រថយន្ត​ដឹក​ទឹកកក​អនាម័យ សង្ស័យ​ស្រវឹង​បើក​បុក​បង្គោល​ភ្លើង រងរបួស​ធ្ងន់​ម្នាក់​

1291
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្ត​កូរ៉េ​ឃ្លប់​ដឹក​ទឹកកក​អនាម័យ​មួយគ្រឿង សង្ស័យ​អ្នកបើកបរ​ស្រវឹង រេ​ចង្កូត​ទៅបុក​បង្គោល​ភ្លើង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ គៀប​ជាប់​ក្នុង​កាប៊ីន​រថយន្ត កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រលប់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៨ តាម​ផ្លូវលំ កែង​ផ្លូវជាតិ​លេខ​៣ ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ​។

​ជនរងគ្រោះ ក្រោយពី​ស្រាវជ្រាវ ស្វែងរក​សាច់ញាតិ ទើប​ស្គាល់ឈ្មោះ ស្រិ ដា​រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ ដឹក​ទឹកកក​លក់ មាន​ប្រពន្ធ​ឈ្មោះ សុ​ភ័​ក្រ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​មណ្ឌល​៦ បុរី​សន្តិភាព​២ ភូម​៨​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​រថយន្ត​ជួប​គ្រោះថ្នាក់​ខាងលើ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ឃ្លប់ ពាក់​ស្លាក​លេខ ភ្នំពេញ 1O 9130 ដឹក​ទឹកកក​អនាម័យ​។​

​តាម​ពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ រថយន្ត​ខាងលើ​គេ​ឃើញ​បើក​តាម​ផ្លូវលំ ពី​លិចទៅ​កើត​សំដៅ​ឡើង​ផ្លូវជាតិ​លេខ​៣ ស្រាប់តែ​ដល់​ចំណុច​ខាងលើ រេ​ចង្កូត​ទៅ​មាត់​ប្រឡាយ ជ្រុល​ទៅបុក​បង្គោល​ភ្លើង រង​ការ​ខូ​ត​ច​ឭ​ខាត ដាច់​កាឡេ រថយន្ត​ខ្ទេច បែក​កញ្ចក់​មុខ អ្នកបើកបរ​បោក​ផ្ទប់​ដៃចង្កូត បែកក្បាល​រងរបួស​ធ្ងន់ ចំណែក​បង្គោល​ភ្លើង​វិញ ពុំមាន​ខូចខាត​ឡើយ​។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​។ រីឯ​រថយន្ត ក្រោយពី​សមត្ថកិច្ច​ចុះទៅពិនិត្យ​រួច មិនមាន​បង្ក​ឲ្យ​ខូចខាត​បង្គោល​ភ្លើង ហើយក៏​មិន​ប៉ះពាល់​ដល់​អ្នកដទៃ ពោល​រងគ្រោះ​តែ​ខ្លួនឯង ទើប​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ រក​រថយន្តស្ទូច​មក​លើក​អូស​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕ ល​