Home ព័ត៌មានអន្តរជាតិ ផុត​ឱសានវាទ​៣...

ផុត​ឱសានវាទ​៣​ថ្ងៃ ប្រា​យុទ្ធ​មិន​ចុះ​ចេញពី​តំណែង ពួក​បាតុករ​ប្តេជ្ញា​វិល​មក​កាន់​ដង​វិថី​នៃ​ក្រុង​បាងកក​ជាថ្មី​

​វាសនា​៖ ពួក​មេដឹកនាំ​សំខាន់ៗ​នៃ​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ថៃ កាលពី​ថ្ងៃអាទិត្យ​ទី​២៥​តុលា​បាន​ប្តេជ្ញា​ដឹកនាំ​អ្នកគាំទ្រ​វិល​មក​កាន់​ដង​វិថី​នៃ​រដ្ឋធានី​បាងកក​ជា​ថ្មី​ដើម្បី​ប្រឆាំង​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា បន្ទាប់​ពី​ការដាក់​ឱសានវាទ​របស់​គេ​អោយ​លោក​ចុះចេញ​ពី​តំណែង​ត្រឹម​យប់​ថ្ងៃ​សៅរ៍​នោះ ត្រូវ​នាយករដ្ឋមន្ត្រី​រូបនេះ​មិន​អើពើ​ធ្វើតាម​។​

​អតីត​ប្រមុខ​យោធា​និង​មេដឹកនាំ​រដ្ឋប្រហារ​រូបនេះ កំពុង​ប្រឈម​ការទាមទារ​អោយ​ចុះចេញ​ពី​តំណែង​ពី​ចលនា​ប្រឆាំង​តវ៉ា​ដឹកនាំ​ដោយ​ពួក​និស្សិត ដែល​បាន​រៀបចំ​ធ្វើបាតុកម្ម​ធំៗ​អស់​ពេល​ជាង​៣​ខែ​​មក​ហើយ​ដើម្បី​ទាមទារ​បី​បួន​ចំណុច ក្នុងនោះ​រួម​មាន​ការ​ចុះចេញ​ពី​តំណែង​របស់​លោក​ប្រា​យុទ្ធ​មួយ​ផងដែរ​។​

​ពួក​ចាត់ទុក​ការ​កាន់អំណាច​របស់​នា​យក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​ថា​ខុស​ច្បាប់ ព្រោះ​តែ​លោក​ជាប់​ឆ្នោត​ក្លាយជា​មេដឹកនាំ​ស៊ីវិល​ដោយសារ​ច្បាប់រដ្ឋធម្មនុញ្ញ​ដែល​តាក់តែង​ឡើង​ក្រោម​របប​សឹក ផ្តល់​ភាព​អនុ​​គ្រោះ​ដល់​ក្រុម​យោធា​សំរាប់​កាន់កាប់​អំណាច​នៅ​ស្រុកថៃ​។​

​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ពួកគេ​ទុក​ពេល​អោយ​លោក​ប្រា​យុទ្ធ ៣​ថ្ងៃ​ដើម្បី​ចុះចេញ​ពី​តំណែង តែ​កាល​កំណត់​បាន​ផុត​នៅ​ម៉ោង​១០​យប់​ថ្ងៃ​សៅរ៍ ហើយ​លោក​ប្រា​យុទ្ធ​បានបញ្ជាក់​ថា​លោក​នឹង​មិន​ចុះ​ចេញពី​​តំណែង​ទេ ដូច្នេះ​សកម្មជន ចា​ទូ​ផាត ផៃ ប៊ូ​ន​ផាត​ណា​រ៉ា​រ៉ា​ក់សា បាន​និយាយថា អ្នក​ប្រឆាំង​តវ៉ា​នឹង​ចេញ​មក​បង្ហាញ​កម្លាំង​ឡើង​វិញ​នៅ​រសៀល​ថ្ងៃអាទិត្យ​នៅ​ផ្លូវបំបែក​មួយ​ក្នុង​ក្រុង​បាងកក​។​

​ក្នុង​ពិធី​បន់ស្រន់​នៅ​វត្ត​មួយ​ក្នុង​ក្រុង​បាងកក​កាលពី​ថ្ងៃ​សៅរ៍ លោក​ប្រា​យុទ្ធ នៅតែ​ក្លាហាន​ដោយ​លោក​និយាយថា « បញ្ហា​ទាំងអស់​អាច​ដោះស្រាយបាន​»​តែ​តាមរយៈ​ការស្រុះស្រួល​មតិ​គ្នា​។​រដ្ឋាភិបាល​មាន​​បំណង​ពិត​ដើម្បី​ដោះស្រាយ​បញ្ហា ដរាបណា​វា​ស្ថិត​ក្រោម​បន្ទាត់​ច្បាប់​។​ខ្ញុំ​អត់​លាឈប់​ទេ​»​។​

