Home ព័ត៌មានជាតិ នយោបាយ សម្តេច​ប្រធាន...

សម្តេច​ប្រធាន​កាកបាទក្រហម ចូលរួម​ចែករំលែក​ការលំបាក និង​មរណទុក្ខ​ជាមួយ​ក្រុមគ្រួសារ​អ្នកស្លាប់ និង​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​

ដោយ​: សុផល / ភ្នំពេញ​: សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​គណៈប្រតិភូ រួមជាមួយ​សប្បុរស​ជាច្រើនរូប នៅ​ព្រឹក​ទី​២៥ ខែតុលា​ឆ្នាំ​២០២០​បាន​បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​និង​ចែក​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​១.២៥០​គ្រួសារ​រស់នៅក្នុង​សង្កាត់​ចំនួន​៦(​ក្នុងចំណោម​សង្កាត់​ទាំង ៨) នៃ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

​ក្នុងឱកាស​នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ពាំនាំ​ព្រះរាជបន្ទូល​របស់​ព្រះករុណា ព្រះមហាក្សត្រ និង សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​ទាំង​ទ្វេ​តែងតែមាន​ព្រះរាជហឫទ័យ​យកចិត្តទុកដាក់ និង​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជានុរាស្ត្រ​គ្រប់ពេលវេលា​។

​ទន្ទឹមនឹងនេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​សម្តែង​នូវ​មនោសញ្ចេតនា​អាណិតអាសូរ​ចែករំលែក​នូវ​ការលំបាក ការសោកស្តាយ​យ៉ាង​ក្រៃលែង និង​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​ក្រុមគ្រួសារ​អ្នកស្លាប់ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បានទទួល​រងគ្រោះ​ដោយ​ទឹកជំនន់ ដែលជា​គ្រោះធម្មជាតិ​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​។ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​គូសបញ្ជាក់​បន្ថែមថា សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ផ្ទាល់ រួមជាមួយ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់ និង​មិន​ទុក​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចោល​ឡើយ​។​

​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សប្បុរសជន​ទាំងអស់ ទាំង​ជាតិ​-​អន្ដរជាតិ ដែល​បាន​ចូលរួម​ឧបត្ថម្ភ ថវិកា សម្ភារ និង​គ្រឿងឧបភោគ​-​បរិភោគ ជូន​ដល់​កាកបាទក្រហមកម្ពុជា ទាំង​ទីស្នាក់ការ​កណ្តាល ទាំង​នៅតាម​សាខា ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ទូទាំង​រាជធានី​-​ខេត្ដ​ចំនួន​១៩ ដែល​រង​ផលប៉ះពាល់​។

​ដោយ​យល់ថា មាន​សារៈសំខាន់​និង​ចាំបាច់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​បន្ត​ផ្តាំផ្ញើ​នូវ​សារ​អំពាវនាវ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ទូទាំងប្រទេស​បង្កើន​ការថែទាំ​ឱ្យបាន​ល្អ និង ប្រុងប្រយ័ត្ន​ពី​គ្រោះថ្នាក់ ជាពិសេស កូនតូចៗ និង​ចាស់ជរា​។ ប្រុងប្រយ័ត្ន​ពីស​ត្វ​អាសិរពិស​គ្រប់​ប្រភេទ​និង គិតគូរ​ពី​សុខភាព និង​ការរក្សា​អនាម័យ​ព្រមទាំង​បន្ត បន្ត​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។​

​លោក ខួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​ឱ្យដឹងថា​៖​ក្នុង​រាជធានី​ភ្នំពេញ​មាន​ខណ្ឌ​៤ លើ​ខណ្ឌ​១៤ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុងនោះ​មានផ្ទះ​ចំនួន ១០.៨៨៣​ខ្នង រង​ផលប៉ះពាល់ និង​មាន​អ្នករងគ្រោះ​សរុប​ចំនួន ១០.៨២៥​គ្រួសារ​។ ខណ្ឌ​រងគ្រោះ​ទាំង​៤ មាន​ខណ្ឌដង្កោ​៥.៥៨៧​គ្រួសារ ខណ្ឌ​ពោធិ៍​សែន​ជ័យ​៣.១៨១​គ្រួសារ​ខណ្ឌ​ច្បារអំពៅ ១.៦៧២​គ្រួសារ និង​ខណ្ឌ​កំបូល ៣៨៥​គ្រួសារ​។​

​សូមបញ្ជាក់ថា គ្រួសារ​រងគ្រោះ​នីមួយៗ​ទទួលបាន ៖ អង្ករ ៣០​គីឡូក្រាម មី ១​កេស ត្រីខ ១០​កំប៉ុង ទឹកត្រី ៦​ដប ទឹក​សុទ្ធ​អរុណា ១​កេស ឃី​ត ១​កញ្ចប់ (​មុង​១ ភួយ​១ សារុង​១ ក្រមា​១ អាវយឺត​២) នំប៉័ង​ផ្អែម​១​នំ និង​ទឹកបរិសុទ្ធ ១​ដប​៕Ph/​ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular