់គ្រាន់។ ចំណែកខ្ញុំត្រូវបានចាត់តាំងឲ្យធ្វើការនៅក្នុងកងចល័តដែលមានសមាជិកប្រហែលមួយពាន់នាក់។ កម្មាភិបាលដឹកនាំកងចល័តនោះ គឺជាមនុស្សឃោរឃៅបានសម្លាប់មនុស្សប្រុសស្រីពីរនាក់ឈ្មោះខាត់ និងឈ្មោះច័ន្ទ នៅមុខកងចល័តទាំងអស់ ដោយប្រាប់ថាពីរនាក់នេះគឺជាជនក្បត់។ បន្ទាប់ពីសម្លាប់អ្នកទាំងពីរហើយ ប្រធានកងចល័តនោះបានយកសាកសពទៅកប់ក្នុងរណ្តៅតែមួយ។
នៅពេលដែលកងទ័ពស្ម័គ្រចិត្តវៀតណាមបានចូលមកដល់ស្រុកស្នួល នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានជម្លៀសប្រជាជនពីស្រុកស្នួលមកទីរួមខេត្តក្រចេះវិញ។ បន្ទាប់មកខ្មែរក្រហមបានដឹកប្រជាជនតាមកប៉ាល់ពីខេត្តក្រចេះមកស្រុកស្ទឹងត្រង់ ភូមិភាគកណ្តាល និងបានបញ្ជូនបន្តទៅស្រុកចម្ការលើ។
ខ្ញុំបានស្នាក់នៅស្រុកចម្ការលើរយៈពេលប្រហែល៧ថ្ងៃ ក៏មានយន្តហោះវៀតណាមបានហោះបន្ទាបខ្លួន និងប្រកាសប្រាប់ប្រជាជនដែលកំពុងលើកទំនប់ថា បងប្អូននៅស្រុកណាត្រូវត្រឡប់ទៅស្រុកនោះវិញ។ ខ្ញុំត្រេកអរយ៉ាងខ្លាំង ព្រោះខ្ញុំតែងតែបន់ស្រន់ក្នុងចិត្តដើម្បីបានត្រឡប់ទៅស្រុកកំណើតវិញ។ នៅពេលរៀបនឹងត្រឡប់មកផ្ទះវិញ យោធាខ្មែរក្រហមបានស្ទាក់រាំងផ្លូវ ប៉ុន្តែសំណាងល្អកងទ័ពវៀតណាមមកដល់។ កងទ័ពវៀតណាមបានអមដំណើរប្រជាជនឲ្យឆ្លងផុតពីស្រុកចម្ការលើ ទើបខ្ញុំនិងប្រជាជនដែលធ្លាប់រស់នៅក្នុងភូមិជាមួយគ្នាបន្ដដំណើរមកស្រុកកំណើតវិញ។ ខ្ញុំធ្វើដំណើររយៈពេលប្រហែលមួយសប្តាហ៍ទើបបានមកដល់ផ្ទះវិញ ។
ពេលត្រឡប់មកដល់ភូមិកំណើតវិញ ខ្ញុំបានចូលបម្រើការងាសន្តិសុខ ដើម្បីការពារសុវត្ថិភាពក្នុងភូមិ។ ខ្ញុំរៀបការនៅដើមឆ្នាំ១៩៨០ និងប្រកបរបរដាំស្រូវ និងធ្វើចម្ការ។ នៅចន្លោះឆ្នាំ១៩៨៤-១៩៨៥ ខ្ញុំត្រូវបានជ្រើសរើសជាកងទ័ពការពារពលករ ក-៥។ ខ្ញុំបានបម្រើការងារនៅក្នុងអង្គភាពវិទ្យុទាក់ទង។ អង្គភាពរបស់ខ្ញុំធ្លាប់ប្រយុទ្ធជាមួយកងយោធាខ្មែរក្រហម និងទាហានប៉ារ៉ា នៅខេត្តបន្ទាយមានជ័យបានម្ដង។ បន្ទាប់ពីខ្ញុំបានចប់បេសកកម្ម ក៏បានត្រឡប់មករស់ស្រុកកំណើតរហូតមកដល់សព្វថ្ងៃ៕ ល