
ដោយៈសរិទ្ធ/ភ្នំពេញៈលោកសុកកែវបណ្ឌិតព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៥ខែតុលាឆ្នាំ២០២០បានសម្រេចចោទប្រកាន់មនុស្សបីនាក់ដែលបានដឹកនាំមនុស្សមួយក្រុមធ្វើបាតុកម្មខុសច្បាប់នៅមុខស្ថានទូតចិនប្រចាំកម្ពុជានិងគូកនមួយចំនួនទៀតដែលនៅក្រៅប្រទេសពីបទញុះញង់ឪ្យមានសភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ បន្ទាប់ពីចោទប្រកាន់រួចហើយសំណុំរឿងនេះបានត្រូវបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី។ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជូនមនុស្ស៣នាក់នេះទៅតុលាការនៅរសៀលថ្ងៃទី២៤ ខែតុលា។ មនុស្សទាំងបីនាក់នេះមានៈ ១. ឈ្មោះ តុង និមល ភេទប្រុស រស់នៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ២. ឈ្មោះ លឹម សាន ភេទស្រី នៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ៣. ឈ្មោះ យ៉យ ស្រីមុំ នៅឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល។
គួររំលឹកថាអាជ្ញាធរមានសមត្ថកិច្ចបានធ្វើការអនុវត្តវិធានការរដ្ឋបាលលើមនុស្សមួយក្រុមប្រមាណជាង ១០នាក់ ដែលមកធ្វើបាតុកម្មនៅមុខស្ថានទូតចិនប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ ខែតុលា បន្ទាប់ពីពួកគេបានធ្វើការស្រែកតវ៉ាបង្កភាពអានាធិបតេយ្យនៅទីនោះ។ក្រុមអ្នកតវ៉ាបានស្រែកប្រឆាំងនឹងវត្តមានទាហានចិននៅក្នុងប្រទេសកម្ពុជាដោយឃាត់ខ្លួនមនុស្សចំនួនបីនាក់ក្នុងនោះស្ត្រីពីរនាក់ និងបុរសម្នាក់ នាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដើម្បីធ្វើការសាកសួរអំពីដំណើររឿងពួកគេបានមកស្រែកតវ៉ាមុខស្ថានទូតចិនដោយគ្មានការជូនដំណឹងឬគ្មានការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ។ បន្ទាប់ពីសសាកសួររួច មនុស្សទាំងបីនាក់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី៕srn
