ដោយ​: ប​.​ខុន / ភ្នំពេញ​: គម្រោង​សាងសង់​ផ្លូវ​៣៤​ខ្សែ​នៅ​ខេត្ត​ព្រះសីហនុ​សម្រាប់​ការងារ​ដាំ​ដើមឈើ​និង​ផ្កា​សម្រេចបាន ៥១,៨២ ភាគរយ​នៃ​គម្រោង​ហើយ​។​ឯកា​រងារ ចាក់​កៅស៊ូ​បន្ថែម​ពីលើ​បេតុង​មិនទាន់បាន​ចាប់ផ្តើម​នៅឡើយ​ទេ ដោយសារ​នៅមាន​ភ្លៀង​កើតឡើង​បន្តបន្ទាប់​។​

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះ​សី ហ​នុ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី ២៤​ខែតុលា​ឆ្នាំ​២០២០​ថា ការងារ​អ៊ុត​កៅ ស៊ូ​បន្ថែម​ពីលើ​ផ្លូវ​បេតុង​៣៤​ខ្សែ​នៅ​ខេត្ត​ព្រះសីហនុ​មិនទាន់​អាចធ្វើ​បាន​នៅ ឡើយ​ទេ ដោយសារ​ភ្លៀង​នៅ​បន្ត​ធ្លាក់​ច្រើន​អ៊ុត​កៅស៊ូ​មិន​ជាប់ តែ​ការងារ​ជាច្រើន​ផ្នែក​ផ្សេងៗ​ទៀត​នៅលើ​ដងផ្លូវ​ទាំង​៣៦​ខ្សែ​ភាគច្រើន​បាន​រួច​និង​ជិត​រួចរាល់​ហើយ​។

​ផ្លូវ​ទាំង​៣៤​ខ្សែ​នេះ នៅក្នុង​គម្រោង​ចាក់ បេតុង​កម្រាស់​០.២៥​ម៉ែត្រ​និង អ៊ុត​បេ​ទី​ម បន្ថែម​ពីលើ​កម្រាស់​០.០៧ ម៉ែត្រ​។​

​តាម​របាយ​ការ​នៃ​ការស្ថាបនា​ផ្លូវ​៣៤​ខ្សែ នៅ​ខេត្ត​ព្រះសីហនុ​គិត ត្រឹម​ថ្ងៃទី​២២​ខែ តុលា​ឆ្នាំ​២០២០​សម្រេចបាន​លទ្ធផល​ដូច ជាការ​ងារ​ចាក់​បេតុង​ផ្លូវ​សម្រេចបាន​១០០​ភាគរយ​, ការងារ​ដាក់លូ​តាមផ្លូវ​សម្រេចបាន​១០០​ភាគរយ​, ការងារ​រៀបចំ​ប្រព័ន្ធ​លូ​រណប​សម្រេចបាន ៣៧,៦៧ ភាគរយ​, ការងារ​រៀប​ខឿន​ក្រា​នី​ត សម្រេចបាន ៨៨,៤៨​ភាគរយ​, ការងារ​រៀបចំ​កម្រាល​ក្រា​នី​ត​សម្រេចបាន ៥៨,២១​ភាគរយ​, ការងារ​ដំឡើង​បង្គោល​ភ្លើង​តាម​ដងផ្លូវ​សម្រេចបាន ៩២,៤៩​ភាគរយ ,​ការងារ​បំពាក់​អំពូល​ភ្លើង​តាម​ដងផ្លូវ​សម្រេចបាន ៨១,៥២​ភាគរយ​, ការងារ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​សម្រេចបាន​១៥​ភាគរយ​, ការងារ​តម្លឹង​ភ្លើងស្តុប​ចរាចរណ៍​សម្រេច បាន​៤៥​ភាគរយ​, ការងារ​ដាំ​ដើមឈើ​និង​ផ្កាក្រដាស​សម្រេចបាន ៥១,៨២​ភាគរយ​។​

​រំលឹក​ឱ្យដឹងថា​ផ្លូវ​ចំនួន​៣៤​ខ្សែ​ដែល​កំពុង​បន្ត​សាងសង់​នៅក្នុង​ខេត្ត​ព្រះសីហនុ មាន​ប្រវែង សរុប​ជាង​៨០​គីឡូម៉ែត្រ ធ្វើការ​សាងសង់​ដោយ​ក្រុមហ៊ុន​ចំនួន ៨ រួមមាន​ក្រុម​ហេង​សម្បត្តិ​ក្រុមហ៊ុន SCE ក្រុមហ៊ុន​សាជីវកម្ម​ពិស្ណុការ​អន្តរជាតិ ក្រុមហ៊ុន​K.B.H Construction Co.,LTD ក្រុមហ៊ុន VT Engineering Construction ក្រុមហ៊ុន​រ៉ូ យ៉ា​ល​មេគង្គ​ខ​ស្ត្រា​ក់សិន & ឌី​វើ​ឡុ​ប​មែន កងវិស្វកម្ម​សម្តេច​តេ​ជោ​ហ៊ុនសែន សៀម រាប​និង​កងវិស្វកម្ម​លេខ​១៧៨​ស្ពាន ថ្នល់ នៃ​ក្រសួងការពារជាតិ​។​

​គម្រោង​ខាងលើនេះ​បាន​បើក​ការដ្ឋាន​ជា​ផ្លូវការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច អ​គ្ក​មហា​សេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៦​ខែ វិច្ឆិកា​ឆ្នាំ​២០១៩ ជា​គម្រោង​លើកឡើង​ដោយ គណៈកម្មាធិការ ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដែលមាន លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​ប្រធាន​តាំងពី​ឆ្នាំ​២០១៨៕