ដោយ​: ស​រិ​ទ្ធ​/ ភ្នំពេញ​: លោក សុក កែវ​បណ្ឌិត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រា​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៥​ខែតុលា​ឆ្នាំ​២០២០ កំ​ពុ​ធ្វើការ​សាកសួរ​មនុស្ស​បីនាក់ ដែល​បាន​ដឹកនាំ​មនុស្ស​មួយក្រុម ធ្វើបាតុកម្ម​ខុសច្បាប់ នៅមុខ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​។​

​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​មនុស្ស​៣​នាក់​នេះ ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​២៤ ខែតុលា ដោយ​ភ្ជាប់​ការចោទប្រកាន់ ពីបទ “​ធ្វើ​សកម្មភាព​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​”​។ មនុស្ស​ទាំងបី​នាក់​នេះ​មាន​៖ ១. ឈ្មោះ តុង និមល ភេទ​ប្រុស រស់នៅ​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ២.​ឈ្មោះ លឹម សាន ភេទ​ស្រី នៅ​ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ ៣. ឈ្មោះ យ៉យ ស្រីមុំ នៅ​ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល​។

​គួររំលឹកថា អាជ្ញា​ធរមាន​សមត្ថកិច្ច​បានធ្វើការ​អនុវត្ត​វិធានការ​រដ្ឋបាល​លើ​មនុស្ស​មួយក្រុម​ប្រមាណ​ជាង ១០​នាក់ ដែល​មក​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា បន្ទាប់ពី​ពួកគេ​បានធ្វើ​ការស្រែក​តវ៉ា​បង្ក​ភាព​អានាធិបតេយ្យ​នៅ​ទីនោះ​។ ក្រុមអ្នកតវ៉ា​បាន​ស្រែក​ប្រឆាំងនឹង​វត្តមាន​ទាហាន​ចិន នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​បីនាក់ ក្នុងនោះ​ស្ត្រី​ពីរ​នាក់ និង​បុរស​ម្នាក់ នាំទៅ​កាន់​អធិការដ្ឋាន​នគរបាល ខណ្ឌ​បឹង​កេងកង ដើម្បី​ធ្វើការ​សាកសួរ​អំពី​ដំណើររឿង​ពួកគេ​បានមក​ស្រែក​តវ៉ា​មុខ​ស្ថានទូត​ចិន ដោយ​គ្មាន​ការជូនដំណឹង ឬ​គ្មាន​ការអនុញ្ញាត​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​សាកសួរ​រួច មនុស្ស​ទាំងបី​នាក់ ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​៕ ល​