​ក្រុម​បាតុកម្ម​មួយ​ហៅ​ខ្លួនឯង​ថា «​ចលនា​ប្រជាជន​»​បានប្រកាសថា ខ្លួន​នឹង​រៀបចំ​ការដើរ​ដង្ហែ​មួយ​ទៅ​កាន់​ស្ថានទូត​អាឡឺម៉ង់​នៅ​ថ្ងៃ​ចន្ទ​ទី​២៦​តុលា ជា​ទង្វើ​មួយ​ដែល​ទំនងជា​ចង់បង្ហាញ​ការផ្គើន​នឹង​​ព្រះមហាក្សត្រ​ថៃ ដែល​ទ្រង់​គង្គនៅ​ក្នុង​ប្រទេស​អឺរ៉ុប​នេះ​ភាគច្រើន​ជា​មួយ​ស្រីស្នំ​ជាច្រើន​។​

​ស្តេច មហា វេច​រ៉ា​ឡុងកន បាន​យាង​វិល​ពី​អាឡឺម៉ង់​មកកាន់​ថៃ​ប្រមាណ​បួនដប់​ថ្ងៃ​មកហើយ​ដើម្បី​ចូលរួម​បុណ្យ​ព្រះពុទ្ធសាសនា​មួ​យ​និង​ធ្វើបុណ្យ​ជូន​សព​ព្រះបិតា ភូមិបុន អា​ឌុល​យ៉ាឌេ​ត​។​ទ្រង់​មិន​បាន​​និយាយ​ដល់​បាតុកម្ម​ទេ ទោះ​ពួក​បាតុករ​ទាមទារ​អោយ​ទ្រង់​កែ​ទំរង់​របៀបរបប​គ្រប់គ្រង​អំណាច​និង​ព្រះ​រាជទ្រព្យ​អោយ​សមស្រប​តាម​របប​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ​។​

​តែ​ស្តេច​ថៃ​អង្គ​នេះ​កាលពី​ថ្ងៃ​សុក្រ​បានបង្ហាញ​ព្រះ​ភ​ក្រ​ជា​សាធារណៈ​ដ៏​កម្រ​ជាមួយ​អ្នក​គាំទ្រ​របស់​ទ្រង់​នៅក្រៅ​ព្រះបរមរាជវាំង​ក្នុង​ក្រុង​បាងកក ។​ព្រះអង្គ​ថែមទាំង​បាន​លើកសរសើរ​បុរស​ម្នាក់​ដែល​បាន​​ព្យាយាម​លើក​រូប​របស់​មាតាបិតា​របស់​ទ្រង់​នៅ​កន្លែង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​មួយ​ថែមទៀត​។​

​យោង​តាម​សារ​ចុះ​ក្នុង​ហ្វេ​សប៊ុក ស្តេច​វេច​រ៉ា​ឡុងកន បាន​ប្រាប់​បុរស​នោះ​ថា « ក្លាហាន​ណាស់​។​ល្អ អរគុណ​»​។​

​សូមបញ្ជាក់​ថា លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ពី​ដំបូង​បាន​ប្រកាស​ប្រើ​ច្បាប់​គ្រាអាសន្ន​ធ្ងន់ធ្ងរ​នៅ​ក្រុង​បាងកក ដោយ​ហាម​ការជួបជុំ​នយោបាយ​ចាប់ពី​មនុស្ស​៥​នាក់​ឡើង តែ​បាន​ដកចេញ​វិញ​កាលពី​​សប្តាហ៍​មុន នៅពេល​វា​មិន​អាច​រារាំង​ការជួបជុំ​តវ៉ា​របស់​មនុស្ស​រាប់ពាន់​នាក់​ជា​រៀង​រាល់ថ្ងៃ​នៅ​ក្នុង​ក្រុង​បាងកក​។​ជំនួស​អោយ​ការដកចេញ​ច្បាប់​គ្រា​អាសន្ន លោក​បាន​កោះប្រជុំ​សភា​នៅ​ថ្ងៃ​ចន្ទ​នេះ​ដើ​​ម្បី​រកវិធី​បន្ថយ​ភាព​តានតឹង និង​ថា បញ្ហា​ទស្សនៈ​ខុស​គ្នា​នៃ​សង្គម​ថៃ​អាច​ដោះស្រាយ​បាន​តែ​តាមរយៈ​សភា​ប៉ុណ្ណោះ​៕

​ពួក​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ថៃ ប្តេជ្ញា​វិល​មក​កាន់​ដង​វិថី​នៅ​ក្រុង​បាងកក​វិញ​នៅ​ថ្ងៃ​២៥​តុលា ក្រោយ​ពី​នាយក​រដ្ឋមន្ត្រី​មិន​ធ្វើ​តាម​ការទាមទារ​របស់គេ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...