វាសនា៖ អាហ្វហ្គានីស្ថានបានអះអាងកាលពីថ្ងៃអាទិត្យថា ខ្លួនបានសម្លាប់ឃោសនិកកំពូលរបស់ក្រុមអាល់ កៃដាដែលស្ថិតក្នុងបញ្ជីតាមរកចាប់ខ្លួនរបស់ការិយាល័យស៊ើបការណ៍សហព័ន្ធអាម៉េរិក(FBI)ក្នុងអំឡុងប្រតិបត្តិការមួយនៅភាគខាងកើតប្រទេស។
ការសម្លាប់នេះបង្ហាញថា ក្រុមសកម្មប្រយុទ្ធនេះមានវត្តមាននៅទីនោះចំពេលកងកម្លាំងអាម៉េរិកត្រៀមដកចេញពីសង្គ្រាមដ៏យូរបំផុតរបស់ខ្លួន និងចំពេលការបង្ហូរឈាមនៅតែបន្ត។
ការស្លាប់របស់ ហ៊ូសាម អាប់ អាល់-រ៉ាអ៊ូហ្វ ដែលគេស្គាល់ថា អាប៊ូ មូស៊ីន អាល់ម៉ាស្រ៊ី កើតឡើងក្រោយកើតមានអំពើហិង្សាជាបន្តបន្ទាប់ រួមមានការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃសៅរ៍នៅក្រុងកាប៊ុលដែលបានសម្លាប់មនុស្ស២៤នាក់។
ក្នុងពេលជាមួយគ្នា កងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានបន្តប្រយុទ្ធទល់នឹងពួកសកម្មប្រយុទ្ធតាលីបង់ ទោះជាតំណាងរបស់ពួកគេបានជួបពិភាក្សាគ្នានៅប្រទេសកាតាដើម្បីស្វែងរកកិច្ចព្រមព្រៀងសន្តិភាពមួយក្តី។
អំពើហិង្សានិងការសម្លាប់អាល់-រ៉ាអ៊ូហ្វ គំរាមកិច្ចពិភាក្សាស្វែងរកសន្តិភាពនិងក៏ប្រឈមការរុញប្រទេសនេះអោយធ្លាក់ចូលក្នុងអស្ថិរភាពថែមទៀត។
ព័ត៌មានលម្អិតអំពីការឆ្មក់វាយប្រហារដែលនាំដល់ការសម្លាប់អាល់-រ៉ាអ៊ូហ្វនៅមិនច្បាស់ នៅប៉ុន្មានម៉ោងក្រោយសេវាស៊ើបការណ៍ជាតិអាហ្វហ្គានីស្ថាន បានអះអាងតាមទ្វីតធឺថា កងកម្លាំងអាហ្វហ្គានីស្ថានបានសម្លាប់ជននេះនៅក្នុងខេត្ត ហ្កាសនី។ ចំណែកក្រុមអាល់ កៃដា មិនទាន់បានទទួលស្គាល់ការស្លាប់របស់អាល់-រ៉ាអ៊ូហ្វនៅឡើយដែរ។
FBI យោធាអាម៉េរិក និងអង្គការណាតូ ក៏មិនបានឆ្លើយតបនឹងសំណួរដើម្បីបញ្ជាក់ការស្លាប់នេះភ្លាមៗដែរ។
តែបើមានមន្ត្រីរដ្ឋាភិបាល២នាក់ កងកម្លាំងអាហ្វហ្គានីស្ថានបានឆ្មក់វាយប្រហារកាលពីសប្តាហ៍មុននៅភូមិ គុនសាហ្វ ក្នុងខេត្តហ្កាសនី ចម្ងាយប្រមាណ១៥០គីឡូម៉ែត្រពីទីក្រុងកាប៊ុល។កងកម្លាំងពិសេសអាហ្វហ្គានីស្ថានបានឆ្មក់ចូលវាយប្រហារភូមិដែលនៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់នេះក្រោមការចង្អុលបង្ហាញពីសេវាស៊ើបការណ៍ជាតិ។ពួកគេបានវាយប្រហារលើផ្ទះមួយនិងបានសម្លាប់ពួកសកម្មប្រយុទ្ធជាច្រើននាក់ រួមមានហ៊ូសាម អាប់ អាល់-រ៉ាអ៊ូហ្វ ៕

រូបបញ្ចេញដោយFBIបង្ហាញជនត្រូវការចាប់ខ្លួន គឺឃោនិករបស់អាល់កៃដា ឈ្មោះហ៊ូសាម អាប់ អាល់-រ៉ាអ៊ូហ្វ