វាសនា៖ អនុប្រធានាធិបតី ម៉ៃ ផេនស៍ មានផែនការរក្សាការធ្វើយុទ្ធនាការរកសម្លេងឆ្នោតតាមកាលវិភាគនៅសប្តាហ៍នេះទោះជាលោកបានទាក់ទងជាមួយជំនួយការរបស់លោកម្នាក់ដែលបានធ្វើតេស្តិ៍ឃើញកូវីដ១៩, នេះបើតាមការប្រកាសរបស់សេតវិមានកាលពីថ្ងៃសៅរ៍។
ការិយាល័យរបស់លោកបាននិយាយថា លោកផេនស៍ខ្លួនលោកបានពិនិត្យសុខភាពនិងមិនមានកូវីដ១៩ទេ ។
លោកផេនស៍ បានទាក់ទងជិតស្និទ្ធប្រធានបុគ្គលិកលោក ម៉ាក សត ដែលបានឆ្លងកូវីដ១៩ តែលោកមិនបានដាក់ខ្លួននៅដាច់ពីគេទេនិងប្តេជ្ញាធ្វើដំណើរចេញឃោសនាតាមកាលកំណត់ ដោយសារតែគោលការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺអាម៉េរិកតំរូវអោយពេទ្យតាមដាននិងតំរូវអោយពាក់ម៉ាស់មុខចំពោះនរណាដែលបានទាក់ទងជាមួយអ្នកឆ្លងកូវីដ១៩។
ផេនស៍ និងភរិយា បានពិនិត្យសុខភាពកាលពីថ្ងៃសៅរ៍ តែមិនបានរកឃើញវីរុសកូរ៉ូណាទេ និងពួកលោកនៅមានសុខភាពល្អ
បន្ទាប់ពីការធ្វើយុទ្ធនាការនៅរដ្ឋផ្លរីដាកាលពីថ្ងៃសៅរ៍ លោកផេនស៍ ត្រូវបានគេឃើញពាក់ម៉ាស់មុខក្នុងពេលលោកវិលមកកាន់ទីក្រុងវ៉ាស៊ីនតោនតាមយន្តហោះក្រោយលេចឮព័ត៌មានថាលោកសតឆ្លងកូវីដ។
សូមបញ្ជាក់ថា ជំងឺឆ្លងកូវីដ១៩បន្តរីករាលដាលនៅពាសពេញពិភពលោក ដោយឥឡូវអ្នកឆ្លងឡើងដល់ប្រមាណ៤២.៥០០.០០០នាក់នៅទូទាំងពិភពលោកក្នុងនេះ អាម៉េរិកមានអ្នកឆ្លងខ្ពស់ជាងគេគឺ ជាង៨,៥លាននាក់ និង២២៤.០០០នាក់ស្លាប់។ឥណ្ឌា ឈរនៅចំណាត់ថ្នាក់ទី២ មានអ្នកឆ្លងសរុបប្រមាណ៧,៨លាននាក់ និង១១៨.០០០នាក់ស្លាប់ ហើយប្រេស៊ីលនៅចំណាត់ថ្នាក់ទី៣ ជាមួយនឹងអ្នកឆ្លង៥,៣លាននាក់និង១៥៧.០០០នាក់បានស្លាប់។
ការឆ្លងនៅរលកទី២កំពុងវាយប្រហារប្រទេសជាច្រើន ដោយបង្ខំអោយប្រទេសទាំងនោះធ្វើការរឹតត្បិតប្រឆាំងកូវីដ១៩ជាថ្មី រួមមានការពាក់ម៉ាស់មុខតំរូវដោយច្បាប់ គម្លាតសង្គម ចត្តាឡីស័ក បំរាមការធ្វើដំណើរ បំរាមគោចរ…។ល។ទោះជាយ៉ាងណា ចំណាត់ការរបស់រដ្ឋាភិបាលដើម្បីទប់ទល់នឹងការឆ្លងកូវីដ១៩នេះបានបង្កការតវ៉ាប្រឆាំងនៅប្រទេសជាច្រើន ជាពិសេសនៅអឺរ៉ុប៕